ភ្នំពេញៈ ​អាជ្ញា​ធរ​ខេត្ត​ស្ទឹង​ត្រែង ​បាន​ឱ្យដឹ​ងថា​ បើ​គិត​ត្រឹម​រយៈពេ​ល​៥​ឆ្នាំ​ចុង​ក្រោយនេះ​ ផលិត​​ផល​កសិ​កម្ម​បាន​រ​​ក​ចំ​ណូល​ជូន​ខេត្ត​បាន​ចន្លោះ​ពី​ ៧០០​ ទៅ​ ៨០០ ​លាន​ដុល្លារ​ ខណៈ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្ទឹ​ង​ត្រែ​ង​ភាគច្រើនរ​ស់នៅ​​​ពឹង​ផ្អែក​លើ​ការធ្វើ​​ស្រែ ចម្ការ​ ដាំ​ដំណាំ​កសិឧស្សា​ហក​ម្ម និង​ការនេ​សាទ​ជាដើ​ម​​ ​។​

​ទិន្ន​ន័យ​នេះ​ត្រូវបាន​បង្ហាញឡើ​ង​​នៅ​ក្នុង​សន្និ​សីទ​សារ​ព័​ត៌​មាន ស្ដីពី «​ភាពជោ​គជ័​យ​ក្នុង​រយៈ​ពេល​ ៥​ ឆ្នាំ​» របស់​រដ្ឋ​បា​លខេ​ត្ត​ស្ទឹង​ត្រែង នៅ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៣​។​

​លោក ​ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិ​កម្ម រុក្ខា​ប្រមា​ញ់ និង​នេសាទ​ខេត្តស្ទឹ​ងត្រែង បា​នលើក​ឡើង​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​នោះ​ថា ខេត្ត​ស្ទឹង​ត្រែង​មាន​ទន្លេ​ហូរ​កាត់​ចំនួន​៤ រួមមាន​ ទន្លេមេ​គង្គ ទន្លេ​សេកុង​ ទន្លេសេសា​ន​ និង​ទន្លេ​ស្រព​កដែ​ល​កំពុង​រួ​មចំណែក​ដល់​វិស័យ​កសិកម្ម​ ជា​ប្រភព​ត្រី​មេ​ពូជ និង​ធន​ធាន​ជល​ផល​សំខាន់ៗ​សម្រាប់​ខេត្ត​ស្ទឹង​ត្រែង​។​

​ជាមួ​យ​គ្នានេះ ខេ​ត្តស្ទឹងត្រែ​ងមាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​កសិកម្ម​សរុប​ជាង​ ១១ ​ម៉ឺនហិ​កតា ក្នុង​នោះ ដំណាំ​ស្រូវ​មាន​ប្រមាណ ​២៧ ​៨០០​​ ហិកតា​ ស្វាយ​ចន្ទី​មាន​ ​៤៤ ​៥២៧ ​ហិកតា​ កៅស៊ូ ១៣​ ៤៤១ ​ហិកតា​ ដំឡូង​មី ២៥​ ០៦៧​ ហិក​តា ស្វាយ​៣ ​៩៨០ ​ហិកតា និង​ដំណាំ​រួម​ផ្សំ​ប្រមាណ​ជាង​ ៤០០​ ហិក​តា​។​

​លោក ​ទុំ នី​រ៉ូ បាន​បញ្ជាក់​ថា​៖«​វិស័យ​កសិកម្ម​នៅក្នុង​ខេត្តស្ទឹ​ងត្រែ​ងមាន​កំណើនពី ​៦% ទៅ​ ៧% ក្នុង​ ១ ឆ្នាំៗ ក្នុង​ចំណោម​​វិស័យ​សក្តា​នុពល​សំខា​ន់​របស់​ខេត្ត​ វិស័យ​កសិ​កម្មត្រូ​វបាន​ចាត់​ទុក​ជា​វិស័យ​សក្តា​នុព​ល​សំខា​ន់​មួយ​សម្រាប់​ជួយ​លើក​ស្ទួយ​កំណើន​សេដ្ឋ​កិច្ច​ប្រជា​កសិករ​នៅ​ទីជន​បទ ​ខណៈ​វិស័យនេះ​រួម​ចំណែក​ដល់​ផលិត​ផល​ក្នុង​ស្រុក​សរុប ឬ​ (GDP)​របស់​ខេត្ត​ប្រមាណ ​៦៧% ​ទៅ​ ៦៩% ​ថែម​ទៀត »​។​

​បើតាម​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ​ស្ទឹង​ត្រែង ក្នុ​ង​រយៈពេ​ល​៥​ឆ្នាំ​មកនេះ​ ពោ​ល​បើ​គិតពី​ឆ្នាំ​២០១៨​ដល់​២០២២ ផលិត​ផល​ដែល​ផលិត​បាន​ក្នុង​វិស័យ​កសិកម្ម​មាន​ចំណូល​ប្រមាណ​៧​០០ទៅ​៨០០​លាន​ដុល្លារ​អាមេរិក​ដែល

ផលិត​ផល​ទាំងនោះ​មានដូច​ជា ស្រូវ ​ស្វាយចន្ទី​ កៅស៊ូ ដំឡូង​មី​ជាដើម។លើសពី​នេះក៏មា​ន​វិស័យ​ជល​ផល​ និង​សត្វ​ចិញ្ចឹម​ផងដែ​រ​​។​

​លោក​បាន​បញ្ជាក់​ថា៖​«​ទិន្ន​ផល​ដែល​ផលិត​បាន​ក្នុង​ខេត្ត​មាន​ចន្លោះ​ពី ​៩០ ទៅ​ ១០០ ​ពាន់​តោន​ក្នុង​១​ឆ្នាំ គិ​ត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​ ១០០​ លាន​ដុល្លា​រ សម្រាប់​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិ​ច្ច​ខេត្តហើយ ​បើ​យើង​គិត​សរុប​ក្នុង​រយៈ ​៥ ​ឆ្នាំ​ មក​នេះ ​ខេត្ត​ស្ទឹង​ត្រែង​រក​ចំណូល​បាន​ចន្លោះ​ពី​ ៧០០ ​ទៅ ៨០០ ​លាន​ដុល្លារ​ ពី​ផលិត​ផល​កសិកម្ម​ ដែល​នេះ​ជា​ចំនួន​ច្រើន​សម្រាប់​សេដ្ឋ​កិច្ច​ខេត្ត​ ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ​ទាំងមូ​ល បើ​ទោះជា​ខេត្ត​ស្ទឹង​ត្រែង​មិន​មាន​តំបន់​រោង​ចក្រ ​ឧស្សាហ​កម្ម និង​សិប្ប​កម្ម​ធំៗ​ក្តី​»​។​

​ពាក់​ព័ន្ធ នឹង​ការ​លើក​ឡើង​នេះ ​លោក ​ស្វាយ សំ​អ៊ាង​ អភិ​បាល​ខេត្ត​ស្ទឹងត្រែ​ង បាន​ថ្លែង​ដែរ​ថា ​បច្ចុប្បន្ន​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប​សម្រាប់​ប្រជា​ជន​ម្នាក់​បាន​កើន​ឡើង​ពី​ ១ ៤២៣ ​ដុល្លារ ​ក្នុងឆ្នាំ​២០​១៨ ​ដល់ ១​ ៥៨៥ ដុល្លារ​ ក្នុង​ឆ្នាំ​២០២៣ ​និង​អត្រា​ភាព​ក្រីក្រ​ថយ​ចុះ​ពី​ ២៣% ​ក្នុង​ឆ្នាំ​២០១៨ ​មក​ត្រឹម​ ២១% ​ក្នុង​ឆ្នាំ​២០២៣​។​

​លោក​​បានប​ន្តថា​ ដោយ​សារ​ខេត្ត​មាន​ផ្ទៃដី​ធំ​ទូលា​យ ​អាច​វិនិយោគ​លើ​វិស័យ​កសិឧស្សា​ហក​ម្ម និង​ផលិត​កម្ម​កសិកម្ម ​ហេតុនេះ​​ជា​ទិសដៅ​​ចម្បង​របស់​ខេត្ត នឹង​ខិតខំ​ពង្រីក​ទីផ្សារ​កសិផ​ល​កសិកម្ម​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សហគម​ន៍និង​​​គ្រួសារ​ប្រជាព​លរ​ដ្ឋតាម​រយៈ​ការជំ​រុញ​ការ​វិនិយោ​គ ពិនិត្យ​លទ្ធ​ភាព និង​សិក្សា​អនុវ​ត្ត​គោល​ន​យោបាយ​​ជួយ​ដល់​ប្រជា​កសិករ​ដើម្បី​ថែរ​ក្សា​ស្ថិរភា​ព​ថ្លៃ​កសិផល​ព្រមទាំង​លើក​កម្ពស់​ការអ​ភិវឌ្ឍ​​វិស័យ​កសិកម្ម​។​

​យោងតាម​របាយ​ការណ៍​​របស់​រដ្ឋបា​ល​ខេត្ត​ស្ទឹង​ត្រែង ក្នុង​១ឆ្នាំៗ ​បរិមាណ​ផល​ស្រូវស​ម្រេច​ប្រមាណ ​៧៣​ ០០០​ តោន​,ដំណាំ​សាក​វប្ប​កម្មទ​ទួលបា​ន​ផល​ក្នុង​រង្វង់​ ៤៥ ​០០០​តោន​,ដំណាំ​ឧស្សាហក​ម្មដូច​ជា​ ដំឡូង​មី​ សណ្ដែក​ដី សណ្តែក​សៀង អំពៅ ​ល្ង ជា​ដើម សម្រេច​បាន ៥ ​ពាន់​តោន​, គ្រាប់​ស្វាយច​ន្ទី ទាំង​ការ​ប្រមូល​ផល ​និង​លក់​ចេញ​សម្រេច​ប្រមាណ ​២៥​០០០ ​តោន​។​

រីឯ​ស្វាយ​កែវ​រមៀត ​ទទួល​ផល​បាន​ជាង ​១ ៥០០​ តោន​,ផលិត​កម្ម​ដំណាំ​កៅស៊ូ​ទទួល​បាន​ផលិត​ផល​ជ័រ​ជាង​ ២៣ ៧១៦ ​តោន​។ចំណែក​ឯផ​លិតក​ម្ម​សត្វ​ជា​លក្ខណៈ​គ្រួសារ​និង​អាជីវក​ម្ម​វិញ​បាន​កើន​ឡើងដ​ល់​ជាង​៩០​ម៉ឺន

ក្បាល​ដើម្បី​ផ្គត់​ផ្គង់​តាមត​ម្រូវ​ការ​ ខណៈ​ផល​នេសា​ទ​ទឹក​សាប​និង​វារីវ​ប្បក​ម្មក៏​សម្រេច​បាន​ប្រមាណ​៤​ពាន់​តោន​ក្នុង​ ១ ឆ្នាំៗ​ផងដែ​រ​៕