
លោកប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ រូបថត AKP
កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងកម្ពុជា និងវៀតណាម ត្រូវបានចុះហត្ថលេខាដោយភាគីនៃប្រទេសទាំង ២ កាលពីចុងឆ្នាំ ២០២២ កន្លងទៅដោយទទួលស្គាល់នូវផលប្រយោជន៍ដែលទទួលបានពីកិច្ចព្រមព្រៀងស្តីពីការទិញ-លក់ផ្លាស់ប្តូរទំនិញនិងសេវាពាណិជ្ជកម្មនៅតំបន់ព្រំដែនប្រទេសទាំង ២។ ការអភិវឌ្ឍពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំង ២ គឺជាយុទ្ធសាស្ត្រ ១ ក្នុងចំណោមយុទ្ធសាស្ត្រគន្លឹះ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម បន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ២ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែនរបស់ប្រទេសទាំង ២ និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ភាគីនីមួយៗដោយឈរលើមូលដ្ឋានសមភាព និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ទាក់ទងនឹងការចុះកិច្ចព្រមព្រៀងនេះ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងពីផលវិជ្ជមាន និងសារៈសំខាន់របស់កម្ពុជា បន្ទាប់ពីពាណិជ្ជកម្មតាមព្រំដែន រវាងរដ្ឋាភិបាលប្រទេសទាំង ២ ត្រូវបានចុះកិច្ចព្រមព្រៀង។
លោក សំបាន ច័ន្ទដារ៉ា បានធ្វើសម្ភាសន៍ ជាមួយនឹងលោក ប៉ែន សុវិជាតិ ដែលមានខ្លឹមសារដូចតទៅ៖
នៅពេលមានការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម នេះតើលោកយល់ថា នឹងនាំមកនូវលទ្ធផលវិជ្ជមានអ្វីខ្លះដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសជិតខាងទាំង ២?
នៅពេលចូលជាធរមានកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងចូលរួមចំណែកក្នុងការអនុវត្តនូវការធ្វើយុទ្ធសាស្ត្រ ក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ចលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្មពិពិធកម្មទីផ្សារនិងមុខទំនិញនាំចេញ-ចូល រវាងភាគីទាំង ២។ កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែន។
អត្ថប្រយោជន៍បន្ថែមដែលកម្ពុជានឹងទទួល បានពីកិច្ចព្រមព្រៀងនេះមានជាអាទិ៍ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹងចំណេះធ្វើ និងជំនាញថ្មីៗ ពីការវិនិយោគផ្ទាល់របស់ បរទេស ព្រមទាំងបង្កើតការងារថ្មីៗតាមច្រកព្រំដែនជូនប្រជាជនកម្ពុជា ផងដែរ។ ខ្ញុំ រំពឹងថា ការនាំចេញនាំចូលរវាងភាគីទាំង ២ នឹងមានការកើនឡើងជាពិសេស កិច្ចព្រមព្រៀងនេះនឹងសម្រួល ដល់ការនាំចេញកសិផលពីកម្ពុជាទៅវៀតណាមលើកកម្ពស់សេវាកម្ម គាំទ្រដល់ពាណិជ្ជកម្មតាមព្រំដែនមានជាអាទិ៍ ការជួលឃ្លាំង ការបញ្ជូនបន្ត ការដឹកជញ្ជូន ការកែច្នៃ ការរក្សាទុកទំនិញ សេវា ធនាគារ និងហិរញ្ញវត្ថុជាដើម ក៏ដូចជាកិច្ចសហប្រតិបត្តិការទប់ស្កាត់ បង្ក្រាបការរត់ពន្ធនិងការក្លែងបន្លំ ផងដែរ។ ជារួមកិច្ចព្រមព្រៀងនេះ ជាយន្តការក្នុងការជួយសម្រួលដល់ពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំង ២ ឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាស្ថានភាពវិវត្តន៍ថ្មីៗ។
តើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានស្ថានភាពបែបណាដែរ?
បច្ចុប្បន្នភាពជាដៃគូពាណិជ្ជកម្មទ្វេភាគី កម្ពុជា និងវៀតណាម មានស្ថានភាពល្អ។ ការនាំចេញ នាំចូល ជាពិសេសកសិផលនៅតាមព្រំដែន មានការកើនឡើង គួរឱ្យកត់សម្គាល់។ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការធានាដល់ផលប្រយោជន៍ សិទ្ធិសេរីភាពនៃប្រជាពលរដ្ឋនិងពាណិជ្ជករដែលរស់នៅតាមព្រំដែន តាមរយៈការបង្កើតក្របខ័ណ្ឌ និងលក្ខខណ្ឌធានាចាំបាច់នានា សម្រាប់ការធ្វើពាណិជ្ជកម្មតាមព្រំដែន ជំរុញការតភ្ជាប់ បង្កើតទីផ្សារ និងបង្កើនសកម្មភាពពាណិជ្ជកម្ម ទំនិញតាមព្រំដែនរវាងប្រទេសទាំង ២ ក៏ដូចជាការសម្រួលដល់ការចេញចូលរបស់ពាណិជ្ជករនិងប្រជាពលរដ្ឋរស់នៅតាមព្រំដែនផងដែរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម នេះ ជាឧទាហរណ៍ស្រាប់។
តើការធ្វើពាណិជ្ជកម្មតាមបណ្ដោយព្រំដែននេះមានអត្ថប្រយោជន៍យ៉ាងណា?
ការធ្វើពាណិជ្ជកម្មតាមបណ្ដោយព្រំដែននេះមានសារៈសំខាន់ណាស់។ ការអភិវឌ្ឍពាណិជ្ជកម្ម តាមព្រំដែនរវាងប្រទេសទាំង ២ គឺជាយុទ្ធសាស្ត្រ ១ ក្នុងចំណោមយុទ្ធសាស្ត្រគន្លឹះ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ២ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែនប្រទេសទាំង ២ និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ភាគីនីមួយៗដោយឈរលើមូលដ្ឋានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ក្រសួងពាណិជ្ជកម្ម នឹងសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ឱ្យមានប្រសិទ្ធភាព ពិសេសការការពារសុខុមាលភាពប្រជាពលរដ្ឋតាមរយៈការត្រួតពិនិត្យលើគុណភាពទំនិញ បន្លែ ផ្លែឈើ សាច់ ក៏ដូចជាការសម្រួល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមព្រំដែន កាត់បន្ថយចំណាកស្រុក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕