ភ្នំពេញៈ កម្ពុជា​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ដែល​នឹង​ទទួលបាន​មូលនិធិ​បន្ថែម​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB)​ នៃ​កញ្ចប់​ថវិកា​សរុប ២០,៥​ ពាន់​លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​ការ​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ និង​ការ​អូស​ពេល​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន ដែល​ធ្វើឱ្យ​កើតមាន​វិបត្តិ​ស្បៀងអាហារ និង​ការកើនឡើង​នៃ​អតិផរណា​។​

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ADB នា​ថ្ងៃទី​ ២៤ ខែមេសា ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB)​ បានសម្រេច​ផ្តល់ប្រាក់​ចំនួន ២០,៥​ ពាន់​លាន​ដុល្លារ​ពី​ធនធាន​របស់ខ្លួន​នៅក្នុង​ឆ្នាំ​ ២០២២ ដើម្បី​ជួយ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ឱ្យ​បន្ត​ងើបឡើង​វិញ​ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ បើទោះបី​មាន​លេចឡើង​នូវ​វិបត្តិ​ថ្មីៗ​យ៉ាងណាក្តី​។​

​ប្រាក់​ចំនួន ២០,៥​ ពាន់​លាន​ដុល្លារ​រួមមាន​ប្រាក់កម្ចី និង​ការ​ធានា ប្រាក់​ជំនួយ ការវិនិយោគ​ទុន និង ជំនួយ​បច្ចេកទេស​ដែល​ផ្តល់​ដល់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​។ ADB បាន​ប្រមូល​ថវិកា​បន្ថែម ១១,៤ ពាន់​លាន​ដុល្លារ​ជា​សហ​ហិរញ្ញប្បទាន​។​

​ធនាគារ​នេះ​បានឱ្យដឹងថា​៖ «​ដើម្បី​ដោះស្រាយ​វិបត្តិ​ស្បៀង​អាហារ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​នៅក្នុង​តំបន់ ADB បាន​ផ្តល់ប្រាក់ ៣,៧​ ពាន់​លាន​ដុល្លារ​ ក្រោម​កម្មវិធី​សន្តិសុខ​ស្បៀង​ចំនួន ១៤​ ពាន់​លាន​ដុល្លារ​របស់ខ្លួន ដោយ​ផ្តល់ជំនួយ​ស្បៀងអាហារ​សំខាន់ៗ​សម្រាប់​ប្រជាជន​ដែល​ត្រូវការ​ជំនួយ​បំផុត និង​ពង្រឹង​ប្រព័ន្ធ​ផលិតកម្ម​ស្បៀង​»​។​

​លោក Masatsugu Asakawa ប្រធាន ADB បាន​លើកឡើងថា​៖ «​កញ្ចប់​ថវិកា​នេះ​នឹង​រួមចំណែក​កាត់បន្ថយ​ហា​និ​ភ័យ​ណាមួយ​លើ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ពី​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ និង​ការកើនឡើង​នៃ​តម្លៃ​ទំនិញ​។​

​លោក​ប្រាប់ថា​៖ «​ការគាំទ្រ​របស់​យើង​ក្នុង​ឆ្នាំ​ ២០២២ បាន​ជួយ​ឱ្យ​ប្រទេស​សមាជិក​កំពុងអភិវឌ្ឍន៍​របស់​យើង​ចៀស​ចេញពី​ផលប៉ះពាល់​ភ្លាមៗ​នៃ​វិបត្តិ​ទាំងនេះ ហើយ​ពង្រឹង​ភាព​ធន់​យូរអង្វែង​របស់​ប្រទេស​ដោយ​ផ្តោតលើ​វិស័យ​សំខាន់ៗ​ដូចជា ការប្រែប្រួល​អាកាសធាតុ និង​សន្តិសុខ​ស្បៀង​»​។​

​ដើម្បី​គាំទ្រ​ដល់​ការ​ស្ទុះ​ងើបឡើង​វិញ​សេដ្ឋកិច្ច ADB បានផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការ​​ធ្វើកំណែទម្រង់​ស្ថាប័ន ពង្រឹង​ការផ្តល់​សេវាសាធារណៈ និង​វិស័យសេដ្ឋកិច្ច​សំខាន់ៗ​។ ការ​ផ្តល់​ហិរញ្ញប្បទាន ៣,៩​ ពាន់​លាន​ដុល្លារ​របស់ ADB ដល់​ផ្នែក​ឯកជន រួមមាន​ការគាំទ្រ​ស​ន្ទ​នី​យ​ភាព​មូលដ្ឋាន​ដល់​សហ​គ្រាស​ដែល​កំពុង​ប្រឈម​នឹង​បរិយាកាស​ធុរកិច្ច​ដ៏​លំបាក​។​

​លោក Asakawa បាន​លើកឡើងថា​៖ «​ខ្ញុំ​មាន​ទំនុកចិត្ត​ថា កំណែទម្រង់​ទាំងនេះ​នឹង​ធានាថា ADB ផ្តល់​ការគាំទ្រ​កាន់តែខ្លាំង​នៅក្នុង​តំបន់ រួមទាំង​តាម​រយៈ​ការពង្រីក​ការផ្តល់​ហិរញ្ញ​ប្ប​ទាន​អាកាសធាតុ ការ​កៀរគរ​ការវិនិយោគ​ពី​ផ្នែក​ឯកជន​កាន់តែច្រើន និង​ការផ្តល់​ដំណោះស្រាយ​អភិវឌ្ឍន៍​ទូលំ​ទូលាយ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន​»​។​

ADB បានសម្រេច​ផ្តល់​ហិ​រញ្ញ​ប្ប​ទាន​ចំនួន ៦,៧​ ពាន់​លាន​ដុល្លារ​សម្រាប់​ការកាត់បន្ថយ​ផលប៉ះពាល់ និង​ការ​បន្សាំ​នឹង​អាកាសធាតុ​នៅក្នុង​ឆ្នាំ​ ២០២២ ដែលជា​វឌ្ឍនភាព​ឆ្ពោះទៅរក​មហិច្ឆតា​ក្នុងការ​ផ្តល់​ហិរញ្ញ​ប្ប​-​ទាន​អាកាសធាតុ​ចំនួន ១០០​ ពាន់​លាន​ដុល្លារ ក្នុងអំឡុង​ឆ្នាំ​២០១៩-២០៣០​។​

​ការងារ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ​នៅតែ​ជា​អាទិភាព​ក្នុង​ការងារ​របស់ ADB ដោយ ៩៧​ ភាគរយ​នៃប្រតិបត្តិ​ការ​របស់​ ADB ក្នុង​ឆ្នាំ ២០២២ បាន​ចូល​-​រួមចំណែក​ក្នុង​ផ្នែក​នេះ​។ ប្រតិ​ប​ត្តិ​ការ​ទាំងនោះ រួមមាន​ការ​ផ្តួចផ្តើម​គំនិត​ដើម្បី​កែលម្អ​លទ្ធ​ភាព​ទទួលបាន​ការងា​រ​ប្រកប​ដោយ​គុណភាព​របស់​ស្ត្រី ជំរុញ​ភាពជា​សហគ្រិន​របស់​ស្ត្រី និង​ការកសាង​ភាព​ធន់​របស់​ស្ត្រី​ទាក់ទង​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​៕