​ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន ក្នុង​ត្រីមាស​ទី ​១ ឆ្នាំ ​២០២៣ មាន​ទឹកប្រាក់​ជិត ៣២៩​ លាន​ដុល្លារ កើន​ជាង ២​ ភាគរយ​បើ​ធៀប​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២២ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រេចបាន​ជាង ២,៨៦ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្ន​​ន័យ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​តារាង​ស្ថិតិ​ជញ្ជីង​ពាណិជ្ជ​កម្ម​ទំនិញ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​ ២០២៣ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​មាន​ទឹកប្រាក់​សរុប ៣២៨,៦៤៦​ លាន​ដុល្លារ កើន ២,១ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​ដែលមាន​ ៣២១,៧៨៧​ លាន​ដុល្លារ​។ ទន្ទឹមនឹងនោះ ទំនិញ​ដែល​នាំ​មកពី​ប្រទេស​ចិន​មាន​ទឹកប្រាក់​រហូតដល់ ​២ ៥៣៣,៧៧​ លាន​ដុល្លារ ធ្លាក់ចុះ​ ០,៧​ ភាគរយ​ពី​ចំនួន ២ ៥៥១,៦៤៤​ លាន​ដុល្លារ​។​

​សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ត្រី​មាស​ទី ​១ ឆ្នាំ​ ២០២៣ មាន​ចំនួន​សរុប ២ ៨៦២,៤១៥ ​លាន​ដុល្លារ ធ្លាក់ចុះ ០,៤ ​ភាគរយ​ពី​ចំនួន ២ ៨៧៣,៤៣១​លាន​ដុល្លារ​។ ទឹកប្រាក់​ពាណិជ្ជកម្ម​ទ្វេ​​ភាគី​កម្ពុជា​-​ចិន គឺ​ស្មើ ២៥,៤៣៨ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ ដែលមាន​ចំនួន ១១ ២៥២,១៤៤ ​លាន​ដុល្លារ​។​

​ដោយឡែក​ក្នុង​ខែមីនា ឆ្នាំ​ ២០២៣ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មានតម្លៃ​សរុប ១ ១៥៧,១១៩ លាន​ដុ​ល្លារ ​(​កម្ពុជា​នាំទៅ​ចិន ១៣០,៥៨៣ ​លាន​ដុល្លារ កើន ១៦,៤ ​ភាគរយ និង​ចិន​នាំមក​កម្ពុជា ១ ០២៦,៥៣៦​ លាន​ដុល្លារ​កើន ៣៦,៤ ​ភាគរយ​) កើនឡើង ៣៣,៧៧៦​ ភាគរយ​ធៀប​ខែមីនា ឆ្នាំ ២០២២ ដែលមាន​ចំនួន ៨៦៤,៩៦២ ​លាន​ដុល្លារ ហើយ​បើ​ធៀប​នឹង​ខែកុម្ភៈ ឆ្នាំ ​២០២៣ គឺ​កើន ៥៧,៩៥៥ ​ភាគ​​រយ​ពី ៧៣២,៥៦១​ លាន​ដុល្លារ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៩ ខែមេសា ថា វិបត្តិ​សេដ្ឋកិច្ច​សង្គម​នៅ​គ្រប់​ប្រទេស​ទាំង​អស់​ដែល​កើតមាន​តាំងពី​ការ​លេច​ឡើង​ជំងឺ​កូ​វីដ​១៩ (​ចុងឆ្នាំ​ ២០១៩) បានធ្វើឱ្យ​ស្ថានភាព​នៃ​ការធ្វើ​ពាណិជ្ជ​​កម្ម​ជា​អន្តរជាតិ​រង​ផលប៉ះពាល់​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ នេះ ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ជាមួយ​ប្រទេស​ភាគច្រើន​បាន​ធ្លាក់ចុះ ដោយ​រួមទាំង​ប្រទេស​ចិន​ផងដែរ​។

​លោក​បាន​បន្តថា ទោះយ៉ាងណា​សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន នា​រយៈពេល​ចុង​ក្រោយនេះ គឺ​ចាប់ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​បណ្តើរៗ​ហើយ បន្ទាប់ពី​ប្រទេស​ចិន​បើក​ដំណើរការ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ​ពី​ការបិទ​ខ្ទប់​។

​ភាពល្អប្រសើរ​នៃ​កំណើន​ពាណិជ្ជកម្ម​នា​រយៈពេល​ចុងក្រោយ​នេះ ក៏​ដោយសារ​ប្រទេស​ទាំង ២ មាន​ទំនាក់ទំនង​ការទូត​ល្អជា​មួយ​គ្នា ខណៈ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន និង​កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​ (RCEP) ដែល​ប្រទេស​ទាំង ២ ជា​សមាជិក គឺ​សុទ្ធតែ​ចូល​ជា​ធរមាន​ទាំងអស់​។​

​លោក​អះអាងថា​៖ «​តាមរយៈ​ភាព​មមាញឹក​ជាង​មុន​នៃ​សកម្មភាព​ផ្លាស់​​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ ​នាពេល​ថ្មីៗ​នេះ ខ្ញុំ​ជឿថា ចាប់ពី​ត្រីមាស​ទី​ ២ នេះ​ទៅ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​នឹង​បន្ត​កើន​ឡើងជា​លំដាប់​។ បន្ថែម​ពីលើ​នេះ​វិវាទ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ធំៗ ក៏​ជា​ឱកាស​ដែល​កម្ពុជា​អាច​ទទួលបាន​រោងចក្រ​/​សហគ្រាស​កាន់តែច្រើន​ចូលមក​បើក​ដំណើរការ​ដោយផ្ទាល់​ផងដែរ​»​។​

​លោក​លើកឡើង​ទៀតថា បច្ចុប្បន្ន​ក្រៅពី​ទីផ្សារ​ប្រទេស​ចិន កម្ពុជា​ក៏មាន​ទីផ្សារ​ទទួល​ទិញ​ទំនិញ​ជាច្រើន ខណៈ​ប្រទេស​កម្ពុជា​ក៏មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូលទៅ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ផងដែរ​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ថា ប្រទេស​ចិន គឺជា​ប្រភព​ផ្គត់​​ផ្គង់​វត្ថុធាតុដើម​ដ៏​សំខាន់​ឱ្យ​កម្ពុជា​យកមក​ធ្វើជា​គ្រឿងផ្សំ ឬ​កែច្នៃ​ជា​ផលិត​ផល​សម្រេច​សម្រាប់​នាំចេញ​ទៅ​ដាក់លក់​លើ​ទីផ្សារ​អន្តរជាតិ​។ មូលហេតុ​ដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ការនាំ​ចូល​ពី​ចិន​ធ្លាក់ចុះ​ក្នុង​ត្រីមាស​ទី​១ គឺ​ដោយសារតែ​ការបញ្ជាទិញ​ពី​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ​។

​លោក​បាន​បន្តថា ទោះយ៉ាងណា​ស្ថានភាព​នេះ​បាននិងកំពុង​វិ​វត្ត​ទៅរក​សញ្ញា​វិជ្ជមាន​វិញ​ហើយ ខណៈ​ចាប់តាំងពី​ខែកុម្ភៈ​មក​រដ្ឋាភិបាល​ចិន​បានប្រកាស​បើក​ប្រទេស និង​អនុញ្ញាតឱ្យ​អ្នកទេសចរ និង​អ្នកវិនិយោគ​របស់ខ្លួន អាច​ចេញទៅ​ក្រៅប្រទេស​បាន​។​

​លោក​បន្តថា ដោយសារ​ប្រទេស​ចិន​នៅ​ជិត​កម្ពុជា ហើយ​កម្ពុជា​កំពុង​ផលិត​កសិផល​បាន​កាន់តែច្រើន​ដូច្នេះ​ចំនួន​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​ទៅ​ចិន នឹង​កើនឡើង​បន្ថែមទៀត​។​

​លោក​និយាយថា​៖ «​ខ្ញុំ​រំពឹងថា​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នឹងមាន​សញ្ញា​វិជ្ជមាន​កាន់តែខ្លាំង​ចាប់ពីពេលនេះ​តទៅ ពិសេស​ការកើនឡើង​នៃ​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​»​។​

​ទោះយ៉ាងណា ក្នុងនាម​អ្នកសេដ្ឋកិច្ច លោក វណ្ណៈ បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា​ត្រូវខិតខំ​ថែម​ទៀត​ក្នុងការ​កាត់បន្ថយ​ការនាំ​ចូល និង​ជំរុញ​ការនាំចេញ​ឱ្យបាន​កាន់តែច្រើន​ទៅ​ទីផ្សារ​អន្តរជាតិ​។​

​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​កម្ពុជា​-​ចិន មាន​ចំនួន​សរុប ១១ ៦៨៦,១៦៤​ លាន​ដុល្លារ​កើនឡើង ៤,៤​ ភាគរយ​ធៀប​ឆ្នាំ ២០២១ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ទីផ្សារ​ប្រទេស​ចិន ១ ២៤០,៦៣​ លាន​ដុល្លារ ថយចុះ ១៧,៩​ ភាគរយ និង​ទំនិញ​កម្ពុជា​នាំចូល​ពី​ចិន មាន ចំនួន ១០ ៤៤៥,៥៣៣​ លាន​ដុល្លារ កើន ៧,៩​ ភាគរយ​៕