ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​អាស៊ាន នៅ​ត្រីមាស​ទី​១​ ឆ្នាំ​ ២០២៣ ​នេះ មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង ៣​ ពាន់​លាន​ដុល្លារ​អាមេរិក ថយចុះ​ ១៦ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងពាណិជ្ជកម្ម​ដែល​ទទួលបាន​នៅ​ថ្ងៃទី​ ២៤ ខែមេសា ឆ្នាំ ​២០២៣​។​

របាយការណ៍​ដដែល​បាន​បន្តថា ក្នុងនោះ ប្រទេស​វៀតណាម និង​ថៃ ជាទី​ផ្សារ​ឈានមុខ​គេ​របស់​កម្ពុជា ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត ដោយ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០២៣ មាន​ទឹកប្រាក់​សរុប​ជាង​១,៨​ពាន់​លាន​ដុល្លារ កើនឡើង​ជាង ៨​ភាគរយ​។ រីឯ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ វិញ​មាន​ទឹកប្រាក់​សរុប​ប្រមាណ ១​ពាន់​លាន​ដុល្លារ ថយចុះ ៩​ភាគរយ​។ ដោយឡែក ប្រទេស​ឥណ្ឌូនេស៊ី បាន​ស្ថិតក្នុង​លំដាប់​លេខ​៣ ដោយមាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ៣០០​លាន​ដុល្លារ កើនឡើង ៤៣​ភាគរយ​។​

លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួងពាណិជ្ជកម្ម ធ្លាប់បាន​ប្រាប់​កាលពីដើម​ខែមេសា​នេះ​ថា វា​មិនមែន​តែ​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​នោះទេ ប៉ុន្តែ​ជាមួយ​បណ្តា​ប្រទេស​ធំៗ​ដទៃទៀត ដូចជា​ចិន​ជាដើម ក៏មាន​ការ​ថមថយ​ដែរ ដោយសារតែ​នៅ​ដើមឆ្នាំ​បែបនេះ ទំនិញ​កសិផល​មិនសូវមាន​ការនាំចេញ​ច្រើន​នោះទេ​។​

​លោក​បាន​ថ្លែងថា​៖ «​វា​មិនមែនជា​ប្រការ​មួយ​ដែល​អាច​ពិនិត្យមើល​សព្វ​ជ្រុងជ្រោយ​នៃ​ទីផ្សារ​នោះទេ ព្រោះថា ​វា​ពិបាក​ក្នុង​ការរក​មូលហេតុ​ជាក់ស្តែង ហើយ​មូលហេតុ​នោះ​ទៀតសោត ក៏​មិនមែន​ឆ្លុះបញ្ចាំង​ពី​ភាពអវិជ្ជមាន​ការនាំចេញ នាំចូល​របស់​កម្ពុជា និង​អាស៊ាន​ដែរ​។​ម្យ៉ាងវិញទៀត វា​ក៏​ដោយសារតែ​តម្រូវ​ការបញ្ជាទិញ​ពី​ក្រៅប្រទេស​មានការ​ធ្លាក់ចុះ ក្រោយ​រង​សម្ពាធ​ពី​វិបត្តិ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ផងដែរ​»​។​

​លោក​ថ្លែងថា ចំពោះ​ការដោះដូរ​ពាណិជ្ជកម្ម ជាពិសេស​ទីផ្សារ​នាំចេញ គឺ​មិន​ខុសគ្នា​នោះទេ តែងតែមាន​ការប្រែប្រួល​ទៅតាម​រដូវ​កាល ទៅតាម​ឆ្នាំ​នីមួយៗ និង​ទៅតាម​តម្រូវ​ការងារ​បស់​អ្នកបញ្ជា​ទិញ​។​

​ លោក ប៉ែន សុ​វិជាតិ បាន​បញ្ជាក់ថា ៖ «​បន្ទាប់ពី​គេ​បញ្ជា​ទិញ គេ​រៀបចំ​កាលវិភាគ ទើប​យើង​អាច​នាំចេញ​ទៅបាន​។​មួយវិញទៀត វា​ក៏​អាចមកពី​ចំណុះ​ទៅនឹង​កាលវិភាគ​របស់​កប៉ាល់​ដែរ ព្រោះថា នៅពេល​ដែលមាន​កប៉ាល់​ចូលមក​ច្រើន ទើប​អាច​នាំចេញ​ទំនិញ​ទៅវិញ​បាន​ច្រើន​ដែរ​»​។​

​ ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា លោក ស៊ិន ច​ន្ធី បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៤ ខែមេសា​ថា ការថយចុះ នៃ​ការធ្វើ​ពាណិជ្ជ​កម្មនេះ មិនមែន​មានតែ​កម្ពុជា ជាមួយ​ប្រទេស​នៅក្នុង​តំបន់​នោះទេ ប៉ុន្តែ​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទូទាំង​សកលលោក ក៏មាន​ថយចុះ​ដូចគ្នា​ដែរ​នៅ​ដើមឆ្នាំ​២០២៣​នេះ​។​

​លោក​ថ្លែងថា​៖ «​ជាធម្មតា​ការធ្វើ​ពាណិជ្ជកម្ម និង​ផ្នែក​ភ័ស្តុភារ​កម្ម​ដឹកជញ្ជូន​នេះ មានដំណើរ​ស្របគ្នា មានន័យថា បើ​ការដោះដូរ​ពាណិជ្ជកម្ម​កើន ការដឹកជញ្ជូន​ក៏​កើនឡើង​ទៅតាម​ហ្នឹង​ដែរ តែបើ​ធ្លាក់ចុះ គឺ​ធ្លាក់ចុះ​ដូចគ្នា​» ។ «​ការធ្លាក់ចុះ​នេះ មិនមែន​តែ​កម្ពុជា ហើយក៏​មិនមែន​តែ​នៅក្នុង​តំបន់​អាស៊ាន​យើង​ដែរ គឺ​នៅ​ទូទាំង​ពិភពលោក​តែម្តង ដោយសារតែ​ឧបសគ្គ​ដដែល​ហ្នឹង ដែល​បាន​ជួប​នាពេល​កន្លងមក ជាពិសេស​វិបត្តិ​កូ​វីដ​១៩ នៅតែ​បន្ត​អូសបន្លាយ ស្រប​ពេលដែល​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន នៅតែ​បន្ត​នៅឡើយ ដែល​បានធ្វើឱ្យ​ឥន្ធនៈ​ឡើងថ្លៃ នាំឱ្យ​ការដឹកជញ្ជូន​ឡើងថ្លៃ និង​បញ្ហា​អតិផរណា​ជាដើម​»​។

​បើតាម​ក្រសួងពាណិជ្ជកម្ម ទំនិញ​សំខាន់ៗ ដែល​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន មានដូចជា ផលិតផល​កសិកម្ម សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿង​អេឡិចត្រូនិក និង​កង់​។ ចំណែកឯ ទំនិញ​សំខាន់ៗ ដែល​កម្ពុជា​បាន​នាំចូល​ពី​បណ្ដា​ប្រទេស​អាស៊ាន រួមមាន ម្ហូបអាហារ ភេសជ្ជៈ ឧបករណ៍​អគ្គិសនី និង​អេឡិចត្រូនិក គ្រឿងសំណង់ គ្រឿងយន្ត​កសិកម្ម និង​យានយន្ត ជាដើម​។​

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញថា នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ជាមួយ​ទីផ្សារ​អន្តរជាតិ មាន​ទឹកប្រាក់​សរុប​ជាង ១១​ពាន់​លាន​ដុល្លារ បាន​ថយចុះ ១៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២២​។ ក្នុងនោះ ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង ៥​ពាន់​លាន​ដុល្លារ និង​ទំនិញ​ដែល​កម្ពុជា​បាន​នាំចូល​ពី​អន្តរជាតិ​វិញ មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង ៥,៨​ពាន់​លាន​ដុល្លារ​៕