ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​រក​ចំណូល​ពន្ធ​បាន​ប្រមាណ​ជិត ២១ ​លាន​ដុល្លារ​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​(e-commerce)​ នៅ​ត្រីមាស​ទី​១ ឆ្នាំ ​២០២៣ ដែល​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​ប្រតិបត្តិការ​តាម​អន​ឡាញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពិសេស​ចាប់​​តាំងពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ មក​។​

​យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT) ប្រាក់​​ចំណូល​ពន្ធ​លើ​តម្លៃបន្ថែម​ពី​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅក្នុង​ត្រីមាស​ទី១ ឆ្នាំ​ ២០២៣ មាន​ប្រមាណ ២០,៩១​ លាន​ដុល្លារ ខណៈ​ចំណូល​នេះ​រួមចំណែក​ដល់​ការបង្កើត​ប្រាក់​ចំ​ណូ​ល​ពន្ធ​របស់​រដ្ឋាភិបាល​ពី​អាជីវកម្ម​បច្ចេកវិទ្យា ដែលជា​ប្រភព​ចំណូល​ថ្មី​។​

​លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី ​៧ ខែឧសភាថា ការកើនឡើង​នៃ​អាជីវកម្ម​បច្ចេកវិទ្យា ស្របពេល​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល​បាន​ក្លាយជា​និន្នាការ​ថ្មី​មួយ​នៃ​ការផ្លាស់ប្តូរ​សកម្មភាព​សេដ្ឋ​កិច្ច​នៅ​កម្ពុជា​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​ក្នុងអំឡុង​​ពេល​រីក​រាលដាល​ជំងឺ​កូ​វីដ ​១៩​។​

​លោក​បន្តថា អាជីវកម្ម​ជាច្រើន​កំពុង​ទទួលយក​វេទិកា​ឌីជីថល​ដើម្បី​បម្រើ​ដល់​តម្រូវការ​របស់​អតិថិជន​ដែល​ចូលចិត្ត​ទិញ​ទំនិញ​តាម​អ៊ីន​ធឺ​ណិ​ត ខណៈ​ម​ធ្យោ​​បាយ​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល​ក៏​កាន់​តែមាន​ភាពងាយស្រួល និង​ទាន់ពេលវេលា​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ការកើនឡើង​ប្រាក់​​ចំណូល​ពន្ធ​ពី​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក​កំពុង​បញ្ជាក់ថា ប្រជាជន​យើង​កំ​ពុង​ផ្លាស់ប្តូរ​ទៅ​ទិញ និង​លក់ទំនិញ​តាម​អ៊ីន​ធឺ​ណិ​ត​។ ការណ៍​នេះ​ក៏​បង្កើត​ឱកាស​សម្រាប់​អ្នក​ផលិត​ក្នុងស្រុក​អាច​លក់​ផលិតផល​របស់គេ​កាន់តែ​ទូលំទូលាយ​ក្នុង​វេទិកា​ឌីជីថល​ជាច្រើន​ទៀត​ទៅកាន់​ទីផ្សារ​ដ៏​ធំ​។ ទន្ទឹមនឹងនោះ យើង​ក៏​កត់​សម្គាល់​ពី​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល ដែល​ធ្វើឱ្យ​មនុស្ស​កាន់តែ​ងាយស្រួល​សម្រាប់​ការទូទាត់​របស់​ពួកគេ​»​។​

​លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ក៏បាន​ចង្អុល​បង្ហាញថា ទន្ទឹមនឹងនោះ​ប្រ​ទេស​កម្ពុជា​ក៏មាន​គោលដៅ​ប្រែ​ក្លាយទៅជា​សេដ្ឋកិច្ច​ឌីជីថល​សម្រាប់​ឆ្នាំ​ខាងមុខ​។ ការរីកចម្រើន​ឆាប់រហ័ស​នៃ​ពា​ណិ​​ជ្ជ​កម្ម​តាម​អេឡិចត្រូនិក គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​ចក្ខុវិស័យ​ខាងលើ​។​

​លោក​បញ្ជាក់ថា​៖​ «​យើង​មើលឃើញថា ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មាន​សារៈសំខាន់​កាន់តែខ្លាំង​សម្រាប់​ប្រជាជន​យើង​ជា​រៀងរាល់ថ្ងៃ ដោយ​​សារ​មនុស្ស​ជាច្រើន ជាពិសេស​នៅតាម​ទីក្រុង និង​ខេត្ត​ធំៗ​ចូលចិត្ត​ទិញ​ទំនិញ​និង​សេវាកម្ម​តាម​អី​ុ​ន​ធឺ​ណិ​ត​ជាជាង​ទៅ​ទីផ្សារ​ដោយផ្ទាល់​។ និន្នាការ​នេះ​បង្ហាញថា យើង​កំពុង​ឆ្ពោះ​យ៉ាង​លឿន​ក្នុង​ការទទួលយក​ពិភព​ឌីជីថល​»​។​

​កាលពី​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២២ ​ក្រសួងពាណិជ្ជកម្ម​បាន​ដាក់ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ​នូវ​ខេ​ម​បូ​ឌា​ត្រេ​ត ​(CambodiaTrade)​ ជាមួយ​ដំណោះស្រាយ​ទីផ្សារ​រួមបញ្ចូល​គ្នា ដែល​ចាត់ទុកថា​ជា​ធាតុ​ផ្សំ​សំខាន់​នៃ​គម្រោង​អភិវឌ្ឍន៍​ពា​ណិ​ជ្ជ​កម្ម​អេឡិចត្រូនិក​កម្ពុជា ​(Go4eCAM)​។​

​វេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ត្រូវបាន​គេ​និយាយថា ស្របតាម​ចក្ខុវិស័យ​រយៈពេល​វែង​របស់​រដ្ឋាភិបាល​ក្នុងការ​បង្កើន​តម្លៃ​អតិបរមា​ដែល​ទទួលបាន​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ (4IR)​។​

​នៅក្នុង​ពិធី​សម្ពោធ​នេះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានឱ្យដឹងថា វេទិកា​នេះ​នឹង​ក្លាយជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​មួយ​សម្រាប់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ខណៈពេលដែល​ផ្តល់នូវ​ការបង្ហាញ​នៅក្នុង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​សម្រាប់​ផលិតផល​កម្ពុជា​។​

​លោក​ចាត់ទុក​ការអភិវឌ្ឍ​នៃ​បច្ចេក​វិទ្យា​ឌីជីថល​មូលដ្ឋាន​ទៅនឹង​គោល​​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដោយសារ​វា​ទាក់ទង​នឹង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។ លោក​បន្តថា ទីផ្សារ​អេឡិចត្រូនិក​នឹង​ភ្ជាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក (SME)​ ទៅនឹង​ខ្សែចង្វាក់​តម្លៃ​ក្នុង​តំបន់ និង​ពិភពលោក​៕