ភ្នំពេញៈ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) និង​ធនាគារ ABA បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា​។​

MoU​ ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក​ គង់ ម៉ា​រី អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក AskhatAzhikhanov​ នាយក​ប្រតិបត្តិ​របស់​ធនាគារ ABA នៅ​ថ្ងៃទី​២៦ ខែមេសា​នេះ​។​

​លោក គង់ ម៉ា​រី បាន​មានប្រសាសន៍ថា ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ធនាគារ ABA ស្តីពី​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា គឺ​ទី​១ សំដៅ​ចែករំលែក​ចំណេះដឹង បទពិសោធន៍ និង​ការបណ្តុះបណ្តាល ទី​២ ការចូលរួម​ការប្រើប្រាស់​ថ្នាល​ឌីជីថល​គ​ន្លឺះ និង​ទី​៣ ការគាំទ្រ​លើ​សកម្មភាព និង​ថ្នាល​ផ្សេងទៀត​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​មិនមែន​ហិរញ្ញវត្ថុ​សំដៅ​ជំរុញ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​លោក​បាន​ថ្លែង​បញ្ជាក់ថា​៖ «​កិច្ចសហការ​បែបនេះ​ នឹង​បង្កើតជា​គំរូ​នៃ​សហ​ថាមពល (Synergy) និង​សហ​បង្កើត​ថ្មី (Co-creation) រវាង​រដ្ឋាភិបាល​និង​ប្រជាជន​ ដែល​នឹងធ្វើ​ឱ្យមាន​ការបង្កើត​នូវ​សេវា និង​ផលិតផល​ថ្មី​សំដៅ​លើកកម្ពស់​ការផ្តល់​សេវាសាធារណៈ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ផ្អែកលើ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​»​។

​លោក AskhatAzhikhanov ​បាន​មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​ស្របតាម​គោលដៅ​រួម​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​ប្រកបដោយ​ថាមពល​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​បាន​មានប្រសាសន៍ថា​៖«​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​អាចឱ្យ​យើង​បង្កើត​ឱកាស​កាន់តែច្រើន​សម្រាប់​អតិថិជន និង​បង្កើនល្បឿន​នៃ​វឌ្ឍនភាព​នៅក្នុង​ប្រព័ន្ធ​រួមបញ្ចូល Fintech​ទាំងមូល​»​។​

​លោក​បាន​ថ្លែង​បញ្ជាក់ទៀតថា​៖ «​តាម MoU​ យើង​បាន​ចុះហត្ថលេខា​នៅថ្ងៃនេះ ABA ត្រៀមខ្លួន​ជាស្រេច ​ក្នុងការ​គាំទ្រ និង​អនុវត្ត​គោលនយោបាយ និង​កម្មវិធី​នៅ​វិស័យ Fintech​ និង​សេដ្ឋកិច្ច​ឌីជីថល និង​សង្គម​ឌីជីថល​។ យើង​ក៏​សប្បាយរីករាយ​ផងដែរ​ ក្នុងការ​ចូលរួម​ក្នុង​វិស័យ​ព័ត៌មានវិទ្យា ដូចជា​ប្រព័ន្ធ​វិក្កយបត្រ​អេឡិចត្រូនិក វេទិកា CamDX​ ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​អតិថិជន CamDG​ ក៏ដូចជា​ការផ្លាស់ប្តូរ​ព័ត៌មាន​រវាង ABA និង ក្រសួង​សេដ្ឋកិច្ច​ដែល​អាច​ជំរុញ​ការប្រើប្រាស់​វេទិកា​នេះ​កាន់តែច្រើន​»​។​

​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ឱ្យ​ដំណើការ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២១-២០៣៥ កាលពី​ខែមិថុនា ឆ្នាំ​២០២១​ ដែល​ត្រូវបាន​រំពឹងថា​គោលនយោបាយ​នេះ​នឹង​ជួយ​បង្កើន​នូវ​សម្ទុះ​ថ្មី​មួយ​ទៅក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង (ICT) របស់​កម្ពុជា និង​កំណត់​ល្បឿន​នៃ​ការអភិវឌ្ឍ​របស់ខ្លួន​ទៅក្នុង​យុគសម័យ​ឌីជីថល ដែលជា​ប្រភព​នៃ​ឱកាស​ថ្មី​មួយ​ក្នុង​ការបង្កើន​ផលិតភាព ប្រសិទ្ធភាព និង​ការប្រកួតប្រជែង​សេដ្ឋកិច្ច​របស់​កម្ពុជា​៕