ភ្នំពេញៈ ការនាំចេញ​ជ័រ​កៅ​ស៊ូ និង​ឈើ​កៅស៊ូ ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​រយៈពេល​៣​ខែ​ដំបូង​ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​សរុប​ជាង ៨៩,៥៥​ លាន​ដុល្លារ ថយចុះ​ជិត ១០ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ ​២០២២ ខណៈ​មន្ត្រី​ជំនាញ​ប្រាប់ថា តម្លៃ​កៅស៊ូ​នៅ​កម្ពុជា​គឺ​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើ​ទីផ្សារ​អន្តរជាតិ​។​

​របាយការណ៍​អគ្គនាយកដ្ឋាន​កៅស៊ូ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពី​ថ្ងៃទី ​១៩ ខែមេសា ឱ្យដឹងថា ក្នុង​ត្រីមាស​ទី ​១ ឆ្នាំ ២០២៣ កម្ពុជា​ប្រមូលប្រាក់​បាន ៨៩ ៥៥៦ ១០០​ ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ ដោយ​ក្នុងនោះ​ការនាំ​ជ័រកៅស៊ូ​ចេញ​មាន​បរិមាណ​ ៦៥ ៩២១​តោន កើនឡើង ៤ ១៨២​ តោន ​(​ស្មើ ៦,៨ ភាគរយ​)​ បើ​ធៀប​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២២ ដែលមាន​ទឹកប្រាក់ ៨៩ ០៧៥ ៨៣៩​ ដុល្លារ និង​ការនាំចេញ​ឈើ​កៅស៊ូ បាន ៤៨០ ២៦១​ ដុល្លារ ​(២ ៣០៦​ ម៉ែត្រគុប​)​។​

​របាយការណ៍​ឱ្យដឹងទៀតថា ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ ជ័រកៅស៊ូ​មានតម្លៃ​ជា​មធ្យម ១៣៥១ ​ដុល្លារ​ក្នុង ១ ​តោន ថយចុះ ២៤៣​ដុល្លារ ឬ​ស្មើនឹង ១៥​ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ លោក ហ៊ឹម អូន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៩ ខែមេសា​ថា ដោយសារ​ទីផ្សារ​កៅស៊ូ​កម្ពុជា​ពឹងផ្អែក​ស្ទើរ​ទាំង​ស្រុង​លើ​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ដូច្នេះ​បើ​ទីផ្សារ​អន្តរ​ជាតិ​មាន​ស្ថានភាព​មិនល្អ វា​ក៏​ធ្វើឱ្យ​តម្រូវការ និង​តម្លៃ​ធ្លាក់ចុះ​ដែរ​។ ជាក់ស្តែង​ភាពមិនប្រាកដ​ប្រជា​នៃ​កំណើនសេដ្ឋកិច្ច​ពិភព​លោក​នាពេលនេះ គឺ​បានធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ជ័រកៅស៊ូ​មិនមាន​ច្រើន​ដូច​នៅពេល​មុន​ឡើយ​។ លោក​បាន​បន្តទៀតថា ការធ្លាក់ចុះ​តម្លៃ​កៅស៊ូ ១ ​រយៈ​នេះ គឺ​ដោយសារតែ​កត្តា​មួយចំនួន​ដូចជា កម្ពុជា​ពឹងផ្អែក​លើ​ទីផ្សារ​នាំចេញ​ដែល​កំពុងមាន​និន្នាការ​ធ្លាក់ចុះ ​(​តម្រូវការ​តិចជាង​មុន​), ការដំឡើង​អត្រា​ការ​​ប្រាក់​របស់​អាមេរិក​ក្នុងន័យ​រឹត​បន្តឹង​ចរាចរណ៍​ប្រាក់​ដុល្លារ​, បញ្ហា​សង្គ្រាម​រុស្សី​-​អ៊ុយ​ក្រែ​ន ព្រម​ទាំង​បញ្ហា​មួយចំនួនទៀត​។​

​លោក​លើកឡើងថា​៖ «​ទោះ​​បី​ទឹកប្រាក់​នាំចេញ​កៅស៊ូ​របស់​កម្ពុជា​ពេលនេះ​ធ្លាក់ចុះ ប៉ុន្តែ​តាម​ការ​ព្យាករ​របស់​សមាគម​ផលិត​កៅស៊ូ​ធម្មជាតិ គឺ​តម្លៃ​កៅស៊ូ ក្នុង​ឆ្នាំ​ ២០២៣ នេះ​នឹងមិន​អាក្រក់​ខ្លាំង​ទេ​»​។​

​យោងតាម​លោក ហ៊ឹម អូន ដោយសារ​មិនសូវមាន​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក គឺ​ភាគច្រើន​ផល​ជ័រកៅស៊ូ​ដែល​ប្រមូលបាន​ត្រូវ​ឈ្មួញ​នាំយកទៅ​ប្រទេស​មួយចំនួន​ដូចជា វៀតណាម ចិន កូរ៉េ ម៉ាឡេស៊ី សិង្ហ​បុរី ជប៉ុន និង​សហគមន៍​អឺ​រុ​ប ជាដើម​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ស្ថានភាព​ការដាំដុះ និង​ពង្រីក​ផ្ទៃដី​ថ្មី​ដាំ​កៅស៊ូ​នៅ​កម្ពុជា គឺមាន​តិចតួច​បំផុត​។ នេះ​តាម​លោក ហ៊ឹម អូន​។

​ប្រធាន​ក្រុមហ៊ុន សុភ័ក្ត្រ​នី​កា ដែលជា​ក្រុមហ៊ុន​វិនិយោគ និង​នាំចេញ​ជ័រកៅស៊ូ លោក ម៉ែន សុភ័ក្ត្រ កាលពី​ចុងឆ្នាំ​ ២០២២​ធ្លាប់បាន​ឱ្យដឹងថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ការប្រឈមមុខ​ដាក់គ្នារ​វាង​ចិន​-​តៃវ៉ាន់ គឺជា​ហេតុផល​មួយ​ដែល​ធ្វើឱ្យ​តម្លៃ​ជ័រកៅស៊ូ​សកល​ធ្លាក់ចុះ ព្រោះ​ប៉ះពាល់​ដល់​តម្រូវការ​។​

​លោក​លើកឡើងថា​៖ «​កត្តាសេដ្ឋកិច្ច​សកល និង​ភូមិសាស្ត្រ​នយោបាយ​ដែល​បាន​បង្កឡើង​ដោយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ការប្រឈមមុខ​ដាក់គ្នារ​វាង​ចិន និង​តៃវ៉ាន់ ក៏​ជា​មូលហេតុ​ចម្បង​នៃ​ការធ្លាក់ចុះ​តម្រូវការ​កៅស៊ូ​ផងដែរ​។ យើង​ដឹង​ហើយ​ថា ទីផ្សារ​ប្រទេស​ចិន​តំណាងឱ្យ​ភាគច្រើន​នៃ​តម្រូវ​ការសរុប​របស់​ពិភពលោក និង​បញ្ហា​នៅ​អឺរ៉ុប​បានធ្វើឱ្យ​តម្រូវការ​ធ្លាក់​ចុះ​ផងដែរ​»​។​

​យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ គិត​ត្រឹម​ចុងឆ្នាំ​ ២០២២ នៅ​កម្ពុ​ជាមាន​ផ្ទៃដី​កៅស៊ូ​សរុប ៤០៤ ៥៧៨ ​ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ មាន​ចំនួន ៣១៥ ៣៣២ ​ហិកតា ស្មើ ៧៨​ ភាគ​​រយ និង​ផ្ទៃដី​ថែទាំ​ចំនួន ៨៩ ២៤៦​ ហិកតា ស្មើនឹង ២២​ ភាគ​​រយ​។ ក្នុង​ឆ្នាំ ២០២២ ទឹកប្រាក់​បាន​ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ មាន​សរុប ៥៣១ ៨៦៣ ៨៤២ ​ដុល្លារ ក្នុងនោះ​ជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩​ ដុល្លារ និង​ឈើ​កៅស៊ូ ៤ ០៨៩ ២៧៣​ ដុល្លារ​៕