ភ្នំពេញៈ កំពង់ផែ​សមុទ្រ​លំ​​ដាប់​អន្តរជាតិ​ទី​១ (​តារា​សាគរ​) នៅ​ខេត្តកោះកុង​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Koh Kong Port Management គ្រោង​បើក​ដំណើរការ​នៅ​ដើម​ឆមាស​​ទី​២ ឆ្នាំ​ ២០២៣ នេះ ខណៈ​ការ​​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​បានបញ្ចប់​រួចរាល់​ហើយ​។ នេះ​បើតាម​អភិបាលខេត្ត​កោះកុង លោកស្រី មិថុនា ភូ​ថង​។​

​ក្រុមហ៊ុន Koh Kong Port Management ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​រាជ​រដ្ឋា​ភិ​​បាល​កម្ពុជា​លើ​វិស័យ​ដឹកជញ្ជូន​តាម​សមុទ្រ​បាន​អភិវឌ្ឍ​កំពង់​​ផែ​សមុទ្រ​លំដាប់​អន្តរជាតិ​ដ៏​ធំ​នេះ​នៅក្នុង​ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង ដែលមាន​សមត្ថភាព​ផ្ទុក និង​ផ្ទេរ​ទំ​​និ​ញ​រាប់ម៉ឺន​តោន​ក្នុង ​១ ​ឆ្នាំៗ​។​

​លោកស្រី មិថុនា ភូ​ថង អភិ​​បាល​ខេត្តកោះកុង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៤ ខែឧសភា​ថា នេះ​ជា​វឌ្ឍនភាព​ថ្មី​មួយទៀត​ដែល​ខេត្តកោះកុង​នឹង​មានកំ​​ពង់​ផែ​លំដាប់​អន្តរជាតិ ដោយ​កំពង់ផែ​នេះ​អាចមាន​សមត្ថភាព​ទទួល​ការចេញ​​ចូល និង​ផ្ទេរ​ទំនិញ​ពី​កប៉ាល់​អន្តរជាតិ​ធំៗ​ដោយផ្ទាល់ គឺ​មិនចាំបាច់​ធ្វើ​តាមរយៈ​កំពង់ផែ​ប្រទេស​ជិត​​ខាង ឬ​ខេត្ត​ព្រះសីហនុ​ឡើយ​។ ដោយ​​សារ​កំពង់ផែ​ដែល​នឹង​បើក​ដំណើរការ​នាពេលខាងមុខ​មាន​ទំហំ​ធំជាងគេ​ក្នុង​ខេត្តកោះកុង ដូច្នេះ​ក្រៅពី​ការដឹកជញ្ជូន​ទំនិញ​ធំៗ វា​ក៏​នឹង​ជួយ​បង្កើន​សក្តា​នុ​​ពល​នាំចេញ​កសិផល​ពី​កម្ពុជា​ទៅ​ក្រៅប្រទេស និង​បង្កើត​ឱកាស​ការងារ​បានជា​ច្រើន​កន្លែង​ផងដែរ​។​

​លោកស្រី​ថ្លែងថា​៖ «​កំពង់ផែ​នេះ​នឹង​ក្លាយជា​ផ្នែក​មួយ​ក្នុង​ការបង្កើន​ចំណូល​ថវិកាជាតិ ពិសេស​ខេត្តកោះកុង ព្រោះ​ជា​ច្រក​សម្រាប់​នាំចេញ​​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​ទីផ្សារ​អន្តរជាតិ​។ ប​ច្ចុ​​ប្បន្ន​យើង​កំពុង​រៀបចំ​ឯកសារ និង​មួយ​​ចំនួន​ដើម្បី​ឈានទៅ​បើក​ដំណើរការ​កំពង់ផែ​នេះ ដែល​អាច​ដំណើរការ​ក្នុង​រង្វង់​ប្រហែល ២៣ ​ខែ​ខាងមុខ​»​។​

​លោកស្រី​បន្ថែមទៀតថា​៖ «​ក្នុងនាម​អាជ្ញាធរខេត្ត ខ្ញុំ​ពិតជា​រីករាយ និង​ស្វា​​គម​ន៍​ចំពោះ​វត្តមាន​របស់​កំពង់ផែ​នេះ ព្រោះ​វា​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ដល់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ទាំងមូល​»​។​

​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់​ដា​រ៉ា បាន​និយាយថា វត្តមាន​កំពង់ផែ​សមុទ្រ​លំដាប់​អន្តរជាតិ គឺ​ពិតជា​ផ្តល់​ភាព​ចំណេញ​ច្រើន​ដល់​សេដ្ឋកិច្ច ព្រោះ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​អាច​បាន បរិមាណ​ច្រើន មានតម្លៃ​សមរម្យ និង​មាន​សុវត្ថិភាព​។ ជាមួយនឹង​បរិមាណ​នៃ​កំណើន​ផលិតផល​ដែល​រោងចក្រ​នានា​ផលិត​បាន និង​កំណើន​ទិន្នផល​ក​សិ​​កម្ម​ជា​បន្តបន្ទាប់​នោះ គឺ​កម្ពុជា​ពិតជា​ត្រូវការ​កំពង់ផែ​កាន់តែច្រើន​ដើម្បី​ដឹកទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​។ លោក​បន្តថា ការបើក​ដំណើរការ​កំពង់ផែ​អន្តរជាតិ ក៏​នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​ឱ្យ​ចូលមក​បណ្តាក់ទុន​ផ្ទាល់ និង​បើក​អាជីវកម្ម​នៅ​កម្ពុជា​កាន់តែច្រើន​ផងដែរ​។​

​លោក​និយាយថា​៖ «​គម្រោង​កំពង់ផែ​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​សម្រាប់​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការបើក​ច្រក​នាំចេញ​ទំនិញ​បន្ថែម និង​ទាក់​​ទាញ​អ្នកវិនិយោគ​ឱ្យមក​បើក​រោងចក្រ​ផលិត​នៅ​កម្ពុជា និង​នាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​»​។​

​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ខេត្តកោះកុង កាលពី​ថ្ងៃទី​ ២ ឧសភា លោក កោ​វ លៀង ប្រធាន​ក្រុមហ៊ុន Koh Kong Port Management បានឱ្យដឹងថា ក្រុមហ៊ុន​លោក​បានរៀបចំ​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ និង​បែបបទ​ឯកសារ​រួចរាល់​អស់ហើយ ដើម្បី​ប្រតិបត្តិ​ការសាកល្បង​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ កំពង់ផែ​នេះ នឹងចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច​ពាណិជ្ជ​​កម្ម​នៅ​កម្ពុជា​ឱ្យ​រីកចម្រើន​កាន់តែ​ឆាប់​​រហ័ស​បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​។​

​ដើម្បី​លើកកម្ពស់​សមត្ថភាព​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ រដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​ខិតខំ​ពង្រីក និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ជា​បន្ត​​បន្ទាប់​ដែលមាន​ដូចជា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​​ខេត្ត​ព្រះសីហនុ​, និង​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​​បាវិត និង​ការបើក​ផ្លូវទឹក​ពី​ទន្លេបាសាក់ ទៅ​សមុទ្រ​ក្នុង​ខេត្តកំពត ជាដើម​៕