ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម​ស្នើ​ស្ថានទូត​តួ​ក​គី​កៀរគរ​ធុរជន និង​វិនិយោគិន​តួកគី​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ក្នុង​វិស័យ​កសិកម្ម កសិ-ឧស្សាហកម្ម និង​ការកែច្នៃ​ម្ហូប​តាម​ស្តង់ដា​ហាឡាល ដោយ​ក្រសួង​បញ្ជាក់ថា កម្ពុ​ជាមាន​វត្ថុធាតុដើម​សម្បូរបែប។​

​ការស្នើ​នេះ​ធ្វើឡើង​ក្នុងជំនួប​កាលពី​ថ្ងៃទី ៣ ខែឧសភា នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម រវាង​លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​លោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូត​តួកគី​ប្រចាំ​កម្ពុជា អមដោយ​លោកស្រី Zore Aksahin Simsek ទីប្រឹក្សា​ពាណិជ្ជកម្ម​ដំបូង​នៃ​ស្ថានទូត​តួកគី។

​ភាគី​ទាំង ២ បាន​ពិភាក្សា​លើ​លទ្ធភាព​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត។

​លោកស្រី តឹក​រ៉េត កំរង ថ្លែងថា លោកស្រី Ulku ជានិច្ចកាល បាន​ខិតខំ​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង ២ ហើយ​លោកស្រី តឹករ៉េត កំរង ក៏បាន​លើកឡើង​អំពី​កាលានុវត្តភាព​ធុរកិច្ច និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា។​

​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម​បញ្ជា​ក់នា​ថ្ងៃទី​៤ ខែឧសភា​ថា​៖ «​លោកជំទាវ​រដ្ឋលេខាធិការ [​លោកស្រី តឹករ៉េត កំរង] បានស្នើ​លោកជំទាវ​អគ្គរដ្ឋទូត និង​លោកស្រី​ទីប្រឹក្សា​ពាណិជ្ជកម្ម លើកទឹកចិត្ត​និង​កៀរគរ​ធុរជន និង​វិនិយោគិន​តួកគី​មក​បណ្តាក់ទុន​នៅ​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​កសិកម្ម កសិ-ឧស្សាហកម្ម និង​ការកែច្នៃ​ម្ហូប​តាម​ស្តង់ដា​ហាឡាល ដែល​កម្ពុជា​មាន​វត្ថុធាតុដើម​សម្បូរបែប រួមមាន កៅស៊ូ ដំឡូង​មី ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ស្វាយ ចេក ជាដើម»។

​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​ដកស្រង់​សម្ដី​លោកស្រី Ulku ថា ទំនាក់ទំនង និង​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​នៃ​ប្រទេស​ទាំង ២ ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម បាន​ឈានដល់​ចំណុច​របត់​ថ្មី​មួយ​ពោរពេញ​ដោយ​ថាមវ័ន្ត និង​ការសហការ​ស្អិតរមួត។

​លោកស្រី Ulku បន្តថា ការណ៍​នេះ​បាន​ញ៉ាំងឱ្យ​តួ​ក​គី​បញ្ជូន​ទីប្រឹក្សា​ពាណិជ្ជកម្ម​ដំបូង​និង​បង្កើត​ការិយាល័យ​ពាណិជ្ជកម្ម​ប្រចាំ​កម្ពុជា ដែល​នឹង​ចូលរួម​ចំណែក​បន្ថែម​ក្នុង​កិច្ចសម្របសម្រួល​ការធ្វើ​ធុរកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង ២ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់។

​ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់ថា លោកស្រី Zore បាន​ប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម ការផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​២ និង​ការចែករំលែក​ចំណេះដឹង​តាមរយៈ​ការផ្តល់​វគ្គ​បណ្តុះបណ្តាល​ពាក់ព័ន្ធ​ជាដើម។

​ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់ថា គិត​ត្រឹម​ត្រីមាស​ទី ១ នៃ​ឆ្នាំ ២០២៣ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-តួកគី​សម្រេចបាន​ប្រមាណ ៥២ លានដុល្លា​អាមេរិក ជាមួយនឹង​អត្រាកំណើន​ប្រមាណ ៨០ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២២។

​ប្រភព​ដដែល​បន្តថា ទំនិញ​នាំចេញ​សក្តានុពល​ពី​កម្ពុជា​ទៅ​តួកគី រួមមាន សម្លៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូង​មី ពោត ម្រេច អង្ករ គីមីសរីរាង្គ និង​ថ្នាំជក់​ជាដើម​។ រីឯ​កម្ពុជា​នាំចូល​ទំនិញ​សក្តានុពល​ពី​តួកគី រួមមាន វាយនភ័ណ្ឌ​និង​សម្លៀកបំពាក់ គ្រឿង​ម៉ាស៊ីន​និង​បរិធាន​អគ្គិសនី យានយន្ត​និង​គ្រឿងបន្លាស់ និង​វត្ថុ​ផ្សេងៗ​ធ្វើ​ពី​ស្ពាន់ ជាដើម៕​