ភ្នំពេញៈ បើទោះបី​ប្រទេស​ចិន​បាន​បើក​ឱ្យ​ជនជាតិ​របស់ខ្លួន​អាចធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​តាំងពី​ខែកុម្ភៈ (​បិទ​ខ្ទប់​មួយរយៈ​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩)​ ក៏ដោយ​ក៏​ចំនួន​ភ្ញៀវទេសចរ​ចិន ​ដែល​បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា ពិសេស​ក្នុង​ខេត្តសៀមរាប ហាក់​មិនទាន់មាន​កំណើន​កើន​ច្រើន​គួរឱ្យកត់សម្គាល់​ទេ​មកដល់ពេលនេះ​។ នេះ​បើ​យោងតាម​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​។​

​លោក​ ធៀ​ម ធឿ​ង​ ប្រធាន​សមាគម​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា ដែលមាន​ទីស្នាក់ការ​ក្នុង​ខេត្តសៀមរាប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​៩ ខែឧសភា​ថា ចំនួន​ភ្ញៀវទេសចរ​បរទេស ​ដែល​ធ្វើដំណើរ​មក​កម្សាន្ត​នៅតាម​ប្រាសាទ​នានា​ ក្នុង​ខេត្តសៀមរាប ចាប់ពី​ដើមឆ្នាំ​២០២៣ រហូតមកដល់​ពេលនេះ ​គឺ​កើនឡើង​ដោយ​សន្សឹមៗ ប៉ុន្តែ​សម្រាប់​ភ្ញៀវទេសចរ​ក្នុងស្រុក គឺមាន​សម្ទុះ​ខ្លាំង​។

ចំនួន​ភ្ញៀវ​បរទេស​កើនឡើង​យឺត​នេះ គឺ​ដោយសារតែ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ចពិភពលោក មិនទាន់​ល្អប្រសើរ​បើទោះបី​ការរីក​រាល​ជំងឺ​កូ​វីដ​១៩ មិនមែនជា​ក្តីបារម្ភ​ខ្លាំង​ទៀត​ក៏ដោយ​។ លោក​បន្តថា សម្រាប់​ភ្ញៀវ​បរទេស គឺមាន​ភាគច្រើន​ជា​អ្នក​មកពី​ប្រទេសជិតខាង និង​ក្នុង​ទ្វីបអាស៊ី​តែប៉ុណ្ណោះ​។ សម្រាប់​ភ្ញៀវ​ជនជាតិ​ចិន គឺ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។ ភាគច្រើន​នៃ​ភ្ញៀវ​ជនជាតិ​ចិន​ដែល​មក​កម្ពុជា គឺ​មកជា​ក្រុម​តូចៗ​ដែលមាន​សមាជិក ២-៣​នាក់ គឺ​មិនសូវមាន​ក្រុម​ធំៗ​ឡើយ​។​

​លោក​និយាយថា​៖«​ខ្ញុំ​មិន​ច្បាស់​ថា​ចំនួន​ជើងហោះហើរ​ពី​ប្រទេស​ចិន ​មក​កម្ពុ​ជាមាន​ប៉ុន្មាន​ជើងទេ​ក្នុង ​១​សប្តាហ៍ ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ជនជាតិ​ចិន ​ដែល​មក​ដើរ​កម្សាន្ត​ នៅតាម​ប្រាសាទ គឺ​មិនទាន់មាន​ចំនួន​ច្រើន​នោះទេ​»​។​

​លោក​ប្រាប់ទៀតថា ទោះយ៉ាងណា​ចំនួន​ម​គ្គុ​ទេ្ទ​សក៍​ទេសចរ​ដែល​បាន​ចាក​ចេញពី​វិស័យនេះ​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​១៩ (​ឆ្នាំ​២០២០-២០២២) បាន​ចូលមក​បម្រើការ​វិញ​ច្រើន​ហើយ​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក​ខៀវ​ធី បាន​និយាយថា បើ​ធ្វើការ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន គឺ​សង្កេតឃើញថា​ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​កម្ពុជា​គឺមាន​ការកើនឡើង​ច្រើន ប៉ុន្តែ​បើ​ធៀប​នឹង​ដើមឆ្នាំ​នេះ គឺមាន​កំណើន​តិចតួច​ប៉ុណ្ណោះ​។ ជាង ៧០ ​ភាគរយ ​នៃ​ភ្ញៀវទេសចរ​បរទេស ​មក​កម្សាន្ត​នៅក្នុង​ខេត្តសៀមរាប គឺ​តាមរយៈ​ផ្លូវអាកាស​ដោយ​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​មួយចំនួន​មកពី​ប្រទេស​ចិន និង​កូរ៉េខាងត្បូង​។​

​លោក​និយាយថា​៖ «​ចំនួន​ភ្ញៀវទេសចរ​បាន​កើន​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​ដើមឆ្នាំ ដោយ​ភាគច្រើន​ជា​ភ្ញៀវទេសចរ​មកពី​ប្រទេសជិតខាង​»​។​

​ទាក់ទង​នឹង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ លោក ខៀវ ធី បាន​អះអាងថា ទោះ​ចំនួន​ភ្ញៀវ​បរទេស​មក​កម្សាន្ ត​ក្នុង​ខេត្តសៀមរាប ​ពេលនេះ​មិនមាន​សញ្ញា​កើនឡើង​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​ជាទូទៅ​ព្រឹត្តិការណ៍​​នេះ ​បានធ្វើ​ឱ្យគេ​ស្គា​ល់ពី​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា ដែល​នឹង​អាច​ទាក់ទាញ​ឱ្យ​ពួកគេ​ត្រឡប់មក​ដើរ​កម្សាន្ត​នៅ​កម្ពុជា​នៅពេល​ខាងមុខ​។​

​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៣ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា និង​អាកាសចរ​ស៊ីវិល​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ ស្តីពី​ការពង្រឹង សុវត្ថិភាព​ហោះហើរ ជាមួយ​ប្រទេស​ចិន​។

ជាមួយគ្នានេះ កម្ពុជា​ក៏បាន​ស្នើ​ដល់​ភាគី​ចិន​ឱ្យ​បង្កើន​ចំនួន​ជើងហោះហើរ​ត្រង់​ឡើងវិញ រវាង​ប្រទេស​ទាំង​២​យ៉ាងហោចណាស់​ ៣០០​ ជើង​ក្នុង ​១​ សប្តាហ៍ ដើម្បី​ជួយ​សម្រួល​ដល់​ការហោះហើរ​ដឹក​អ្នកដំណើរ​រវាង​ប្រទេស​ទាំង​ ២ ស្រប​ពេល ដែល​ប្រទេស​ចិន ​បាន​បើក​សេដ្ឋកិច្ច​ឡើងវិញ​។​

​ក្នុង​ឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​ជិត ២,២៨​ លាន​ នាក់ កើនឡើង ១ ០៥៩ ​ភាគរយ​ ធៀប​ឆ្នាំ​២០២១​។​ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​៕