ភ្នំពេញៈ បំណុល​ទូទៅ​សរុប​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ត្រូវបាន​ព្យាករ​ថា នឹង​កើន​ដល់​ ៣៧,៥​ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ​(GDP) ក្នុង​ឆ្នាំ​២០២៣ ​នេះ ដោយ​កើនឡើង​ពី ៣៦,៥ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២២ ដែលជា​អត្រា​មួយ​ទាប​ជាង​ប្រទេស​សមាជិក​អាស៊ាន​ជាច្រើន​ទៀត​។ នេះ​បើ​យោងតាម​របាយការណ៍​តាមដាន​សារពើពន្ធ​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ​(IMF)​។​

​ទន្ទឹមនឹងនេះ IMF ក៏បាន​ព្រមាន​ថា ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​ជា​ច្រើន​នឹង​ប្រឈម​នឹង​សម្ពាធ​បំណុល​ដោយសារតែ​ការអូសបន្លាយ​នៃ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​តម្រូវឱ្យ​អ្នកបង្កើត​គោលនយោបាយ​ក្នុងស្រុក​ត្រូវ​កែតម្រូវ ឬ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​នូវ​គោលនយោបាយ​សារពើពន្ធ​ដោយ​ផ្ដោត​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ទៅលើ​ស្ថិរភាព​ហិរញ្ញវត្ថុ​។​

​របាយការណ៍​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ​១២ ខែមេសា បាន​បង្ហាញថា បំណុល​សរុប​របស់រ​ដ្ឋា​ភិ​បាល​បាន​ព្យាករ​ថា នឹង​កើន​ឡើងដល់ ៣៧,៥​ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ឆ្នាំ​ ២០២៣ ដោយ​ទាប​ជាង​ប្រទេស​ឡាវ​ដែល​បាន​ព្យាករ​ក្នុង​ចំនួន ១២៣ ​ភាគរយ​, មី​យ៉ាន់​ម៉ា ៦១,៣ ​ភាគរយ​,​សិង្ហ​បុរី ១៣៤,៥​ ភាគរយ​, ថៃ ៦១ ​ភាគ​រយ​,​ម៉ាឡេស៊ី ៦៧ ​ភាគរយ​, ឥណ្ឌូនេស៊ី ៣៩,១​ ភាគរយ និង​ហ្វីលីពីន ៥៦,៧ ​ភាគរយ ប៉ុន្តែ​ខ្ពស់ជាង​វៀតណាម​បន្តិច​គឺ ៣៦,៣​ ភាគរយ ខណៈ​ប្រទេស​ប្រ៊ុ​យ​ណេ​គ្មាន​បំណុល​។​

​លោកស្រី Kristanlina Georgieva នាយិកា​គ្រប់គ្រង IMF នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​របៀបវារៈ​គោលនយោបាយ​សកល​នៅឯ​កិច្ចប្រជុំ​និ​ទាឃ​រដូវ ឆ្នាំ​ ២០២៣ នៅ​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី កាលពី​ថ្ងៃទី​ ១៤ ខែ​មេសា​បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​ពិភពលោក​នឹង​ធ្លាក់​ចុះមក​នៅត្រឹម ២,៨​ ភាគរយ​នៅ​ឆ្នាំ​ ២០២៣ ហើយ​នៅតែ​ចុះខ្សោយ​ប្រហែល ៣​ ភាគរយ​ក្នុង​រយៈ​ពេល ៥​ ឆ្នាំ​បន្ទាប់​។ ជាមួយនេះ លោក​​ស្រី​ឱ្យដឹងថា ប្រទេស​ដែលមាន​ចំណូល​ទាប​នឹង​ប្រឈម​បំណុល​កម្រិត​ខ្ពស់​។​

​លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​ចង់​សង្កត់ធ្ងន់ថា បញ្ហា​មួយ​ដែល​យើងទាំងអស់គ្នា​ត្រូវ​​តែ​យកចិត្តទុកដាក់​នោះ​គឺថា ប្រទេស​ដែលមាន​ចំណូល​ទាប គឺ​ងាយ​រងគ្រោះ​ជាពិសេស​ដោយ​សារ​បំណុល​កម្រិត​ខ្ពស់​។ កំណើន​ប្រាក់ចំណូល​ក្នុង​មនុស្ស​ម្នាក់​របស់​ពួកគេ​មាន​ភាពយឺតយ៉ាវ​ជាង​បណ្ដា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​។ មានន័យថា វា​កាន់តែ​ពិបាក​ខ្លាំង​ឡើងៗ​សម្រាប់​ពួកគេ​ក្នុងការ​តាម​ឱ្យទាន់​បណ្ដា​ប្រទេស​អ្នកមាន​ទាំងនោះ​»​។​

​លោកស្រី​លើកឡើង​ទៀតថា​៖ «​យើង​ក៏បាន​បង្កើន​ការគាំទ្រ​ទៅដល់​ប្រទេស​ដែលមាន​ចំណូល​មធ្យម​ដែល​ងាយ​រង​គ្រោះ រួមទាំង​តាមរយៈ​នៃ​ការកើនឡើង​បណ្តោះអាសន្ន​នៃ​ចំនួន​ប្រទេស​ដែល​សមាជិក​អាច​ខ្ចីប្រាក់​ពី IMF ផងដែរ​»​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​ ២៥ ខែ​​មករា បំណុល​សាធារណៈ​គិត​ត្រឹម​ចុងឆ្នាំ​ ២០២២ របស់​កម្ពុ​ជាមាន​ចំនួន​សរុប ៩,៩៧២៥៩​ ពាន់​លាន​ដុល្លារ ក្នុងនោះ ៩,៩៥៥០៨​ ពាន់​ដុល្លារ​ពី​ប្រភព​ខាងក្រៅ និង​ជិត ២០​ លាន​ដុល្លារ​បានមកពី​ការលក់​មូល​ប​ត្រ​បំណុល​។​

​ប្រទេស​ចិន​តំណាងឱ្យ​ចំណែក​ដ៏​ធំ​បំផុត​នៃ​ប្រភព​ខាងក្រៅ​ទាំងនេះ​គឺ ៤០ ​ភាគរយ បន្ទាប់មក​ដោយ​ប្រភព​ទ្វេភាគី​ផ្សេងទៀត​ចំនួន ២២ ​ភាគរយ ធនាគារ​អភិវឌ្ឍន៍អាស៊ី ២១​ ភាគរយ ធនាគារពិភពលោក ៩ ​ភាគរយ​ «​បំណុល​ចាស់​» ​ចំនួន ៦​ ភាគរយ និង​ប្រភព​ពហុភាគី​ផ្សេងទៀត​ចំនួន ២ ​ភាគរយ​។ នេះ​បើ​យោងតាម​របាយការណ៍​។​

​ក្រសួង​កំណត់​និយមន័យ ​«​បំណុល​ចាស់​» ថា ​«​កើតមុន​ឆ្នាំ ១៩៩៣»​ដូច្នេះ «​បាន​បន្សល់ទុក​ពី​រដ្ឋាភិបាល​មុន​»​។​

​នៅក្នុង​វេទិកាសាធារណៈ កាលពី​ថ្ងៃទី​ ២៥ ខែមករា ឆ្នាំ​ ២០២៣ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្ស៊ី វិសុទ្ធ បានឱ្យដឹងថា បំណុល​សាធារណៈ​របស់​កម្ពុ​ជាស​ម្រា​ប់​មនុស្ស​ម្នាក់ៗ​មាន​ «​ប្រហែល ៦០០ ​ដុល្លារ​» បើ​ធៀប​នឹង​អាមេរិក «​ជិត ១០ ​ម៉ឺន​ដុល្លារ​» ដោយសារតែ ​«​បំណុល​សាធារណៈ​របស់ខ្លួន​ជាង ១២០​ ភាគរយ​ធៀប​នឹង​អនុ​បាត​ផលិតផល​ក្នុងស្រុក​សរុប​។​

​យោងតាម IMF បាន​ព្យាករ​ថា តុល្យភាព​ទូទៅ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​នឹង​ធ្លាក់​ចុះមក​នៅត្រឹម​ដក ៥​ ភាគរយ​ធៀប​នឹង GDP នៅ​ឆ្នាំ​ ២០២៣ ពី​ដក ៤,១ ​ភាគរយ និង​មក​នៅត្រឹម​ដក ៣,៥​ ភាគរយ​នៅ​ឆ្នាំ​ ២០២៣ កើនឡើង​ពី ៥,៨ ​ភាគរយ​នៅ​ឆ្នាំ​ ២០២២​។​

​មូលនិធិ​នេះ​បាន​ព្យាករ​ថា ប្រាក់​ចំណូល​របស់​រដ្ឋាភិបាល​កម្ពុជា​នឹង​កើន​ឡើងដល់ ២៣ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប កើនឡើង​ពី ២២​ ភាគរយ​នៅ​ឆ្នាំ​ ២០២២ ហើយនឹង​កើនឡើង​ដល់ ២៣​ ភាគរយ​នៅ​ឆ្នាំ​ ២០២៤ ខណៈ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ទូទៅ​ត្រូវបាន​ព្យាករ​ថា នឹង​កើន​ដល់ ២៧​ ភាគរយ​នៃ GDP កើន​ពី ២៦,២ ​ភាគរយ​នៅ​ឆ្នាំ ២០២២ ហើយនឹង​ធ្លាក់​ចុះមក​ត្រឹម ២៦,៤​ ភាគរយ​នៅ​ឆ្នាំ​ ២០២៤៕