ភ្នំពេញៈរោងចក្រ​/​សហគ្រាស​ប្រមាណ ​១៧៥ និង​ផ្តល់​ការងារ​ជាង ៣​ ម៉ឺន ​កន្លែង ​កំពុងបើក​ដំណើរការ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​ក្រុងព្រះសីហនុ​ (SSEZ) ដែល​ភាគច្រើន​មាន​ម្ចាស់​ជា​វិនិយោគិន​មក​ពី​ប្រទេស​ចិន និង​តំបន់​អាស៊ីអាគ្នេយ៍​។​

​យោងតាម​គេហទំព័រ​ក្នុងស្រុក freshnewsasia.com ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែឧសភា បានឱ្យដឹងថា គិត​រហូតមក​ដល់ពេលនេះ​មាន​ក្រុមហ៊ុន​/​សហគ្រាស ចំនួន ​១៧៥ ដែល​ផ្តល់​ការងារ​បាន​ជាង ៣​ ម៉ឺន ​កន្លែង​កំពុង​បើក​ដំណើរការ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​ក្រុងព្រះសីហនុ ​(SSEZ)​។ មាន​សហគ្រាស​មកពី​ប្រទេស​ចិន អាស៊ីអាគ្នេយ៍ អឺរ៉ុប និង​អាមេរិក​សរុប​ចំនួន​ ១៧៥ បាន​វិនិយោគ​ធ្វើ​អាជីវកម្ម​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។​

​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ​ជា​ ចាន់​ដា​រ៉ា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​១៤ ខែឧសភា​ថា ភាពអំណោយ​ផល​នៃ​ទីតាំង​ភូមិសាស្ត្ រ​ដែល​នៅ​ជិត​កំពង់ផែ​អន្តរជាតិ បាន​ជួយ​ឱ្យ​​​តំបន់​សេដ្ឋកិច្ច​ពិសេស ​ក្រុងព្រះសីហនុ​ ទាក់ទាញ​បាន​គម្រោង​វិនិយោគ​ជា​បន្តបន្ទាប់ ​ឱ្យទៅ​បើក​រោងចក្រ​/​សហគ្រាស នៅ​ទីនោះ មានដូចជា រោងចក្រ​ដេរ​សម្លៀកបំពាក់ បរិក្ខារ​ធ្វើដំណើរ គ្រឿង​បង្គុំ​អគ្គិសនី​-​អេឡិច​ត្រូនិក គ្រឿង​សង្ហា​រឹម ផលិត​បរិក្ខារ​សូ​ឡា និង​សម្បក​កង់​រថយន្ត ជាដើម​។ សម្រាប់​វិនិយោគិន​ដែល​កំពុង​បណ្តាក់ទុន​នៅ​ទីនោះ មាន​ភាគច្រើន​មកពី​ប្រទេស​ចិន តំបន់​អាស៊ីអាគ្នេយ៍ អឺរ៉ុប និង​អាមេរិក​។​

​លោក​ថ្លែងថា​៖«​មូល​ហេតុដែល​ធ្វើឱ្យ​តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ មាន​ក្រុមហ៊ុន​/​សហគ្រាស កំពុងដំណើរការ​ច្រើន គឺ​វា​ស្ថិតក្នុង​ទីតាំង​មាន​សក្តានុពល​ខ្ពស់ ដែល​ផ្តល់នូវ​ភាពងាយស្រួល​ក្នុងការ​ជ្រើសរើស​កម្មក​រ ក៏ដូចជា​ការដឹកជញ្ជូន​ទំនិញ​ចេញ​-​ចូល ព្រោះ​នៅ​ជិត​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​តែម្តង​»​។​

​លោក​បាន​ប្រាប់ទៀតថា ទោះ​មាន​វិនិយោគិន​បណ្តាក់ទុន​នៅក្នុង SSEZ ភាគច្រើន​មកពី​ប្រទេស​ចិន ប៉ុន្តែ​ទំនិញ​ដែល​ផលិត​បាន គឺ​ភាគច្រើន​ត្រូវបាន​គេ​នាំ​ចេញទៅ​ទីផ្សារ​អាមេរិក អឺរ៉ុប និង​មួយចំនួន​ក្នុង​ទ្វីបអាស៊ី​។​

​ទាក់ទង​នឹង​ចំនួន​ក្រុមហ៊ុន​ដែល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​នាពេលខាងមុខ លោក ចាន់​ដា​រ៉ា អះអាងថា​៖«​ខ្ញុំ​មានជំនឿថា​ចំនួន​ក្រុមហ៊ុន​/​សហគ្រាស​ ដែល​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ពិសេស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ នឹងមាន​ចំនួន​កាន់តែច្រើន​នៅពេល​សេដ្ឋកិច្ច​សកល​ដំណើរ​ការល្អ​ឡើងវិញ បន្ទាប់ពី​វិបត្តិ​នានា​ដែល​កំពុង​កើតមាន​ពេលនេះ​បញ្ចប់​ទៅវិញ​»​។​

​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំង​ប៉រ បាន​និយាយថា បើសិន​កម្ពុជា​អាចធ្វើឱ្យ​តម្លៃ​អគ្គិសនី​កាន់តែ​ទាប​ថែមទៀត​នោះ វា​នឹង​ក្លាយជា​ចំណែក​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​បញ្ចេញ​ទុន​កាន់តែច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​។ នៅពេល​តម្លៃ​អគ្គិសនី​ទាប វា​នឹង​ជួយ​កាត់បន្ថយ​ចំណាយ​ថ្លៃដើម ដែល​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​កាន់តែខ្លាំង​។​

​លោក​អះអាងថា​៖«​តម្លៃ​ប្រេង និង​តម្លៃ​អគ្គិសនី ជា​កត្តា​គួបផ្សំ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​វិនិយោគិន​ក្រៅប្រទេស ព្រោះ​ប្រេង និង​អគ្គិសនី គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ផ្នែក​ផលិតកម្ម ក្រៅពី​ការចំណាយ​លើ​វត្ថុធាតុដើម និង​កម្លាំង​ពលកម្ម​។ កាលណា​តម្លៃ​ប្រេង រួមទាំង​តម្លៃ​អគ្គិសនី​មាន​ស្ថិរភាព និង​តម្លៃ​ទាប អ្នកវិនិយោគ​ក្រៅ​ស្រុក​នឹង​មើលឃើញ​ឱកាស​ផ្សេងៗ​ចេញពី​កត្តា​ទាំងអស់នោះ​»​។​

​កាលពី​ថ្ងៃទី​២៦ ខែមេសា ក្នុងពេល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Chen Jiangang ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​លើកឡើងថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ តាមរយៈ​ការបង្កើត​ការងារ និង​ប្រាក់ចំណូល​សម្រាប់​គ្រួសារ និង​កំណើន​សេដ្ឋកិច្ចកម្ពុជា​យ៉ាងច្រើន​៕