កម្ពុជា បាន​ស្នើសុំ​ភាគី​ជប៉ុន​ពិចារណា​បង្កើន​កិច្ច​សហប្រតិបត្តិការ និង ការ​ជួយ​គាំទ្រ​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​របស់​អាស៊ាន តាម​រយៈការ​ផ្តល់​ជំនួយ​បច្ចេកទេស និង​ការ​បណ្តុះ​បណ្តាល​ជាដើម ដើម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ពី​ចក្ខុវិស័យ​និង​យុទ្ធសាស្ត្រ​កំណើន​សមាហរណកម្ម​សេដ្ឋកិច្ច អាស៊ាន-ជប៉ុន សម្រាប់​រយៈពេល ៥០ ឆ្នាំ​ខាងមុខ។

លោក រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​ស្នើ​បែបនេះ​ទៅ​កាន់​ភាគី​ជប៉ុន នៅ​ក្នុង​ឱកាស​ទទួល​ជួប​សម្តែង​ការ​គួរសម និងពិភាក្សា​ការងារ​ជាមួយ លោក NOBUO Kiriyama អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គោល​នយោបាយ​ពាណិជ្ជកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន និង​ជា​តំណាង​ឧត្តម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​ជប៉ុន កាល​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រសួង ពាណិជ្ជកម្ម។

លោក​រដ្ឋលេខាធិការ ក៏​បាន​សម្តែង​ការ​អបអរសាទរ សម្រាប់​ខួប​លើក​ទី ៥០ នៃ​ទំនាក់​ទំនង អាស៊ាន-ជប៉ុន ព្រម​ទាំង​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល និង ប្រជាជន ជប៉ុន សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​ការ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​កម្ពុជា។

លោកថ្លែងថា៖​«យើង​ស្វាគមន៍​ផងដែរ សម្រាប់​ការ​បង្កើត​មជ្ឈមណ្ឌល​ឌីជីថល​នៅ​វិទ្យាស្ថាន ERIA និង​រំពឹ​ងថា មជ្ឈមណ្ឌល​នេះ​នឹង​អាចជួយ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន-ជប៉ុន កាន់តែ​ទទួល​បាន​ផ្លែផ្កា​បន្ថែម​ទៀត និង​ស្នើឱ្យ​លោក NOBUO Kiriyama ជួយ​ជំរុញ​វិនិយោគិន​ជប៉ុន​ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត»។

ប្រភពពី​ក្រសួង​កសិកម្ម បាន​ឱ្យ​ដឹង​នៅ​ក្នុង​ជំនួប​នោះថា​ លោក NOBUO Kiriyama អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គោល​នយោបាយ​ពាណិជ្ជកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន បាន​ធ្វើបទ​បង្ហាញ​អំពី​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​គំនិត​ផ្តួចផ្តើម និង​ឯកសារទស្សនទាន​របស់​ជប៉ុន ស្តីពី ASEAN-Japan Economic Co-Creation Vision និង Future Design and Action Plan ដែលជា​ចក្ខុវិស័យ​និង​យុទ្ធសាស្ត្រ​កំណើន​សមាហរណកម្ម​សេដ្ឋកិច្ច អាស៊ាន-ជប៉ុន សម្រាប់​រយៈពេល ៥០​ឆ្នាំ​ខាងមុខ។

លោក​ក៏​បាន​លើក​ឡើង​ថា កិច្ច​ប្រជុំ Young Business Leaders’ Summit និង​កិច្ចប្រជុំ Z-gen Business Leaders’ Summit ដែល​នឹង​ប្រព្រឹត្ត​នៅ​ខែធ្នូ ឆ្នាំ ២០២៣ គឺ​ដើម្បី​បង្កើត​បណ្តាញ​សហគ្រិនវ័យ​ក្មេង​អាស៊ាន-ជប៉ុន និង​ការ​បង្កើត​មជ្ឈមណ្ឌល​ឌីជីថល​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ីបូព៌ា (ERIA) ផងដែរ។

លោកថា ជប៉ុន ប្តេជ្ញា​ចិត្ត​លើ​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី និង​តំបន់ ឱ្យ​កាន់​តែជិតស្និទ្ធិ​បន្ថែម​ទៀត។

របាយការណ៍​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា បាន​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល ៣ខែ ដើម​ឆ្នាំ ២០២៣​នេះ ការ​ដោះដូរ​ពាណិជ្ជកម្មរវាង​កម្ពុជា​និង​ជប៉ុន​សម្រេច​បាន​ក្នុង​ទំហំ​ទឹកប្រាក់ ជាង ៤៥៦ លាន​ដុល្លារ ថយ​ចុះ​ជិត ៥ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០២២៕