កម្ពុជា និង​ទីម័រ​ខាង​កើត បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ការ​ប្រកាស​បញ្ចប់​ការ​ចរចា​ទ្វេភាគី​លើ​ការ​សន្យា​បើកច្រក​ទីផ្សារ​សម្រាប់​ពាណិជ្ជកម្ម​ទំនិញ​និង​សេវាកម្ម ដើម្បី​ពន្លឿន​ការ​ចរចា​ទ្វេភាគី​រវាង​ទីម័រខាងកើត និង សមាជិក​ដទៃ​ទៀត ក្នុង​គោលដៅចងក្រង​ជា​កញ្ចប់​ចូល​ជា​សមាជិក​រួម​មួយ ក្រោម​ក្របខ័ណ្ឌ​ចរចា​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​របស់​ទីម័រខាងកើត។

ការចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ បាន​ធ្វើឡើង​នៅ​ទីក្រុង ហ្សឺណែវ ប្រទេសស៊្វីស កាល​ពី​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២៣ ដោយ​ការ​ចុះ​ហត្ថលេខា​នេះ​ត្រូវ​បាន​ធ្វើដោយ លោក​អគ្គរាជទូត ឡុង កែមវិចិត្រ តំណាង​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ WTO និង​លោកស្រី Maria de Lurdes Martins de Sousa BESSA ឯកអគ្គរដ្ឋទូត​និង​ជា​តំណាង​អចិន្ត្រៃយ៍​នៃ​ទីម័រ​ខាងកើត​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​ដទៃ​ទៀត​នៅ​ទីក្រុង ហ្សឺណែវ។

នៅក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​ស្ដីពី​ការ​ចូលជា​សមាជិក​របស់​ទីម័រខាងកើត​លើក​ទី​៥ ដែល​បាន​ធ្វើឡើង កាល​ពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ ២០២៣ កន្លងទៅ លោក ឡុង កែមវិចិត្រ អគ្គរាជទូត​កម្ពុជា បាន​លើក​ឡើង​ថា គោលការណ៍​ដែល​បាន​ផ្ដល់​ជូន​ដោយ​រាជរដ្ឋាភិបាល​ឱ្យ​បញ្ចប់​ការ​ចរចា​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​ទីម័រខាងកើត​នា​ពេល​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​តាំងចិត្ត​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជ្រោមជ្រែង​ប្រទេស​ ទីម័រខាងកើត ឱ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ស្ដីពី​ការ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​តំបន់ និង​ពិភពលោក។

លោក ឡុង កែមវិចិត្រ ថ្លែង​ថា៖ «ជាក់ស្ដែង ក្នុង​ក្រប​ខ័ណ្ឌ​តំបន់ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្រោម​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ឆ្នាំ ២០២២ ថ្នាក់ដឹកនាំ​កំពូល​អាស៊ាន បាន​ប្រកាស​ការ​ឯកភាព​ជា​គោលការណ៍​អនុម័ត​ការ​ស្នើសុំ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ ទីម័រខាងកើត។ ហើយ​នៅ​ក្នុង​ក្របខ័ណ្ឌ​សកល​នា​ពេល​នេះ ការ​បញ្ចប់​ការ​ចរចា​ទ្វេភាគី​រវាង​កម្ពុជា​ និង ទីម័រខាងកើត ជា​ការ​រួម​ចំណែក​មួយ​ដ៏​ធំ​ក្នុង​ការពន្លឿន​ការ​ចរចា​ទ្វេភាគី​រវាង​ទីម័រខាងកើត និង សមាជិក​ដទៃ​ទៀត ក្នុង​គោលដៅ​ចងក្រង​ជា​កញ្ចប់​ចូល​ជា​សមាជិក​រួម​មួយ ដែល​អាច​ឈាន​ទៅ​រក​ការ​អនុម័ត​ឱ្យ​ទីម័រខាងកើត​ចូល​ជា​សមាជិក​អង្គការ WTO ជាផ្លូវការ​ក្នុង​អំឡុង​ពេល​នៃ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១៣ នៅ​ប្រទេស អេមីរ៉ាត​អារ៉ាប់​រួម​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២៤»។

សូម​បញ្ជាក់​ជូន​ថា ក្រុម​ការងារ​ស្ដីពី​ការ​ចូល​ជា​សមាជិក​របស់​ទីម័រ​ខាងកើត​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី៧ ​ខែ​ធ្នូ ឆ្នាំ ២០១៦ ដោយ​មក​ទល់​ពេល​នេះ ក្រុម​ការងារ​បាន​ជួប​ប្រជុំ​ចំនួន ៥ លើក​មក​ហើយ។ ជំហាន​បន្ទាប់ យោង​ទៅ​លើ​លទ្ធផល​នៃ​ការ​ចរចា​បើក​ច្រក​ទីផ្សារ​ទ្វេភាគី​រវាង​ទីម័រខាងកើត និង សមាជិក​ដែល​បាន​ចូលរួម​ចរចា សេចក្ដីព្រាង​ការ​សន្យា​បើក​ច្រក​ទីផ្សារ​នឹង​ត្រូវ​បាន​ចងក្រង​ឡើង ហើយ​រួមផ្សំ​ជាមួយ​សេចក្ដីព្រាង​របាយការណ៍​របស់​ក្រុម​ការងារ នឹង​បង្កើត​ចេញ​ជា​សេចក្ដី​ព្រាង​កញ្ចប់​ចូល​ជា​សមាជិក​រួមមួយ​សម្រាប់​សមាជិក​ទាំងមូល​ពិនិត្យ៕