ភ្នំពេញៈ កម្ពុជា និងមជ្ឈមណ្ឌល​អាស៊ាន-ចិន (ACC) ឯកភាពគ្នា​បន្ត​កិច្ចសហ​ប្រតិបត្តិការ​វិស័យ​ទេសចរណ៍​បន្ថែមទៀត បន្ទាប់ពី​វិបត្តិ​ជំងឺ​កូវីដ១៩ ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​ពីគ្នា​ទៅវិញ​ទៅមក និង​ទេសចរ​ប្រទេស​ទី៣។

ការឯកភាព​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក ទិត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងទេសចរណ៍ និងគណៈ​ប្រតិភូ ACC ដឹកនាំ​ដោយ​លោក ស្ស៉ឺ ចុងជុន (Shi Zhongjun) អគ្គ​លេខាធិការ​នៃ ACC នៅទីស្ដីការ​ក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃទី២១ ខែមេសា។

ក្រសួង​ទេសចរណ៍​បញ្ជាក់​នៅលើ​ហ្វេសប៊ុក​នាថ្ងៃទី២២ ខែមេសា ថា ក្នុងជំនួប​នោះ​ ភាគីទាំង​ ២ បានរំឭក​ពីកិច្ច​សហប្រតិបត្តិការ​ជាច្រើន​ដែលបាន​ធ្វើ​ជាមួយគ្នា​កន្លងមក ក្នុងនោះ​ក៏មាន​វិស័យ​ទេសចរណ៍​ផងដែរ ប៉ុន្តែ​ដោយសារតែ​វិបត្តិ​ជំងឺ​កូវីដ១៩ កិច្ចសហ​ប្រតិបត្តិ​មួយចំនួន​ក៏ត្រូវ​អាក់ខាន​ទៅវិញ ហើយសកម្មភាព​ទេសចរ​ទៅមក​ប្រទេស​ទាំង ២ ក៏ត្រូវ​បានផ្អាក​ផងដែរ។

ក្រសួង​បន្ត​ថា មកដល់​ឆ្នាំ២០២៣​នេះ ពោលគឺ​ក្រោយពេល​រដ្ឋាភិបាល​ចិន​បន្ធូរ​បន្ថយ​ការធ្វើដំណើរ​សម្រាប់​អ្នកដំណើរ និងភ្ញៀវ​ទេសចរ​នាដើម​ឆ្នាំ២០២៣​នេះទេ ទើបមាន​ភ្ញៀវ​ទេសចរ​ទៅមក​ប្រទេស​ទាំង ២ កម្ពុជា-ចិន ឡើងវិញ ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ដករបាំង​នៃការធ្វើ​ដំណើរ​ទាំងឡាយ​អស់ហើយ​ដែរ។

លោក ស្ស៉ឺ ចុងជុន ត្រូវបាន​ស្រង់​សម្ដី​ផ្សព្វផ្សាយ​ក្នុង​ហ្វេសប៊ុក​នេះ​ថា ការធ្វើ​ទស្សនកិច្ច​នៅប្រទេស​កម្ពុជា​លើកដំបូង​បន្ទាប់ពី​កូវីដ១៩ គឺដើម្បី​បន្ត​និង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ភាគី​កម្ពុជា​ឡើងវិញ ជាពិសេស​វិស័យ​ទេសចរណ៍ ដែលជា​ស្ពានភ្ជាប់​ទំនាក់ទំនង​យ៉ាង​សំខាន់​នៃ​ប្រទេស​ទាំង ២។

លោកថ្លែង​ថា៖ «ACC នឹងរៀបចំ​ឱ្យ​មាន​សកម្មភាព​រួមគ្នា​រវាង​អាស៊ាន-ចិន ពិសេស​ជាមួយភាគី​កម្ពុជា ដូចជា​ការធ្វើ​ពិព័រណ៍​ផ្សព្វផ្សាយ​ពីគោល​ទេសចរណ៍​នៅ​កម្ពុជា និង​នៅ​ចិន ការបណ្ដុះបណ្ដាល​ជំនាញ និងមគ្គុទ្ទេសក៍​ខ្មែរ​និយាយ​ភាសា​ចិន ការផ្លាស់ប្ដូរ​ទស្សនកិច្ច​របស់អ្នកសារ​ព័ត៌មាន​កម្ពុជា​និង​ចិន ដើម្បី​ផ្សព្វផ្សាយ​ពីគោលដៅ​ទេសចរណ៍​ប្រទេស​ទាំង ២ ទៅវិញ​ទៅមក, ការជំរុញ​ឱ្យ​មានការហោះហើរ​ត្រង់​ដឹក​អ្នកដំណើរ​ទៅកាន់​គោលដៅ​ឱ្យ​បានច្រើន និងញឹកញាប់​ជាមុន ការជំរុញ​ចរន្ត​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​មកកាន់​ប្រទេស​កម្ពុជា ក៏ដូចជា​ការបង្កើន​ផលិតផល​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន និង​ទេសចរ​បរទេសដទៃ​ទៀត​ជាដើម»។

ហ្វេសប៊ុក​ក្រសួង​បញ្ជាក់​ថា៖«នាឱកាស​នោះ ឯកឧត្តម ទិត ចន្ថា បានឯកភាព​ទាំងស្រុង​ចំពោះ​ការលើកឡើង​អំពី​កិច្ចសហ​ប្រតិបត្តិការ​ខាងលើ​នេះ ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​កំណើនទេសចរ​ទៅមក​ប្រទេស​ទាំង ២ បន្ថែម ក៏ដូចជា​រួមចំណែក​ក្នុង​ការទាក់ទាញ​ទេសចរប្រទេស​ទី៣ ឱ្យ​មកកាន់​ប្រទេស​កម្ពុជា​បន្ថែមទៀត​ផងដែរ»។

បើតាម​ប្រភព​ដដែល លោក ទិត ចន្ថា បានបញ្ជាក់​បន្ថែម​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្នុង​ឆ្នាំ២០២៣​នេះ កម្ពុជា​រំពឹង​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៤ លាន​នាក់ ក្នុង​នោះនឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ ១ លាន​នាក់​ដែរ៕