រហូត​មកដល់​ពេល​នេះ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះ​អនុស្សរណៈ​នៃការយោគយល់គ្នា​ជាមួយ​ធនាគារពាណិជ្ជ​ចំនួន ១០ រួចមក​ហើយ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ផ្តល់​សេវាទទួល​ប្រាក់ពន្ធ-អាករ​ឱ្យ​អគ្គ​នាយកដ្ឋាន​ពន្ធដារ ខណៈ​ខាង​ពន្ធដារ ជំរុញ​ឱ្យ​ធនាគារពាណិជ្ជដៃគូ យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការពង្រឹង និងបង្កើន​ប្រសិទ្ធភាព​នៃការ​ផ្តល់​សេវា​ដល់​អ្នកជាប់ពន្ធ។

កិច្ចប្រជុំ​ពិភាក្សា​តាមដាន​វឌ្ឍនភាព និងពង្រឹង​ការអនុវត្ត​អនុស្សរណៈ​នៃការយោគយល់គ្នា រវាង​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ធនាគារពាណិជ្ជ​ដៃគូ កាលពី​ដើម​ខែឧសភា ឆ្នាំ២០២៣នេះ លោក កែន សម្បត្តិ អគ្គ​នាយករង នៃ​អគ្គនាយក​ដ្ឋានពន្ធដារ និង​ជាប្រធានក្រុម​ការងារ​ដើម្បី​ពិភាក្សា​កិច្ចការ​បច្ចេកទេស​ក្នុង​ការផ្តល់​សេវា​ទទួល​ប្រាក់ពន្ធ-អាករ គ្រប់ប្រភេទ​តាម​ធនាគារពាណិជ្ជ បានឱ្យដឹង​ថា ការដាក់ចេញ​ឱ្យ​មានការបង់ពន្ធ​តាម​ប្រព័ន្ធធនាគារពាណិជ្ជ​ដៃគូ​នេះ គឺជាយន្តការ​មួយ​ក្នុងការជួយ​សម្រួល​សេវា​បង់ពន្ធ​ក៏ដូចជា​បង្ខិតសេវា​បង់ពន្ធ​ឱ្យ​ទៅជិត​ អ្នក​ជាប់ពន្ធ សំដៅ​ឱ្យ​អ្នកជាប់ពន្ធ​មានភាព​ងាយស្រួល​ក្នុង​ការបង់ពន្ធ។

លោកបានបញ្ជាក់​ថា៖«ការដាក់ចេញ​ឱ្យមាន​ការបង់ពន្ធ​តាមប្រព័ន្ធ​ធនាគារពាណិជ្ជ​ដៃគូនេះ មាន​សារៈសំខាន់​ណាស់ ជាពិសេស​នៅពេល​មាន​វិបត្តិ​នៃជំងឺ​កូវីដ១៩ ផ្ទុះឡើង ដែលអនុញ្ញាត​ឱ្យ​អ្នក​ជាប់ពន្ធ​អាច​ធ្វើការ​ប្រកាស និងបង់​ប្រាក់​ពន្ធ​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន E-Filing និងE-Payment ពី​គេហដ្ឋាន ឬការិយាល័យ​របស់​ខ្លួន ឬពីទី​តាំង​ណាមួយក៏បាន​ឱ្យ​តែមាន​ប្រព័ន្ធ Internet ដោយ​មិនចាំបាច់ ធ្វើ​ដំណើរ​មកជួប​ផ្ទាល់​ជាមួយ​មន្ត្រី​រដ្ឋបាល​សារពើ​ពន្ធ ឬបុគ្គលិក​សាខា​ធនាគារពាណិជ្ជ​ដៃគូ​ឡើយ»។

បើតាម លោក សម្បត្តិ មកដល់​ពេល​នេះ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានចុះ​អនុស្សរណៈ​នៃការយោគយល់គ្នា​ជាមួយ​ធនាគារពាណិជ្ជ​ចំនួន ១០ រួចមក​ហើយ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ផ្តល់​សេវា​ទទួល​ប្រាក់ពន្ធ-អាករ​ឱ្យ​អគ្គ​នាយកដ្ឋាន​ពន្ធដារ ដែលក្នុង​នោះរួម​មាន ១. ធនាគារ កាណា- ឌីយ៉ា ក.អ ២. ធនាគារ អេស៊ីលីដា ភីអិលស៊ី ៣. ធនាគារ កម្ពុជា​សាធារណៈ ភីអិលស៊ី ៤. ធនាគារ វឌ្ឍនៈ ៥. ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ៦. ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ៧. ធនាគារ ពាណិជ្ជ​ក្រៅប្រទេស នៃកម្ពុជា ៨. ធនាគារ ស្ថាបនា ភីអិលស៊ី ៩. ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ និង ១០. ធនាគារវីង (ខេមបូឌា) លីមីធីត។

លោក អគ្គ​នាយករង​បាន​ជំរុញ ឱ្យ​ធនាគារពាណិជ្ជ​ដៃគូ បន្ត​ខិតខំ​យកចិត្តទុក​ដាក់​ខ្ពស់​ក្នុងការពង្រឹង និងបង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវា​ទទួល​ប្រាក់​ពន្ធ​ជូន​អគ្គ​នាយកដ្ឋាន​ពន្ធដារឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ដើម្បី​លើកកម្ពស់​ក្នុងការផ្តល់​សេវា​បង់ប្រាក់​ពន្ធ​ជូន​អ្នកជាប់ពន្ធ និង​អនុលោមភាព​សារពើពន្ធ។

«យើង​សូមលើក​ទឹកចិត្ត​ដល់​ធនាគារពាណិជ្ជ​ដៃគូ ឱ្យ​បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ដោះស្រាយ​បញ្ហា​បច្ចេកទេស​ពាក់ព័ន្ធនឹង​ការទទួល​ប្រាក់​ពន្ធ​ឱ្យបាន​ទាន់​ពេលវេលា និងយកចិត្ត​ទុកដាក់​ពន្លឿន​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន​របស់​ធនាគារពាណិជ្ជ ដៃគូ​នីមួយៗ ដើម្បី​ឈានទៅ​ធ្វើ​សន្ធានកម្ម​ជាមួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ចំពោះ​ធនាគារពាណិជ្ជ​ដៃគូ​ដែល​មិនទាន់ មាន​ប្រព័ន្ធ​នេះ»។ លោក កន សម្បត្តិ​បាន​បន្ថែម។

ដោយឡែក​តំណាង​ធនាគារ ពាណិជ្ជដៃគូ បានយល់​អំពី​ចំណុច​ពាក់ព័ន្ធ​មួយចំនួន ហើយបាន​សន្យាថា​នឹងខិតខំ​យកចិត្ត​ទុកដាក់​បន្ដ​ពង្រឹង និងបង្កើន ប្រសិទ្ធភាព​ក្នុង​ការអនុវត្ត​នៃការផ្តល់​សេវា​ទទួល​ប្រាក់​ពន្ធ ឱ្យ​ស្របទៅនឹង​អនុស្សរណៈ​នៃការ​យោគយល់គ្នា និង​លិខិត បទដ្ឋាន​ពាក់ព័ន្ធ​ជាធរមាន ព្រមទាំង​ខិតខំ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់ធនាគារ ឱ្យបាន​ឆាប់​នាពេល​ខាងមុខ៕