ភ្នំពេញៈ ផ្លែ​ចេក​ស្រស់​ចំនួន​ជាង ៩៥​ ពាន់​តោន ត្រូវបាន​កម្ពុជា ​នាំចេញ​ទៅ​លក់​នៅក្រៅ​ប្រទេស​ក្នុង​រយៈពេល ៣ ​ខែ ​ដើមឆ្នាំ​២០២៣ ក្នុងនោះ ​ទីផ្សារ​ប្រទេស​ចិន ​គ្របដណ្តប់​ជាង ៩០​ ភាគរយ​នៃ​បរិមាណ​នាំចេញ​សរុប​។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​​

​របាយការណ៍​នាំចេញ​កសិផល​របស់​អគ្គ​នាយកដ្ឋាន​កសិកម្ម ឱ្យដឹងថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ កម្ពុជា​បាន​នាំចេញ​ផ្លែ​ចេក​ស្រស់​ចំនួន ៩៥ ០២៨,៣៨​ តោន ក្នុងនោះ​នាំទៅ​ទីផ្សារ​ប្រទេស​ចិន ៨៨ ៩៤៧,៩២​ តោន (​ស្មើនឹង ៩៣,៦ ​ភាគរយ​នៃ​បរិមាណ​នាំចេញ​សរុប​), វៀតណាម ៦ ០៦០,៧​តោន ​(​ស្មើ ៦,៣៨ ​ភាគរយ​) និង​ប្រទេស​ជប៉ុន ១៩,៧៦​ តោន (​ស្មើ ០,០២​ ភាគរយ​)​។​

​លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន ឡុង ម៉េ​ត និង​ត្រូ​ពិ​ក​ខេ​ម ដែលជា​ក្រុមហ៊ុន​ដាំ​ដុះ និង​នាំចេញ​ផលិតផល​ផ្លែស្វាយ និង​ចេក​ទៅ​ទីផ្សារ​អន្តរជាតិ កាលពី​សប្តាហ៍​មុន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការដកចេញ​នូវ​វិធានការ​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​១៩ នៅ​ប្រទេស​ចិន បានធ្វើឱ្យ​ការនាំចេញ​ចេក​ពី​កម្ពុជា​ទៅ​ចិន​មាន​សម្ទុះ​កើនឡើង​គួរឱ្យកត់សម្គាល់​នា​ដើមឆ្នាំ​២០២៣ នេះ​។

ការនាំចេញ​ផ្លែ​ចេក​ស្រស់​ ទៅ​ប្រទេស​ចិន ត្រូវបាន​រំពឹងថា នឹងមាន​បរិមាណ​កាន់​តែ​ច្រើន​នៅពេល​ខាងមុខ ខណៈ​ការដឹកជញ្ជូន​ទៅ​ទីផ្សារ​ចិន ក៏មាន​ភាពងាយស្រួល​ដែរ​។ លោក​បន្តថា ក្រៅពី​ផ្លែ​ចេក​ស្រស់ បច្ចុប្បន្ន​កម្ពុជា​ក៏បាន​នាំចេញ​ផលិតផល​កសិកម្ម​ជាច្រើន​មុខ​ទៀ​តទៅ​ប្រទេស​ចិន​មានដូចជា អង្ករ ដំឡូង​មី និង​ផ្លែស្វាយ​ជាដើម​។

​លោក​ថ្លែងថា​៖«​ដោយសារ​ទីផ្សារ​ចិន​មាន​តម្រូវការ​ច្រើន ហើយ​ប្រទេស​ទាំង​២ ក៏មាន​កិច្ចសហការ​ល្អ​ជាមួយគ្នា​នោះ ការនាំចេញ​ផ្លែ​ចេក​ស្រស់ រួម​និង​កសិផល​ជាច្រើន​ទឿ​តទៅ​ចិន​នឹងមាន​បរិមាណ​កាន់តែច្រើន​»​។​

​លោក​បន្តថា ទោះយ៉ាងណា​ទីផ្សារ​ទទួល​ទិញ​ចេក​ស្រស់​ពី​កម្ពុជា គឺ​មានតែ​ប្រទេស​ក្នុង​តំបន់​ដូចជា ចិន វៀតណាម និង​ជប៉ុន ប៉ុណ្ណោះ​។​

​បើតាម​ការប៉ាន់ស្មាន​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ មាន​ទឹកប្រាក់​សរុប​ជាង ៩១៩,៦៩ ​លាន​ដុល្លារ​។ នេះ​បើតាម​ក្រសួងកសិកម្ម​។​

​បច្ចុប្បន្ន​ក្រៅពី​ទីផ្សារ​ប្រទេស​ក្នុង​តំបន់ រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា​ក៏​កំពុង​ខិតខំ​ស្វែងរក​ទីផ្សារ​នៅ​តំបន់​អឺរ៉ុប​ផងដែរ​។ ជាក់ស្តែង​នៅក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា ទៅកាន់​ប្រទេស​បារាំង កាលពីពេល​ថ្មីៗ​នេះ ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​វិស័យ​ឯកជន​ផ្នែក​ដំណាំ​សាកវប្បកម្ម ក៏បាន​ទៅ​សិក្សា​ស្វែងយល់​ពី​តម្រូវការ​ទីផ្សារ​ផ្លែ​ចេក​ស្រស់ នៅ​ប្រទេស​បារាំង​ផងដែរ​។​

​លោក ហ៊ុន ឡាក់ បាន​និយាយថា​៖ «​ការធ្វើដំណើរ​ទៅនេះ គឺ​យើង​ចង់​សិក្សា​ថា តើ​ផ្លែ​ចេក​ស្រស់​យើង​អាច​នាំ​ចេញទៅ​ទីផ្សារ​បារាំង​បាន​ឬ​អត់​? ហើយ​បារាំង​មាន​នាំចូល​ចេក​ពី​ប្រទេស​ណាខ្លះ​ហើយ​? បារាំង​ខ្លួនឯង​អាច​ដាំ​ដុះ​ចេក​បាន ឬ​អត់​? មាន​គុណភាព​យ៉ាងណាខ្លះ​ដែរ​? មានតម្លៃ​បែបណា​? បើ​យើង​នាំទៅ​មានការ​ដឹកជញ្ជូន​ដូចម្តេចខ្លះ​? ក៏ដូចជា​មាន​លក្ខខណ្ឌ​តម្រូវ​អនាម័យ និង​ភូតគាម​អនាម័យ​យ៉ាងដូចម្តេចខ្លះ​? ទាំងនេះ​ជា​អ្វី ដែល​យើង​ត្រូវ​សិក្សា​ឱ្យបាន​ល្អិតល្អន់ មុននឹង​សម្រេច​នាំចេញ​ចេក​ទៅកាន់​ទីផ្សារ​ប្រទេស​បារាំង​»​។​

​ប្រទេស​កម្ពុជា​បានធ្វើ​ពិធី​នាំចេញ​ផ្លែ​ចេក​ស្រស់​ជា​ផ្លូវការ​លើកដំបូង​ទៅ​ប្រទេស​ចិន កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៩​។​

​ទិន្នន័យ​ក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុង​រយៈពេល ១១​ខែ ឆ្នាំ​២០២២ កម្ពុជា​បាន​នាំចេញ​ចេក​ស្រស់​ទៅ​ក្រៅប្រទេស​សរុប ៣៤៥ ៤៧០,២ ​តោន ធ្លាក់ចុះ ១២,៧៣​ ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១៕