កោះកុងៈ​ អភិ​បាល​ខេត្ត​កោះ​កុង​បានឱ្យដឹង​ថា គ​ម្រោង​ដាក់​ឱ្យ​ដំណើរ​ការ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​តារា​សាគរ​ខេត្ត​កោះកុ​ង អាច​នឹង​ត្រូវ​លើក​ពេល​បន្ត​ទៀត​ ដោយសា​រ​ក្រុមហ៊ុ​ន​អភិ​វឌ្ឍន៍​ត្រូវការ​ពេ​លវេលា​បន្ថែម​ ដើម្បី​បញ្ចប់​ការ​សាង​ស​ង់ និង​កែ​ប្រែ​ចំណុច​ខ្វះ​ខាត​ដែល​នៅ​សេស​សល់​មុន​នឹង​អាច​បើក​ដំណើរ​ការ​សាក​ល្បង​បាន​។

​បើតាម​បញ្ជាក់​ពី​លោក​​ស្រី មិថុនា ភូ​ថង អភិបាល​ខេត្ត​កោះ​កុង នាពេល​ថ្មី​នេះ​បាន​ឱ្យដឹង​ថា គម្រោង​ដាក់​ឱ្យ​ដំណើរ​ការ​នេះ​ទំនង​ជា​អាច​ត្រូវ​ពន្យារ​ទៅ​ពេល​ក្រោយ​ទៀត​ដោយ​សារ​មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​អភិវឌ្ឍ​ន៍​មិនទា​ន់បា​ន​បញ្ជាក់​ពី​ភាព​រួចរាល់​របស់​ខ្លួន​នៅឡើ​យ​​។ ទោះ​យ៉ាង​ណា​ក៏ដោយ​ លោកស្រី​​ មិន​ទាន់​អាច​បញ្ជាក់​លម្អិត​ពី​ចំណុច​ខ្វះ​ខាត​ដែល​ត្រូវ​កែប្រែ​ទាំង​នេះ​ទេ​។​

​ទោះ​ជាយ៉ា​ងនេះ​​ក្តី លោ​កស្រី ​មិថុនា ភូ​ថង បាន​បង្ហាញ​ក្តី​រំពឹង​ថា​៖ ក្រោយ​ព្រលាន​យន្ត​ហោះ​នេះ​ដាក់​ឱ្យ​ដំណើរ​ការ​វា​នឹង​ជួយ​ធ្វើ​ឱ្យ​វិស័យ​ទេសច​រណ៍​របស់​ខេត្ត​នេះ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត​ ពិសេស​ជួយ​ស្រូប​ទាញ​ភ្ញៀវទេស​ចរ​បរ​ទេស​ឱ្យ​មក​កម្សាន្ត​នៅ​ខេត្ត​នេះ​កាន់​តែ​ច្រើន​ថែម​ទៀត​។ លើ​សពី​នេះ​ព្រលាន​យ​ន្តហោះ​​នេះ​នឹង​រួម​ចំណែក​ជួយ​សម្រួល​ដល់​​ការដឹ​កជញ្ជូន​តាមផ្លូវ​អាកាស ទា​ក់ទា​ញ​ការវិ​និយោគ និង​ជំរុញ​ការធ្វើ​ពាណិ​ជ្ជក​ម្ម​ជាមួយ​បណ្តា​ប្រទេស​ផ្សេ​ងៗ​​ជាដើម​»​។​

​ទាក់​ទង​នឹង​ការ​ដាក់​ឱ្យ​ដំណើរ​ការ​អាកាស​យាន​ដ្ឋាន​អន្ត​រជា​តិ​នេះ លោក ស៊ី​ន ចាន់​សិរី​វុត្ថា ​អនុរ​ដ្ឋលេខា​ធិការ​ និង​ជា​អ្នកនាំ​ពាក្យ​រដ្ឋលេខាធិ​កា​រដ្ឋា​ន​អាកាស​ចរស៊ីវិល​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១៤​ ខែ​ឧសភា ​ឆ្នាំ​២០២៣ ​ថា គម្រោង​ដាក់​ឱ្យ​ដំណើរ​ការ​ហោះ​ហើរ​សាក​ល្បង​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ ​អាច​នឹង​ត្រូវ​ពន្យារ​ពេល​បន្ថែម​ទៀត​មែន​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ដោយ​សារ​ក្រុមហ៊ុ​ន​អភិវឌ្ឍន៍​មិន​ទាន់​បញ្ចប់​ទាំង​ស្រុង​លើ​ការអ​ភិ​វឌ្ឍ និង​បំពេញ​បែប​ឯកសារ​ពាក់​ព័ន្ធ​សុវត្ថិ​ភាព​នៃ​ការ​ហោះ​ហើរ​ តែ​យ៉ាង​ណា​យើង​រំពឹង​ថា ​ព្រលាន​យន្ត​ហោះ​នេះ​នឹង​អាច​ដាក់​ឱ្យ​ដំណើរ​ការ​ក្នុងពេ​ល​ឆាប់ៗ​ខាង​មុខ​នេះ​»​។​

​ចំពោះ​ស្ថាន​ភា​ព​នៃ​ការហោះ​ហើរ​​នៅ​កម្ពុ​ជា​បច្ចុប្ប​ន្ន លោក ស៊ីន ចាន់​សិរី​វុត្ថា ធ្លាប់​បាន​ថ្លែង​កាលពី​ចុងខែ​មេសា​ថា​ មាន​ក្រុម​ហ៊ុន​អាកាស​ចរ​ណ៍​អន្តរ​ជាតិ​ចំនួន​២៧​ក្រុមហ៊ុ​ន បា​ន​ត​ភ្ជាប់​ជើង​ហោះហើ​រ​ឡើងវិ​ញ គឺ​ស្មើនឹង​ជិត​៦០​​ភាគរយនៃ​ឆ្នាំ​២០១៩​ ដែល​កំពុង​ហោះ​ហើរ​ចេញ​-​ចូល ​កម្ពុជា ខណៈ​ផ្លូវ​ហោះ​ហើរ​ដែល​នាំមុខ​គេ​នោះ​គឺ ផ្លូវ​ហោះ​ហើរ​ រវាង​ ភ្នំពេញ​-​បាងកក​-​ភ្នំពេញ​ ភ្នំពេញ​-​សិង្ហ​បុរី​-​ភ្នំពេញ​ ភ្នំពេញ​-​គូ​ឡា​ឡាំ​ពួរ​-​ភ្នំពេញ និង​ភ្នំពេញ​-​សៃ​ហ្គ​ន​-​ហា​ណូយ -​ភ្នំពេ​ញ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៩ ។​

«​ថ្មីៗ​នេះ​ក៏មាន​ការ​រពឹង​ទុក​ថា ផ្លូវ​ហោះ​ហើរ រវាង​ប្រទេស​ចិន និង​កម្ពុជា​នឹង​អា​ចឈាន​ទៅជា​ផ្លូវ​ហោះហើរ​ នាំ​មុខគេ​​ថ្មី​បន្ថែម​ទៀត​ផ​ងដែ​រ។​ជាមួយ​នឹង​​ការ​លុប​ចោល​នូវ​គោលន​យោបា​យ​សូន្យ​កូ​វីដ(​គ្មាន​ការកំណត់​កូតា​ទៀត​ឡើយ​)យើង​រំពឹងទុ​ក​​ថា ជើងហោះហើរ រវាង​ចិននិង​កម្ពុជា​នឹង​មាន​ការកើន​ឡើង​ជា​លំដាប់​បន្ទាប់​ពី​ចូលឆ្នាំ​ចិន​រួច »​។ នេះ​បើតាម​លោក ​ស៊ីន ចាន់​សិរី​វុត្ថា​ បាន​បញ្ជាក់​បន្ថែម​។​

​សូមជ​ម្រាប​ថា ​អាកាស​យាន​ដ្ឋាន​​អន្តរជាតិ​តារា​សាគរ​ដំណាក់​កាល​ទី​១​ អភិវឌ្ឍ​លើ​ផ្ទៃដី​២១៨​ហិកតា​ និង​មាន​ដី​បម្រុង​សម្រាប់​ការអ​ភិវឌ្ឍ​បន្ត​១​ពាន់​ហិកតា ​ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​២​០០​លាន​​ដុល្លារដែល​ជា​ការវិ​និយោគ​គាំទ្រ​វិស័យ​ទេស​ចរណ៍​។

​តាម​ផែន​ការ​អភិវ​ឌ្ឍន៍​រយៈ​ពេល​ខ្លី និង​មធ្យម ​ព្រលាន​យន្ត​ហោះ​នេះ​រំពឹង​ទទួល​បាន​អ្នក​ដំណើរ​៧​លាន​នាក់ និ​ង​ទំនិញ​១​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០២១-​២០៣០ និង​បន្ត​កើនឡើ​ង​អ្នក​ដំណើរ​២០​លាន​នាក់ និង​ទំនិញ​៦​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០៣០-២​០៥០​។​ អាកាស​យាន​ដ្ឋាន​នេះ​អាច​ផ្តល់​សេវា​កម្ម​ដឹក​អ្នក​ដំណើរ​តាម​យន្ត​ហោះ ​Boeing-777 ​និង​ Airbu​s A-340​៕