ភ្នំពេញៈ ដំឡូង​មី និង​ផលិត​ផល​ពី​ដំឡូង​មី​ជាង ១​ លាន​តោន ​ត្រូវបាន​កម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៣ ​ខែ​ដំបូង ឆ្នាំ ​២០២៣ ដោយ​ក្នុងនោះ​ជាង ៧៣ ​ភាគរយ​ត្រូវបាន​នាំទៅ​ប្រទេស​ថៃ​។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ទិន្នន័យ​ឱ្យដឹងថា ចាប់ពី​ខែ​មករា​-​ខែមីនា ឆ្នាំ​ ២០២៣ ការ​នាំចេញ​ដំឡូង​មី និង​ផលិតផល​ពី​ដំឡូង​មី​ទៅ​ក្រៅប្រទេស​មាន​សរុប ១ ០៣០ ៨៩១,៣ ​តោន ដែល​ក្នុងនោះ​ប្រភេទ​ចំណិត​ដំ​ឡូង​មី​ក្រៀម​ចំនួន ៨២២ ៧២៨​ តោន ដំឡូង​មី​ស្រស់ ១៥៥ ២១០​ តោន​, ម្សៅដំឡូង​មី ១៤ ៧០១,៣ ​តោន និង​កាកសំណល់​ដំឡូង​មី ៣៨ ២៥២​ តោន​។​

​ផ្អែក​តាម​ទិន្នន័យ​ខាងលើ គឺ​ការនាំ​ចេញទៅ​ប្រទេស​ថៃ​មាន​ចំនួន ៧៥៤ ៣០០​ តោន ស្មើនឹង ៧៣,១៦ ​ភាគរយ​នៃ​ការនាំ​ចេញ​សរុប​របស់​កម្ពុជា​, វៀត​ណា​ម ២៦១ ២១០ ​តោន ស្មើ ២៥,៣៤​ ភាគរយ​, ចិន ១៥ ៣២២​ តោន ស្មើ ១,៤៩ ​ភាគ​​រយ និង​ប្រទេស​ផ្សេងៗ​ដូចជា ជប៉ុន អ៊ីតា​លី និង​ឥណ្ឌា​។​

​យោងតាម​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ ​២០២៣ ការនាំចេញ​ដំឡូង​មី ​(​ក្រៀម និង​ស្រស់​) និង​ម្សៅ​មី មាន​ទឹកប្រាក់​សរុប ២៨៥,០៥​លាន​ដុល្លារ កើនឡើង ២៨,៥​ ភាគរយ​ធៀប​នឹង​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២២ ដែលមាន​ទឹកប្រាក់ ២២១,៨៤​ លាន​ដុល្លារ​។​

​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង លោក គឹម ហួត បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៧ ខែ​ឧសភាថា ដំណើរការ​នាំចេញ និង​តម្លៃ​ដំឡូង​មី ដើមឆ្នាំ ២០២៣ គឺមាន​ភាពល្អប្រសើរ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ហើយ​ទិដ្ឋភាព​នេះ​នឹង​កាន់តែ​វិជ្ជមាន​បន្ថែមទៀត​នាពេល​អនាគត​។ លោក​បន្តថា ដោយសារ​ដំឡូង​មី ត្រូវបាន​រដ្ឋាភិបាល​ចាត់ទុកជា​ប្រ​ភេទ​ដំណាំ​ក​សិ​ឧស្សាហកម្ម​ឈានមុខ​មួយ​នៅ​កម្ពុជា ដូច្នេះ​ការដាំដុះ និង​នាំចេញ នាពេលខាងមុខ គឺ​ប្រាកដជា​ល្អ​។​

​លោក​ថ្លែងថា​៖ «​ទៅ​ថ្ងៃ​អ​នា​គ​ត​ដំឡូង​មី​នឹង​អាច​ល្អប្រសើរ ព្រោះ​បច្ចុប្បន្ននេះ​មាន​គម្រោង​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​បាន​គាំទ្រ និង​កំពុង​សិក្សា​លើ​ខ្សែចង្វាក់​តម្លៃ​ដំឡូង​មី ខណៈ​ដំឡូង​មី គឺជា​ដំណាំ​គោល​របស់​ជាតិ​»​។​

​យោងតាម លោក គឹម ហួត តម្លៃ​ដំឡូង​មី ​(​ក្រៀម និង​ស្រស់​)​ ក្នុង​ខេត្តបាត់ដំបង នៅ​ដើមឆ្នាំ​ ២០២៣ គឺមាន​ភាពល្អប្រសើរ​ជាង​ឆ្នាំ​ ២០២២ ដោយ​ដំឡូង​មី​ក្រៀម ក្នុង​ត្រីមាស​ទី​ ១ មានតម្លៃ​មធ្យម ៩៦៧​ រៀល​ (៨,២​ បាត​)​ ក្នុង​ ១ គីឡូក្រាម​ធៀប​នឹង ៧៩៣ ​រៀល ​(៦,៥​បាត​)​ កាល​​ពី​ត្រីមាស​ទី ​១ ឆ្នាំ​២០២២ និង​ដំឡូង​មី​ស្រស់ តម្លៃ ៣៨៩​ រៀល ​(៣,៣​បាត​) ធៀប​នឹង ៣០៥​ រៀល ​(២,៥​បាត​)​។​

​ដំណាំ​ដំឡូង​មី​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ ក្នុង​រង្វង់ ៨០​ ភាគរយ​ត្រូវបាន​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​ថៃ​ជា​រៀងរាល់ឆ្នាំ និង​សល់​ពី​នោះ​ត្រូវបាន​ប្រើប្រាស់​ក្នុងស្រុក​។ នេះ​បើតាម​លោក គឹម ហួត​។​

​ដំឡូង​មី ជា​ដំណាំ​ក​សិ​-​ឧស្សា​ហ​កម្ម​ឈានមុខ​គេ​មួយ​របស់​កម្ពុជា​។ ដើមឆ្នាំ ​២០២១ កម្ពុជា​បានប្រកាស​ដាក់ចេញ​ជា​ផ្លូវ​ការ​នូវ ​«​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី ២០២០-២០២៥» ក្នុង​គោលបំណង​ដើម្បី​បង្កើន​ផលិតកម្ម និង​ធ្វើឱ្យ​វា​កាន់​តែមាន​លក្ខណៈ​ពាណិជ្ជកម្ម​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។​

​ការនាំចេញ​ដំឡូង​ទៅ​ប្រទេស​ចិន ត្រូវបាន​រំពឹងថា នឹង​កើន​ឡើង​ខ្ពស់ ខណៈ​កាលពី​ថ្ងៃទី​ ១១ ខែមីនា ឆ្នាំ​ ២០២៣ សហ​​ភាព​សហគមន៍​បន្លែ​សុវត្ថិភាព​កម្ពុជា បាន​ចុះកិច្ចសន្យា​ទិញ​-​លក់​ចំណិត​ដំឡូង​មី​ស្ងួត​ជាមួយ​ក្រុមហ៊ុន​ចិន Global Ecological Rice (Cambodia) Co., Ltd. ដើម្បី​ជំរុញ​ការនាំ​ចេញ​ដំឡូង​មី ដោយ​ត្រង់​ទៅ​ទីផ្សារ​ចិន ក្នុង​បរិមាណ​សរុប ៥០០ ០០០​ តោន នៅក្នុង ​១ ​ឆ្នាំ ដោយ​យក​ខេត្តបាត់ដំបង ជាទី​តាំង​គោល​។​

​លោក ជួ មករា ប្រធាន​សហ​ភាព​សហគមន៍​បន្លែ​សុវត្ថិភាព​កម្ពុជា បានឱ្យដឹង​ក្នុងពេលនោះ​ថា សហភាព​មាន​សមត្ថ​ភាពរឹងមាំ​ក្នុងការ​ស្វែងរក​ដៃគូ​កិច្ច​ចរចា និង​ពង្រឹង​ទំនាក់ទំនង​ទីផ្សារ​កសិកម្ម​ជាមួយ​ក្រុមហ៊ុន​បរទេស​ធំៗ​កាន់តែច្រើន ដើម្បី​នាំយក​ផលិតផល​កម្ពុជា​ឆ្ពោះ​​ទៅ​ទីផ្សារ​អន្តរជាតិ​។ ការចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ចិន​គឺជា​លទ្ធផល​ផ្លែផ្កា​មួយ​ក្នុងការ​​ចរចា​ដើម្បី​អភិវឌ្ឍ​ការនាំចេញ​កសិផល​កម្ពុ​ជា​ទៅ​ក្រៅប្រទេស ហើយក៏​ជា​ប្រយោជន៍​រួម​របស់​ប្រជាកសិករ​កម្ពុជា​ផងដែរ​។​

​លោក Zhai MUQI អគ្គ​នា​យក​ក្រុមហ៊ុន Global Ecological Rice (Cambodia) បាន​និយាយថា មុននឹង​ចុះ​កិច្ច​​សហការ​ជាមួយ​កម្ពុជា​ក្រុមហ៊ុន​លោក​ក៏បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​តំបន់​ត្រូ​ពិ​ក Guangxi សិក្សា​ពី​ដី ពូជ​ដំឡូង​មី និង​ទីតាំង​ភូមិសាស្ត្រ​របស់​កម្ពុជា ដែល​ត្រូវ​តាម​តម្រូវការ​របស់​ក្រុមហ៊ុន ថែមទាំង​មានការ​យល់ព្រម​ពី​រដ្ឋាភិបាល​ចិន​ក្នុងការ​នាំចូល​ផលិតផល​កម្ពុជា​ទៅ​ប្រទេស​ចិន​ផងដែរ​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ ធ្លាប់​ប្រាប់ថា ដំឡូង​មី គឺជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម និង​ជា​ផលិតផល​នាំចេញ​សំខាន់​មួយ​របស់​កម្ពុជា​ដែល​រួមចំណែក ៣-៤ ​ភាគរយ នៃ GDP ក្នុង ១ ​ឆ្នាំៗ​។​

​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២២ ការនាំចេញ​ដំឡូង​មី និង​ផលិត​ផល​ពី​ដំឡូង​មី មាន​ចំនួន​សរុប ៣ ២៣០ ១៨៥,៨៦​ តោន​ក្នុងនោះ ការនាំចេញ​ដំឡូង​មី​ក្រៀម ចំនួន ១ ៨១៧ ១៦៨,៤៧​ តោន​, ដំឡូង​មី​ស្រស់ ១ ៣៣១ ៨៥០​ តោន​, ម្សៅដំឡូង​មី ៥៧ ០៦៧​ តោន និង​កាកសំណល់​ ២៤ ១០០,៣៩ ​តោន​។ នេះ​បើតាម​ក្រសួងកសិកម្ម​៕