លោក យ៉ង សាំង កុមារ រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្រ្តី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹង​ថា កិច្ច​សន្យា​ផលិតកម្ម​ស្រូវ​ស្ដង់ដា Sustainable Rice Platform (SRP) រវាង​ក្រុមហ៊ុន​រោង​ម៉ាស៊ីន​កិនស្រូវ និង​សហគមន៍​កសិកម្ម ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​រក្សា​ស្ថិរភាព​តម្លៃ​ស្រូវ គុណភាព និង​បរិមាណ ដើម្បី​លើក​ស្ទួយ​ជីវភាព​កសិករ។

លោក​បាន​ប្រាប់​ថា កាល​ពី​ថ្ងៃទី ២១ ​ខែ​មេសា ឆ្នាំ ២០២៣ លោក​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ផលិតកម្ម​ស្រូវ​ស្ដង់ដា Sustainable Rice Platform (SRP) រវាង​ក្រុមហ៊ុន​រោង​ម៉ាស៊ីន​កិនស្រូវ​ភូមិយើង និង​សហភាព​សហគមន៍​កសិកម្ម​បាត់ដំបង នៅរោង​ម៉ាស៊ីន​ភូមិយើង ក្នុង​ស្រុក បាធាយ ខេត្ត​កំពង់ចាម។

លោក​បាន​បញ្ជាក់​ថា៖ «កិច្ច​សន្យា​កសិកម្ម​នេះ គ្រប​ដណ្ដប់​លើ​ផលិតកម្ម​ស្រូវ​តាម​ស្ដង់ដា SRP ក្នុងឆ្នាំ ២០២៣ ដោយ​ប្រើប្រាស់​ប្រភេទពូជ​ស្រូវ​ផ្កា​រំដួល និង​សែន​ក្រអូប ០១ ក្នុង​បរិមាណ សរុប​ចំនួន ៤៥០០ តោន។ មាន​សហគមន៍​ចំនួន ៧ ជា​សមាជិក​សហភាព​សហគមន៍បាត់ដំបង បាន​ចូលរួម​ក្នុង​ការ​ផលិត​ស្រូវ​ចំណី ស្តង់ដា SRP នេះ ដែល​មាន​សមាជិក​ចំនួន ៣៧៤ គ្រួសារ និង​មាន​ផ្ទៃដី​ផលិតកម្ម​ចំនួន ១៣៩២ ហិកតា»។

លោកបាន​ក្រើន​រំឭក និង​សំណូមពរ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​សហការ​គ្នា និង​ស្មោះត្រង់​នឹង​គ្នា​ទៅវិញ​ទៅមក។ ការ​ចុះ​កិច្ច​សន្យា​កសិកម្ម​នៅថ្ងៃនេះ វា​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​សាកល្បង​តូច​មួយ​ប៉ុណ្ណោះ យើង​ត្រូវ​បន្ត​ធ្វើការ​ជាមួយ​គ្នា​បន្តទៀត ក្នុង​ការ​តាមដាន ត្រួត​ពិនិត្យ និង​អនុវត្តកិច្ច​សន្យា​នេះ​ឱ្យ​បាន​ជោគជ័យ។

លោក យ៉ង សាំងកុមារ បាន​បន្ថែម​ថា៖ «ភាព​ជោគជ័យ​នៃ​ការ​សហការគ្នា​នេះ នឹង​ជួយ​ជំរុញ​ផលិតកម្ម​ស្រូវ​នានា​នៅ​ទូទាំង​ប្រទេស និង​កសាង​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្រូវ​មួយ ដែល​កសិករ​ផលិត​ស្រូវ​នឹង​ទទួល​បាន​ទីផ្សារ​សម្រាប់​ស្រូវ​របស់​ពួកគាត់ រីឯ​រោងម៉ាស៊ីន​នឹង​ទទួល​បានស្រូវ​គុណភាព​ល្អ​សម្រាប់​កែច្នៃ ក្នុង​ខណៈ​ដែល​កសិករ​ផលិត​ពូជ​ក៏​មាន​ទីផ្សារ​សម្រាប់​ពូជសុទ្ធ​របស់​ពួកគាត់​ដែរ។ លើស​ពី​នេះទៀត ផលិតកម្ម​តាម​កិច្ច​សន្យា​នេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​សម្រេច​គោលដៅ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​នាំចេញ​អង្ករ​ចំនួន ១ លានតោន​ក្នុងពេល​ខាងមុខ»។

សូមបញ្ជាក់ថា ការ​ចុះ​កិច្ច​សន្យា​លើ​ផលិតកម្ម​ស្រូវនេះ ត្រូវ​បាន​រៀបចំ​ក្រោម​ការ​សម្រប​សម្រួល​ពី​កម្មវិធី​គ្រប់គ្រង​ធនធាន​ទឹក និង​ការ​ផ្លាស់ប្តូរ​វិស័យ​កសិកម្ម​សម្រាប់​ប្រទេស​កម្ពុជា​ដំណាក់​កាល​ទី១ (WAT4CAM) នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ និង​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា៕