ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានធ្វើ​ជាសក្ខីភាព ក្នុងពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​សាងសង់​កំពង់ផែ​ពហុបំណង​កំពត រវាង​ក្រុមហ៊ុន កំពត​ឡូជីស្ទីក​អេនផត ឯ.ក (KAMPOT LOGISTICS AND PORT COMPANY LIMITED) និង​ក្រុមហ៊ុន ឆាយណា​ហាប៊ើរ​អេនជីនារីង ខមភេនី អិលធីឌី CHINA HARBOUR ENGINEERING COMPANY LTD) ។

ការចុះហត្ថលេខា​នេះ​ ធ្វើឡើង​កាលពី​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដោយ​កំពង់ផែ​ពហុបំណង​ដែលបាន​ចុះ​ហត្ថលេខា​សាងសង់​នាឱកាស​នេះ មានទីតាំង​ស្ថិតនៅ​ភូមិចង្អោន សង្កាត់​ព្រែកត្នោត ក្រុង​បូកគោ ខេត្ត​កំពត សាងសង់​លើផ្ទៃ​ដី​ប្រតិបត្តិការ​ទំហំ ៦០០ ហិកតា និង​ត្រូវបាន​សាងសង់​ឡើង​ចាប់តាំង​ពី​ដើម​ឆ្នាំ២០២២ ហើយ​កំពុង​ពង្រីក​ជាបន្ត​បន្ទាប់​ផងដែរ។

បើតាម​តំណាង​ក្រុមហ៊ុន កំពត​ឡូជីស្ទីកអេនផត ឯ.ក កំពង់ផែ​នេះ​ជា​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​តែមួយ​គត់​របស់​ក្រុមហ៊ុន ដែល​បច្ចុប្បន្ន កំពង់ផែ​នេះ​មាន​លទ្ធភាព​ឱ្យ​នាវា​ផ្ទុក​ទំនិញទម្ងន់​ចាប់​ពី ៦០ ០០០ តោន ដល់ ១០០ ០០០ តោន អាច​ចូល​សំចត​បាន។

តំណាង​ក្រុមហ៊ុន​បានបញ្ជាក់​ទៀតថា ក្រុមហ៊ុន​បានខិតខំ​ក្នុងការ​ពង្រីក​កំពង់ផែ​នេះ​ជាបន្តបន្ទាប់ និងបានត្រៀម​ចំណត​នាវា​មួយចំនួន​ដែលនឹង​បំពាក់​ទៅដោយ​ឧបករណ៍​លើក​ដាក់​ទំនើបៗ និងទាន់សម័យ ដើម្បី​បង្កើន​ប្រតិបត្តិការ​អាជីវកម្ម ការនាំ​ទំនិញ​ចេញ​ចូល ឬនាំទំនិញ​ឆ្លងកាត់​ទៅ​ប្រទេស​ទីបី ដែលអាច​ឱ្យ​ធ្វើ​ចំណេញ​ទាំងពេល​វេលា និង​ថវិកា​ដល់ពាណិជ្ជករ និងអ្នក​វិនិយោគទុន។

ជាមួយគ្នា​នេះ​ផងដែរ ក្រុមហ៊ុន​ក៏កំពុង​ខិតខំ​ប្រឹងប្រែងក្នុង​ការលើក​កម្ពស់​គុណភាព​សេវាកម្ម​តាមរយៈ​ការបំពាក់​ដោយគ្រឿង​ម៉ាស៊ីន​ទំនើបៗ និងបច្ចេក​វិទ្យា​ថ្មីៗដើម្បី​បង្កើន​សមត្ថភាព​ការងារ និងបន្ត​ពង្រឹង​សមត្ថភាព​ដល់​កម្មករ និងបុគ្គលិក​ជំនាញ ក៏ដូចជា​ការប្រើប្រាស់​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម ដើម្បី​ពន្លឿន​ប្រតិបត្តិការ​ការងារ និងកាត់បន្ថយ​ការប្រើប្រាស់​ពេលវេលា​សម្រាប់​អតិថិជន​ផងដែរ។

សូមជម្រាប​ថា ថ្លែងនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នាទី​ស្តីការ​គណៈរដ្ឋមន្រ្តី​កាលពី​ពេលថ្មីៗនេះ លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​បានបញ្ជាក់​ថា ខេត្ត​កំពត​មាន​កំពង់ផែ​ខ្នាត​ធំដែលអាច​ឱ្យ​នាវា​ដែលមាន​ចំណុះ ១៥ ម៉ឺនតោន​ចូលចត​បាន។ លោកបាន​បន្ថែម​ថា កំពង់ផែ​ខ្នាត​ធំ​ខេត្ត​កំពត​នេះមាន​ជម្រៅ​ទឹក​ពី ១៦ ទៅ ១៨ ម៉ែត្រ ដែលអាច​ធានា​ដល់​ការចូលចត​នាវា​ខ្នាត​ធំៗ មានចំណុះ​រហូត​ដល់​ទៅ ១៥ ម៉ឺនតោន​អាច​ប្រើប្រាស់​បាន។ បើតាមលោក​អភិបាល​ខេត្ត បច្ចុប្បន្ន​ខេត្ត​កំពត​មាន​កំពង់ផែ​ចំនួន ៥ ក្នុងនោះ​កំពង់ផែ​ទេសចរណ៍អន្តរជាតិ​មួយ​ទើបតែ​បញ្ចប់​ការស្ថាបនា​កាលពី​ពេលថ្មីៗ​នេះ។

«ខេត្ត​កំពត មាន​សក្តានុពល​ធនធាន​ធម្មជាតិ​សម្បូរ​បែប​មាន​ឆ្នេរសមុទ្រ ធនធាន​ជលផល រ៉ែ និង​អគារ​បេតិកភណ្ឌ សម្រាប់​ការអភិវឌ្ឍ​ពហុវិស័យ​ដូចជា វិស័យ​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ ចំណូល​ប្រជាពលរដ្ឋ​ក្នុង​ម្នាក់​ប្រចាំ​ឆ្នាំ ១៨១៥ ដុល្លារ​ក្នុងម្នាក់ ខណៈ​អត្រា​ភាពក្រីក្រ​មាន​ចំនួន ១៤,៨%»។ នេះបើតាម លោក ម៉ៅ ធនិន បានបញ្ជាក់​បន្ថែម៕