ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​គាំទ្រ​លើ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់​ដោយ​លើកឡើងថា គម្រោង​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ដ៏​មហិមា សម្រាប់​សេដ្ឋកិច្ចជាតិ និង​មិន​ធ្វើឱ្យមាន​ផល​អវិជ្ជមាន​លើ​ផ្នែក​បច្ចេកទេស បរិស្ថាន និង​ច្បាប់​មេគង្គ​ឆ្នាំ ​១៩៩៥​ ឡើយ​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កាលពី​ថ្ងៃទី ​១៨​ មេសា​។​

​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ស្តីពី​វឌ្ឍនភាព​នៃ​ការសិក្សា​សមិទ្ធ​លទ្ធភាព​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេ​បា​សាក់ ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន CRBC ក្រុមហ៊ុន CCCC Water Transport Consultant ដែលជា​ក្រុមហ៊ុន​អនុវត្ត​ការសិក្សា និង​មន្ត្រី​ជំនាញ​បច្ចេកទេស អន្តរក្រសួង​ជាច្រើនរូប​។​

​ក្រសួង​សាធារណការ​បញ្ជាក់ថា​៖ «​លទ្ធផល​នៃ​ការសិក្សា​សមិទ្ធ​លទ្ធភាព​អស់​រយៈពេល ២​ ឆ្នាំ យ៉ាង​ល្អិតល្អន់ និង​គ្រប់​ជ្រុង​ជ្រោយ​នេះ​បានបង្ហាញ​ឱ្យឃើញថា គម្រោង​ផ្លូវ​នាវាចរណ៍​នេះ​នឹងមិន​បណ្តាលឱ្យមាន​ផល​ប៉ះ​​ពាល់​ជា​អវិជ្ជមាន​នោះឡើយ ទាំង​ផ្នែក​បច្ចេកទេស បរិស្ថាន អេកូ​ឡូ​ស៊ី និង​ច្បាប់​មេគង្គ​ឆ្នាំ ​១៩៩៥»​។

​អ្វីដែល​ជាការ​កត់សម្គាល់ គម្រោង​នេះ​ត្រូវបាន​អ្នកជំនាញ​ព្យាករ​ថា នឹង​ផ្តល់​ផលចំណេញ​ធំធេង​សម្រាប់​ការអភិវឌ្ឍ និង​ធ្វើឱ្យមាន​ភាព​រីកចម្រើន​ដល់​សេដ្ឋកិច្ចជាតិ ជាពិសេស​ចំពោះ អត្រា​ចំណេញ​ត្រឡប់មកវិញ​ផ្នែក​សេដ្ឋកិច្ច (Economic Internal Rate of Return EIRR) ក្នុង​កម្រិត​មួយ​ខ្ពស់ជាង​លើសពី​អត្រា​មធ្យម​កំណត់ដោយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​។

​នៅក្នុង​កិច្ចប្រជុំ​នោះ លោក ស៊ុន ចាន់ថុល បានធ្វើការ​វាយ​​តម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ក្រុមការងារ​ដែល​បាន​យកចិត្ត​ទុកដាក់​ក្នុងការ​សិក្សា​គម្រោង​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ ឱ្យបាន​ចេញ​ជា​រូបរាង និង​គ្របដណ្តប់​គ្រប់​ទិដ្ឋភាព​សំខាន់ៗ​ទាំងអស់​។​

​លោក​មានប្រសាសន៍ថា​៖ «​ក្រុមការងារ​ត្រូវ​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​របាយការណ៍​សិក្សា​នេះ និង​ត្រូវ​រៀបចំ​របាយការណ៍​អំពី​លទ្ធ​ផល​នៃ​កិច្ចប្រជុំ​នេះ​ដើម្បី​ជម្រាបជូន​សម្តេច​តេ​ជោ និង​ធ្វើ​របាយ​​ការណ៍​នៃ​ការសិក្សា​នេះ ជូនទៅ​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យ និង​អនុម័ត​ផងដែរ​»​។​

​ជាមួយគ្នា​នោះ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះដែរ​បានលើកឡើង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា ប្រសិនបើ​គម្រោង​នេះ​កើតឡើង វា​ជា​គម្រោង​ប្រវត្តិ​សាស្ត្រ​លើក​ទី ១ ​របស់​កម្ពុជា​ក្នុង​វិស័យ​ផ្លូវទឹក​។

លោក​បញ្ជាក់ថា​៖ «​វា​ជា​វិស័យ​ផ្លូវទឹក ដែល​បាន​បង្កើតជា​ប្រព័ន្ធ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ថ្មី ត​ភ្ជាប់​រវាង​ប្រព័ន្ធ​ទន្លេ​​មេគង្គ ទន្លេសាប ទន្លេបាសាក់ និង​ផ្លូវ​សមុទ្រ​របស់​កម្ពុជា ធ្វើឱ្យ​ចម្ងាយ​ដឹកជញ្ជូន​ជិត​ជាង​ផ្លូវទឹក​បច្ចុប្បន្ន កាត់បន្ថយ​ភាព​ស្មុគ​ស្មាញ​នៃ​តម្រូវការ​ឯកសារ​ឆ្លង​កាត់ និង​កាត់បន្ថយ​ចំណាយ​មិនចាំបាច់​មួយចំនួន ដែល​ធ្វើឱ្យ​ថ្លៃដើម​ដឹកជញ្ជូន​ទំនិញ​ទាប​ជាង​មុន​»​។​

​ទាក់ទង​នឹង​គម្រោង​នេះដែរ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក គី សេរី​វឌ្ឍន៍ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៩ ខែ​មេសា​ថា ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​តាម​បណ្តោយ​ទន្លេបាសាក់ រហូតមក​ទល់នឹង​បច្ចុប្បន្ននេះ កម្ពុជា​បាន​ពឹងផ្អែក​លើផ្លូវ​ទឹក​របស់​ប្រទេស​វៀតណាម​ដោយ​នាវា​មក​ដឹកជញ្ជូន​ផ្សេងៗ ត្រូវ​ឆ្លងកាត់​ប្រទេស​នេះ​។

លោក​បញ្ជាក់ថា​៖ «​ប៉ុន្តែ នៅពេលដែល​កម្ពុជា​រៀបចំ​ឱ្យមាន​ផ្លូវទឹក​មកពី​សមុទ្រ ឆ្ពោះ​មកកាន់​ទន្លេបាសាក់​នេះ នឹង​ធ្វើឱ្យ​កម្ពុជា​មានអំណាច​សេដ្ឋកិច្ច​ដែល​គម្រោង​នេះ​ត្រូវ​ធ្វើជា​ចាំបាច់​»៕