ភ្នំពេញៈ ផ្នែក​ឯកជន​រំពឹងថា ផែនការ​នៃ​ការបង្កើន​ចំនួន​ជើងហោះហើរ​រវាង​កម្ពុជា​-​ចិន​ នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​កាន់តែច្រើន​បន្ថែមទៀត ស្រប​ពេល​ប្រទេស​ទាំង​ ២ ​កំពុង​ខិត​ខំ​ជំរុញ​បង្កើន​ចំនួន​ជើង​ហោះ​ហើរ​ត្រង់​ឡើងវិញ​ឱ្យបាន​យ៉ាង​ហោចណាស់ ៣០០​ ជើង​ក្នុង​ ១​ សប្តាហ៍​ ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ចិន​មកកាន់​កម្ពុជា​។​

​កាលពី​ថ្ងៃទី​ ២៥ ខែមេសា លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​កម្ពុជា និង​លោក Song Zhiyong ប្រធាន​រដ្ឋបាល​អាកាសចរ​ស៊ីវិល​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​​ព្រៀង​កិច្ចសហប្រតិបត្តិការ​ស្តីអំពី​ការពង្រឹង​សុវត្ថិភាព​ហោះ​ហើរ​ជាមួយ​ប្រទេស​ចិន​។​

​លោក ហាវ​ណ្ណា​ល់ បានស្នើ​ដល់​ភាគី​ចិន​ឱ្យជួយ​ជំរុញ​ការផ្តល់​អាទិភាព​ក្នុងការ​ស្តារ និង​បង្កើន​ចំនួន​ជើងហោះហើរ​ត្រង់​ឡើងវិញ​រវាង​ប្រទេស​ទាំង​ ២​ ឱ្យបាន​យ៉ាងហោច ៣០០​ ជើង​ ក្នុង ១​ សប្តាហ៍ ដែល​ជើង​ហោះ​ហើរ​រវាង​ប្រទេស​ទាំង ​២ ​នឹង​ជួយ​សម្រួល​ដល់​ការដឹក​អ្នក​ដំណើរ​រវាង​ប្រទេស​ទាំង​ ២ ​ស្រប​ពេល​ប្រទេស​ចិន​ បើក​សេដ្ឋកិច្ច​ឡើងវិញ​។ នេះ​បើតាម​សុន្ទរ​ក​​ថា​របស់លោក ហាវ​ណ្ណា​ល់​។​

​លោក​បាន​ថ្លែងថា​៖ «​ចិន​បានប្រកាសថា កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដំបូង​ដែល​នឹង​ទទួលភ្ញៀវ​ទេសចរ​ចិន ព្រមទាំង​ផ្តល់​អាទិភាព​ក្នុងការ​​ស្តារ និង​បង្កើន​ចំនួន​ជើង​ហោះ​ហើរ​ត្រង់​។ ខ្ញុំ និង​ថ្នាក់ដឹកនាំ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ីវិល ព្រមទាំង​សហគ្រាស​ឧស្សាហកម្ម​អាកាសចរ​ស៊ីវិល សូមបញ្ជាក់​ជាថ្មី​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​ប្រទេស​ចិន និង​ការ​បេ្ត​ជ្ញា​ផ្តល់​សេវាកម្ម និង​សន្តិសុខ​នៃ​អ្នកដំណើរ​តាមផ្លូវ​អាកាស​ទៅមក​រវាង​ចិន​-​កម្ពុជា ប្រកបដោយ​គុណភាព​»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៦ ខែមេសា​ថា រហូតមកដល់​ពេលនេះ លំហូរ​ភ្ញៀវទេសចរ​ចិន​មកកាន់​កម្ពុជា​កំពុងមាន​ភាពល្អប្រសើរ ប៉ុន្តែ​កំណើន​នេះ​នៅ​ពុំទាន់​ដូច​រដូវ​កាល​មុន​កូ​វីដ​ឡើយ​។​

​លោក​ប្រាប់ថា​៖ «​ចាប់តាំងពី​ប្រទេស​ចិន​បើក​សេដ្ឋកិច្ច​ឡើងវិញ​ដែល​អនុញ្ញាតឱ្យ​ប្រជាជន​ខ្លួន​អាចធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស យើង​សង្កេតឃើញថា លំហូរ​ភ្ញៀវទេសចរ​ចិន​ចាប់​ផ្តើម​មាន​ភាពល្អប្រសើរ​ហើយ បើទោះបី​ចំនួន​នេះ​ហាក់​ពុំទាន់​ខ្ពស់​ក៏ដោយ​។ ដូច្នេះ​ផែនការ​នៃ​ការបង្កើន​ជើងហោះហើរ​នឹង​ក្លាយជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុងការ​ផ្តល់​ជម្រើស​កាន់តែច្រើន​ដល់​ភ្ញៀវ​ចិន​មក​កម្ពុជា​»​។

​យោងតាម​លោក ហាវ​ណ្ណា​ល់ ក្នុង​ឆ្នាំ ​២០១៩ (​មុន​វិបត្តិ​កូ​វីដ​ ១៩) ការហោះហើរ​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​អាកាស​រវាង​ប្រទេស​ទាំង​ ២ មាន​ចំនួន​ជាង ៤០០​ ជើង​ក្នុង ១​ សប្តាហ៍ និង​បាន​ផ្សារភ្ជាប់​ទំនាក់ទំនង ៤០​ ទីក្រុង​ (​កម្ពុជា​ ៣ ​ទីក្រុង និង​ចិន ​៣៧ ​ទីក្រុង​)​ ដោយមាន​ក្រុមហ៊ុន​អាកាសចរណ៍​ហោះហើរ ២២​។ ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ និង​បញ្ហា​ប្រឈម​នានា​ដំណើរ​ការចាប់ផ្តើម​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ ២​ នៅពេលនេះ​គឺមាន​ប្រហែល ១០០​ ជើង​ ក្នុង ​១​ សប្តាហ៍ និង ១១ ​ក្រុមហ៊ុន ក្នុងនោះ ៣​ក្រុមហ៊ុន​ពី​កម្ពុជា និង​ ៨​ ក្រុមហ៊ុន​ពី​ប្រទេស​ចិន​។​

​លោក​អះអាងថា​៖ «​បើតាម​ផែនការ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​នៃ​ប្រទេស​ទាំង​ ២ ដែល​បានដាក់​ពាក្យស្នើសុំ​ហោះហើរ​សម្រាប់​រដូវ​កាល​នេះ គឺមាន​រហូតដល់​ប្រមាណ​ជាង ៣០០ ​ជើង​ក្នុង ១​ សប្តាហ៍​»​។

​បើតាម​របាយការណ៍​ក្រសួងទេសចរណ៍ ក្នុង​ខែមករា​-​កុម្ភៈ ឆ្នាំ ​២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ ៨៣៧ ៤៤៦​ នាក់​កើន ៧៧៨,៦​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២៕