​ភ្នំពេញៈ ធនាគារពាណិជ្ជ​ធំៗ​ចំនួន​តិចតួច​ប៉ុណ្ណោះ​បាន​គ្របដណ្តប់​ទ្រព្យសកម្ម​ស្ទើរតែ​ទាំងស្រុង​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា ខណៈ​អ្នកជំនាញ​មើលឃើញថា កត្តា​នេះ​មិន​ជះឥទ្ធិពល​អ​វិ​ជ្ជ​​មាន​ទៅដល់​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឡើយ​។​

​របាយការណ៍​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ដែល​ចេញផ្សាយ​កាលពី​ចុង​ត្រីមាស​ទី​ ១ ឆ្នាំ ២០២៣ ឱ្យដឹងថា នៅក្នុង​ឆ្នាំ ​២០២២ ធនាគារពាណិជ្ជ និង​ឯកទេស​នៅ​កម្ពុជា​បាន​គ្រប់គ្រង​ទ្រព្យសកម្ម​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ស្ទើរ​ទាំងស្រុង​ដែលមាន ២៧២ ៧៣២ ​ពាន់​លាន​រៀល (៥៦,៥៧៧​ ពាន់​លាន​ដុល្លារ​)​ បើ​ធៀប​នឹង​ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​មីក្រូ​ហិ​​រញ្ញ​វត្ថុ គឺ​មានតែ​ធនាគារពាណិជ្ជ​ធំៗ​មួយចំនួន​ប៉ុណ្ណោះ​ដែល​គ្រប់គ្រង​ទ្រព្យសកម្ម​ច្រើន​ក្នុង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​។​

​បើតាម​របាយការណ៍ គឺ​ធនា​គារ​អេស៊ីលីដា គ្រប់គ្រង​ទ្រព្យសកម្ម​ចំនួន ១៣,៤ ​ភាគរយ ធនាគារ ABA ១៣,៦​ ភាគរយ ធនាគារ​កាណាឌីយ៉ា ១១,៦​ភាគរយ ធនាគារ​កម្ពុជា​សា​ធា​រណៈ ៣,៤​ ភាគរយ ធនាគារ​ស្ថា​ប​នា ៤,១​ ភាគរយ ធនាគារ​ហត្ថា ៣,៦​ ភាគរយ ធនាគារពាណិជ្ជ​កម្ម​ក្រៅប្រទេស ២,៨​ភាគរយ ធនាគារ​ចិន​សាខា​ភ្នំពេញ ២,៧ ​ភាគរយ ធនាគារ Woori ២,២​ ភាគរយ ធនាគារ ICBC ២,២​ ភាគរយ​ធនាគារ J Trust Royal ២,០ ​ភាគរយ ក្រៅពីនោះ​គ្រប់គ្រង​ចំណែក​លើ​១​ភាគរយ ឬ​ក្រោម​ ១​ ភាគរយ​នៃ​ចំនួន​ទ្រព្យសកម្ម​សរុប​។​

​លោក​ ​អ៊ិ​ន ចាន់នី​ ​ប្រធាន​នា​យក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា បានកត់សម្គាល់​ឃើញថា​ថ្វី​ដ្បិត​ធនាគារពាណិជ្ជ​ធំៗ​គ្រប់​គ្រង​ចំណែក​ទ្រព្យសកម្ម​ធំ​ក៏ពិតមែន ប៉ុន្តែ​ពួកគេ​ក៏បាន​បោះទុន​ចុះបញ្ជី​ច្រើន​ដែរ​។​

​លោក​បន្ថែមថា ធនាគារជាតិ​នៃ​កម្ពុជា​តម្រូវការ​ទុន​ចុះបញ្ជី​សម្រាប់​ធនាគារពាណិជ្ជ​ចន្លោះ​ពី ៥០-៧៥​ ​លាន​ដុល្លារ ប៉ុន្តែ​ធនាគារពាណិជ្ជ​ខ្លះ​បាន​ប្រើ​ប្រាស់​ដើមទុន​ចុះបញ្ជី​រហូត​ទៅដល់​រាប់ពាន់​លាន​ដុល្លារ ដែលជា​កត្តា​ធ្វើឱ្យ​ទ្រព្យសកម្ម​របស់​ពួកគេ​មាន​ចំណែក​ធំ​។​

​លោក​បន្តថា កាលពី​ ១០ ឆ្នាំមុន ប្រាក់​បញ្ញើ​សន្សំ និង​ឥណ​ទាន​របស់​ធនាគារ​អេស៊ីលីដា គឺ​ខ្ពស់ជាង​ទ្រព្យសកម្ម​របស់​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា ប៉ុន្តែ​ពេលនេះ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ក៏​រីក​ធំធាត់ ហើយ​ដើមទុន​របស់​ពួកគេ​ក៏​កើនឡើង​ច្រើន​ដែរ​។​

​លោក​អះអាងថា​៖ «​ធនាគារ​ពាណិជ្ជ​ចំនួន ៥ ឬ​ ៦ រួមគ្នា​កាន់​កាប់​ទ្រព្យសកម្ម​យ៉ាងច្រើន​ក្នុង​ទីផ្សារ​ដោយសារ​ដើមទុន​ចុះ​​បញ្ជី​របស់គេ​ធំ បណ្តាញ​ធំ​ទាំង ​៣ របស់​ពួកគេ គឺ​សាខា​ច្រើន ទូ​អេ​ធី​អឹម និង​បណ្តាញ​ឌីជីថល ដែល​អាច​អនុញ្ញាតឱ្យ​ពួកគេ​ប្រ​​មូល​ប្រាក់​បញ្ញើ​សន្សំ​បាន​ច្រើន និង​ផ្តល់​កម្ចី​ក៏​ច្រើន​ដែរ​»​។​

​អ្នកវិភាគ​សេដ្ឋកិច្ច និង​ហិរញ្ញ​​វត្ថុ លោក ង៉ែត ជូ យល់ឃើញថា ធនាគារពាណិជ្ជ​ធំៗ​មានលទ្ធភាព​គ្រប់គ្រង​ទ្រព្យសកម្ម​ច្រើន​បំផុត​ដោយសារតែ​ពួកគេ​ផ្តល់​កម្ចី​ដល់​អតិថិជន​ខ្នាត​ធំ​ក្នុង​សាជីវកម្ម​។​

​លោក​ប្រាប់ថា​៖ «​ធនាគារ​ធំៗ​ទៅដល់​ទីជនបទ​បាន​ច្រើន​មិន​ប្រាកដថា​ល្អ​នោះទេ ព្រោះ​វា​អាស្រ័យទៅលើ​លទ្ធភាព​សង​របស់​ប្រជាពលរដ្ឋ​។ បើ​យើង​មើល​ទំហំ​កម្ចី​ពី​ខាង​មីក្រូ​ហិរញ្ញ​​វត្ថុ​ក៏​ឃើញ​មាន​កំណើន​ខ្ពស់​ដែរ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​»​។​

​បើ​យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​នៅតែ​បន្ត​មាន​វឌ្ឍនភាព ទទួលបាន​ជំនឿ​ទុកចិត្ត​ពីសា​​ធារ​ណ​ជន និង​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នានា​។ ទ្រព្យសកម្ម​របស់​ប្រព័ន្ធ​ធនាគារ​នៅក្នុង​ឆ្នាំ​ ២០២២ មាន​កំណើន ១២,៦ ភាគរយ ដល់ ៣១៩,២​ពាន់​ពាន់​លាន​រៀល ​(៧៧,៥​ពាន់​លាន​ដុល្លារ​) ​ក្នុងនោះ​ឥណ​​ទាន​អតិថិជន បាន​កើនឡើង ១៨,៩ ​ភាគរយ ដល់ ២២៦,៧​ ពាន់​ពាន់​លាន​រៀល ​(៥៥,១​ពាន់​លាន​ដុល្លារ​) ប្រាក់​បញ្ញើ​អតិថិជន មាន​កំណើន ៩,២ ​ភាគរយ​ដល់ ១៧៤,៤​ ពាន់​ពាន់​លាន​រៀល ​(៤២,៤​ ពាន់​លាន​ដុល្លារ​) និង​ដើមទុន​មាន​កំណើន ១៣,៩​ ភាគរយ ដល់ ៦៣,៣ ពាន់​ពាន់​លាន​រៀល ​(១៥,៤ ពាន់​លាន​ដុល្លារ​)៕