ភ្នំពេញៈ ការិយាល័យ​តំណាង​សភា​​ពាណិជ្ជកម្ម​កម្ពុជា ​(CCC) នៅ​ទីក្រុង​ចំនួន ២ ក្នុងប្រទេស​អូស្ត្រាលី នឹង​បើក​ដំណើរការ​ចាប់ពី​ចុង​ប្តា​ហ៍​នេះ​តទៅ ខណៈ​ថ្នាក់ដឹកនាំ​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា មាន​សុទិដ្ឋិនិយម​ថា​នឹង​ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជ​​កម្ម​រវាង​ប្រទេស​ទាំង ២ ឱ្យ​កាន់តែ​សកម្ម​ជាង​មុន​បន្ថែមទៀត​។​

​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ ​២០២៣ បានចេញ​សេចក្តី​ សម្រេច​ចំនួន ២ ស្តីពី​ «​ការបង្កើត​កា​រិ​​យា​ល័យ​តំណាង​សភាពាណិជ្ជកម្ម​​កម្ពុជា​នៅ​ទីក្រុង​មែ​ល​ប៊​ន និង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​» ដោយបាន​សរសេរថា ត្រូវបាន​បង្កើត​កា​រិ​យា​​ល័យ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​មែ​ល​ប៊​ន និង​ទីក្រុង​ស៊ីដនី​។ ការិយាល័យ​តំណាង​សភា​ពាណិជ្ជ​​កម្ម​កម្ពុជា​នៅក្នុង​ទីក្រុង​មែ​ល​ប៊​ន​មាន​សមាជិក​ជ្រើសតាំង​ចំនួន ១៥ ​រូប​ដែល​ជ្រើសតាំង​តាមរយៈ​ការបោះឆ្នោត និង​ការិយាល័យ​តំណាង​សភា​ពាណិជ្ជ​​កម្ម​កម្ពុជា នៅ​ទីក្រុង​ស៊ីដនី មាន​សមាជិក​ជ្រើសតាំង​ចំនួន ១១​រូប​។ ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា​ទាំង ២ គឺ​មិន​ប្រើប្រាស់​ថវិកាជាតិ​ឡើយ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ CCC បានឱ្យដឹងថា ក្នុង​ថ្ងៃទី​ ២ ខែឧសភា ឆ្នាំ​ ២០២៣ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ទៅ​ចូលរួម​ក្នុង​ពិធី​បោះឆ្នោត​ជ្រើស​​រើស​សមាជិក​ការិយាល័យ​តំ​​ណា​ង​សភាពាណិជ្ជកម្ម​កម្ពុជា នៅ​ទីក្រុង​មែ​ល​ប៊​ន និង​ទីក្រុង​​ស៊ីដនី ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី ​៦ និង​ថ្ងៃទី​ ៧ ខែឧសភា ឆ្នាំ​ ២០២៣​។ កម្មវិធី​បោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតី​​ភាព លោក បួន សារៈ​មុនី រដ្ឋ​​លេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មការ​រៀប​​ចំការ​បោះឆ្នោត​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​មែ​ល​ប៊​ន និង​ទីក្រុង​​ស៊ីដនី និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​​ពាណិជ្ជកម្ម និង​សភា​ពាណិជ្ជ​​កម្ម​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​​កម្ពុជា លោក លឹម ហេង ដែល​កំពុង​ដឹកនាំ​គណៈប្រតិភូ​សភា​​ពាណិជ្ជកម្ម​កម្ពុជា​ទៅ​ប្រទេស​​អូស្ត្រាលី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ព្រលានយន្តហោះ​ប្រទេស​​ថៃ នា​ល្ងាច​ថ្ងៃទី​ ២ ខែឧសភា ថា ក្នុង​ដំណើរ​បេសកកម្ម​នេះ ក្រុមការងារ​សភាពាណិជ្ជកម្ម​​កម្ពុជា​នឹង​រៀបចំ​ពិធី​បោះឆ្នោត​ជ្រើសរើស​សមាជិក​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា ចំនួន ២ ​កន្លែង​នៅក្នុង​ប្រទេស​​អូស្ត្រាលី គឺ​នៅ​ទីក្រុង​មែ​ល​ប៊​ន និង​នៅ​ទីក្រុង​ស៊ីដនី​។ បន្ទាប់ពី​ការបោះឆ្នោត​នឹងធ្វើ​ពិធី​បើក​ដំ​​ណើ​រការ​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​តែម្តង​។​

​លោក​បន្ថែមថា ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​នៅ​ប្រទេស​អូ​ស្រា​លី នឹង​ជួយ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ មាន​សម្ទុះ​កាន់​​តែ​ខ្លាំង​ថែមទៀត ខណៈ​ប្រទេស​​កម្ពុជា និង​អូស្ត្រាលី ក៏​ជា​សមា​​ជិ​ក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃ​​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំ​​បន់ (RCEP)​ផ ងដែរ​។​

​លោក​ថ្លែងថា​៖ «​ក្នុង​ដំណើរ​បេសកកម្ម​នេះ​យើង​នឹងធ្វើ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​តំណាង​ការិយាល័យ​សភា​ពា​​ណិ​ជ្ជ​កម្ម​កម្ពុជា ទី​៣ និង​ទី​៤ នៅក្រៅ​ប្រទេស បន្ទាប់ពី​កា​រិ​យា​​ល័យ​តំណាង​នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ ប្រទេស​កាណាដា កាលពី​ខែ​​ឧសភា ឆ្នាំ​ ២០២២ និង​ទីក្រុង​​សេន​ដៃ ប្រទេស​ជប៉ុន កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២៣»​។​

​លោក​បន្តថា ការិយាល័យ​តំណាង​នៅ​អូស្ត្រាលី នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ព្រោះ​តាមរយៈ​លទ្ធផល​នៃ​ការ​​បើក​ដំណើរការ​ការិយាល័យ​តំ​​ណា​ង​នៅក្រៅ​ប្រទេស​ ២ ​កន្លងមក​គេ​សង្កេតឃើញថា កិច្ច​​សហប្រតិបត្តិការ​រវាង​វិ​និ​យោ​​គិ​ន​កម្ពុជា​ជាមួយ​ប្រទេស​ទាំង​​នោះ គឺ​កាន់តែ​ប្រសើរ ដោយមាន​វិនិយោគិន​មួយចំនួន​បានមក​ពិភាក្សា និង​សិក្សា​ស្វែងយល់​ពី​ឱកាស​បណ្តាក់ទុន​ផ្ទាល់ ក៏ដូចជា​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​របស់ខ្លួន​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​ការបើក​ការិយាល័យ​តំណាង​នេះ នឹង​ធ្វើឱ្យ​ទំនាក់ទំនង B to B (​អ្នក​​វិនិយោគ និង​អ្នកវិនិយោគ​) កាន់តែ​ល្អប្រសើរ ហើយក៏​អាច​ធ្វើជា​កន្លែង​ពិភាក្សាគ្នា​រវាង​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង​ ២ ដើម្បី​លើក​ជា​បញ្ហា​សម្រាប់​ឱ្យ​រដ្ឋា​​ភិ​បាល​ជួយ​រក​ដំណោះស្រាយ​រួមគ្នា​ផងដែរ​»​។​

​បើតាម​លោក លឹម ហេង នៅមុន​ពេលធ្វើ​ដំណើរ​ទៅ​ប្រ​​ទេស​អូស្ត្រាលី លោក និង​ក្រុម​​ការងារ​សភាពាណិជ្ជកម្ម​កម្ពុជា ក៏បាន​ជួបពិភាក្សា​ជាមួយ​លោក Justin Whyatt ឯកអគ្គ​រាជ​​ទូត​អូស្ត្រាលី​នៅ​កម្ពុជា​ផងដែរ​។​

​បើតាម​សេចក្តីប្រកាស​ព័​ត៌​​មាន​របស់ CCC នៅក្នុង​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​នេះ​ប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុ​ជា ក៏​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុម​​ហ៊ុន និង​សហគ្រាស​មួយចំនួន​ក្នុងប្រទេស​អូស្ត្រាលី និង​ជួបពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​សិក្សា​ស្វែងយល់​ពី​ស្ថាន​​ភាព ធុរកិច្ច និង​វិនិយោគ និង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ផ្នែក​ឯក​​ជន​នៃ​ប្រទេស​ទាំង​ ២​។​

​ក្នុង​ឆ្នាំ ​២០២២ ការធ្វើ​ពា​ណិ​​ជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា អូស្ត្រាលី មាន​ទឹកប្រាក់ ៥២៣,៦១​ លាន​ដុល្លារ កើន ៦០,៩​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២១ ដែលមាន​ ៣២៥,៤៧​ លាន​ដុល្លារ​។ ការ​​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អូស្ត្រាលី មាន​ចំនួន ៣៧៩,០៣​ លាន​ដុល្លារ កើន​ ៨៤,៦​ ភាគរយ និង​ទំនិញ​នាំ​ពី​អូស្ត្រាលី មាន​ចំនួន ១៤៤,៥៨​ លាន​ដុល្លារ កើន​ ឡើង ២០,៣ ​ភាគរយ​។ បើ​ផ្អែក​តាម​ទិន្នន័យ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឧ​ត្ត​ម​​ភាព​ទៅលើ​អូស្ត្រាលី​ប្រមាណ ២៣៤,៤៦ ​លាន​ដុល្លារ​៕