រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃទី​១២ ខែ​ឧសភា បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​គម្រោង​ភាព​ជា​ដៃគូ​សម្រាប់​សកម្មភាព​លើ​សេដ្ឋកិច្ច​បៃតង (PAGE) នៅ​កម្ពុជា ក្នុង​ការ​ពង្រឹង​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ដោយ​ដើរលើ​គន្លង​ប្រកប​ដោយ​ចីរភាព​និង​បរិយាប័ន្ន ។

PAGE គឺជា​កម្មវិធី​រួមគ្នា​របស់​ទីភ្នាក់ងារ​ចំនួន ៥ របស់​អង្គការ​សហប្រជាជាតិ (UN) ដែល​ត្រូវ​បាន​ទទួល​ស្គាល់ កាន់តែ​ខ្លាំងឡើង​ថា ជា​គំរូ​សម្រាប់​ផ្ដល់​ការ​គាំទ្រ​ដែល​មាន​ការ​សម្រប​សម្រួល​ច្បាស់លាស់​របស់ UN ដល់​ប្រទេស​នានា ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDGs) និង​គោលដៅ​នៃ​កិច្ច​ព្រមព្រៀង ទីក្រុង​ប៉ារីស។

ចំណុច​ពិសេស​របស់ PAGE គឺ​ផ្ដោត​លើ​ផ្នែក​ខាងលើ​នៃ​គោល​នយោបាយ​សេដ្ឋកិច្ច ដែល​មាន​សក្តានុពល​ដើម្បី​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច​ទាំងមូល​ឱ្យទៅ​តាម​គន្លង​ប្រកប​ដោយ​ចីរភាព​ជាងមុន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ PAGE ចុះថ្ងៃ​ទី១២ ខែឧសភា។

តំណាងឱ្យ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់ ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព គឺ​លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​បញ្ជាក់​ថា កម្ពុជា​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន ចំពោះ​គោលការណ៍​សេដ្ឋកិច្ច​បៃតង​តាម​រយៈ​ផែនការ​យុទ្ធសាស្ត្រជាតិ​ស្តីពី​កំណើន​បៃតង​ឆ្នាំ ២០១៣-២០៣០ និង​តាម​ការ​ដាក់​ជូន​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង​សម្រាប់ អព្យាក្រឹត​ភាព​កាបូន (LTS4CN) ទៅកាន់​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ ស្តីពី​បម្រែ​បម្រួល​អាកាសធាតុ (UNFCCC) ក្នុង​ឆ្នាំ២០២១។

លោក​ថា៖ «អាស្រ័យ​ហេតុនេះ ការ​ចូលរួម​ភាព​ជា​ដៃគូ​នេះនឹង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ក្នុង​ការ​ប្រមូល​ការ​គាំទ្រ​បន្ថែម ទាក់ទង​នឹង​ចំណេះ​ដឹង​ថ្មីៗ និង​ទាន់សម័យ និង​ហិរញ្ញ​វត្ថុ ដើម្បី​ពន្លឿន​ការ​ផ្លាស់ប្ដូរ​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​បៃតង ប្រកប​ដោយ​បរិយាប័ន្ន»។

លោក Asad Naqvi ប្រធាន​លេខាធិការដ្ឋាន PAGE បាន​និយាយ​លម្អិត​អំពី​ភាព​ខ្លាំង​នៃ​កម្មវិធី PAGE ថា វាមាន​សមត្ថភាព​ក្នុង​ការ​សិក្សាជា​បន្ត​បន្ទាប់​ពី​ភាព​ជាក់ស្តែង​នៅ​មូលដ្ឋាន និង​ពិនិត្យ កែ​សម្រួល គំរូ​ផ្ដល់​ការ​គាំទ្រ និង​នីតិវិធី​ប្រតិបត្តិការ​ដែល​សមស្រប​បំផុត​ដើម្បី​ជំរុញ​ការ​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច​បៃតង​របស់​ប្រទេស​ដែល​ជួយ​ដល់​ការ​សម្រេច​បាន​នូវ​គោលដៅ​ចីរភាព​ជាសកល។

លោក Asad បន្តថា ៖ «ពួកយើង​ទន្ទឹង​រង់ចាំ​ចែក​រំលែក​បទពិសោធន៍ និង​ជំនាញ​របស់​យើង​ជាមួយ​ប្រទេស​កម្ពុជា ប៉ុន្តែ​ក៏​រៀនសូត្រ​ពី​កម្ពុជា​ពី​របៀប​ដែល​កម្មវិធី PAGE អាច​គាំទ្រ​ប្រទេស​នានា​ឱ្យ​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច បង្កើត​ការងារ និង​វិបុលភាព​តាម​រយៈការ​វិនិយោគ​ក្នុង​ដំណោះស្រាយ​សម្រាប់​បញ្ហា​ប្រឈម​ទៅ​នឹង​ចីរភាព​នា​ពេល​បច្ចុប្បន្ននេះ»។

ថ្លែងក្នុង​នាម​ទី​ភ្នាក់ងារ​ទាំង ៥ របស់​អង្គការ​សហប្រជាជាតិ​ដែល​គាំទ្រ​ការ​អនុវត្ត PAGE Cambodia លោក សុខ ណារិន តំណាង​ប្រចាំប្រទេស​របស់​អង្គការ UNIDO បាន​រំឭក​ឡើងវិញ​នូវ​ការ​ប្តេជ្ញាចិត្ត​រួម​របស់​អង្គការ​សហប្រជាជាតិ ក្នុង​ការ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា ដើម្បី​ធានា​ថា PAGE Cambodia ចូលរួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​បៃតង ប្រកប​ដោយ​បរិយាប័ន្ន​នៅ​ក្នុង​កម្ពុជា។

លោកថា៖ «ការ​អនុវត្ត​កម្មវិធី PAGE ដើរ​ស្របគ្នា​យ៉ាង​ពេញលេញ ហើយ​ក៏​ចូលរួម​ចំណែក​ដល់​ការ​សម្រេច​បាន​នូវ​គោល​បំណង​រួម​នៃក្របខ័ណ្ឌ កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ (UNSDCF) ២០២៤-២០២៨»។

គម្រោងភាព​ជា​ដៃគូ​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​សហភាពអឺរ៉ុប (EU) ស៊្វីស អាល្លឺម៉ង់ ស៊ុយអែត ហ្វាំងឡង់ ន័រវេស និង​កូរ៉េខាងត្បូង ហើយមា​នរយៈពេល ៥ ឆ្នាំ រួម​បញ្ចូល​ដំណាក់កាល​ចាប់ផ្ដើម​មួយ​ឆ្នាំ​ដែល​នឹង​បញ្ចប់​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២៣។

PAGE បាន​ធ្វើការ​ជាមួយ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ក្នុង​ការ​សិក្សា​លើ​វិសាលភាព (scoping study) ដើម្បី​ធានា​ថា ការ​គាំទ្រ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ភាព​ស្របគ្នា​យ៉ាង​ពេញលេញ​ជាមួយ​នឹង​យុទ្ធសាស្ត្រ និងកម្មវិធី​ដែល​មាន​ស្រាប់។ ការ​សិក្សា​នេះ គឺ​ដើម្បី​កំណត់​ពី​ឱកាស និង​ជម្រើស​សម្រាប់​កំណែ​ទម្រង់​គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងតាម​វិស័យ រួម​ទាំង​វិស័យ ដែល​សក្តានុពល​ខ្ពស់​ដូចជា វិស័យកាត់ដេរ ទេសចរណ៍ កសិកម្ម និង​ហិរញ្ញវត្ថុ ដែល​អាច​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច​បៃតង៕