ភ្នំពេញៈ ការ​ងើបឡើង​យឺត​នៃ​ការមកដល់​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​បានធ្វើឱ្យ​ការផ្តល់​កម្ចី​របស់​ធនា​គារ​សហគ្រាស​ធុន​​តូច និង​មធ្យម (SME Bank) ដល់​អាជីវកម្ម​ក្នុង​វិស័យ​ទេស​ចរណ៍​បាន​ចំនួន​ត្រឹមតែ ៣៤៦ ជាមួយ​ទំហំ​ហិរញ្ញប្បទាន​ចំនួន ៥៣,៤៦​ លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង ៣៥,៦៤​ ភាគរយ នៃ​គម្រោង​ថវិកា​សរុប ១៥០​ លាន​ដុល្លារ​បើ​គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែ​មេសា ឆ្នាំ​ ២០២៣ ដោយសារតែ​បណ្តា​ម្ចាស់​អាជីវកម្ម​នៅក្នុង​វិស័យនេះ​ហាក់​ស្ទាក់ស្ទើរ​ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​កម្ចី​នេះ​។​

​លោក លឹម អូន អគ្គនាយក​ធនាគារ SME បានឱ្យ ​ភ្នំពេញ​ ប៉ុស្តិ៍​ ដឹងនៅ​ថ្ងៃទី​ ១៤ ខែឧសភា​ថា សម្រាប់​ការផ្តល់​ឥណទាន​ដល់​អាជីវកម្ម​ក្នុង​វិស័យ​ទេស​ចរណ៍​ គឺមាន​ភាពយឺតយ៉ាវ​ជាង​ការរំពឹង បើទោះបី​គម្រោង​នេះ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជិត ១​ ឆ្នាំ​ហើយ​ក្តី​។

លោក​បន្ថែមថា ចំពោះ​ហិរញ្ញប្បទាន​ដែល​ផ្តល់​ខាងលើ គឺ​អាជីវកម្ម​សណ្ឋាគារ​មាន ២៩​ ភាគរយ​, អាជីវកម្ម​ផ្ទះ​សំណាក់ ២៥​ ភាគរយ​, អាជីវ​កម្ម​ភោជនីយដ្ឋាន ៣១ ​ភាគរយ និង​អាជីវកម្ម​គាំទ្រ​វិស័យ​ទេស​ចរណ៍ មាន​ចំនួន ១៥ ​ភាគរយ ដោយ​ក្នុងនោះ​មាន​សហគ្រិន​ជា​ស្ត្រី ៤១​ ភាគរយ​។​

​លោក​និយាយថា​៖ «​ចំពោះ​ហេតុផល​នៃ​ភាពយឺតយ៉ាវ​នៃ​ការផ្តល់​ឥណទាន​ដល់​បងប្អូន​នៅក្នុង​វិស័យ​ទេសចរណ៍​នេះ គឺ​ដោយសារ​ពួកគាត់​ហាក់​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការដាក់​ស្នើសុំ​ឥណទាន ព្រោះ​ពួកគាត់​នៅ​មិនទាន់មាន​ភាពប្រាកដប្រជា​នៃ​ការ​ងើប​ឡើងវិញ​វិស័យនេះ​។ ពួកគាត់​យល់ថា ទោះ​វិស័យនេះ​មាន​ភាពប្រសើរ​ក្តី ប៉ុន្តែ​វា​គាំទ្រ​ដោយ​ភ្ញៀវ​ក្នុងស្រុក​តែប៉ុណ្ណោះ ដូច្នេះ​សម្ទុះ​នៃ​ការ​ងើប​ខ្លាំង​ឡើងវិញ​នោះ​គឺ​ទាល់​តែមាន​លំហូរ​ភ្ញៀវទេសចរ​អន្តរជាតិ​ច្រើន​ទើប​អាចទៅរួច​»​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរី​វឌ្ឍន៍ បាន​ប្រាប់ថា ជាមួយនឹង​គំនិត​ផ្តួចផ្តើម​នៃ​ការ​បង្កើត​ធនាគារ SMEs ដោយ​រដ្ឋាភិបាល​នេះ គឺ​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​បង្ក​ឱ្យ​រស់​ឡើងវិញ និង​បន្ត​និរន្តរ​ភាព​របស់ SMEs​។​

​លោក​ថ្លែងថា​៖ «​ធនាគារ​នេះ​បាន​ដើរតួនាទី​សំខាន់​ណាស់ ដោយសារតែ​ធនាគារ​នេះ​មិន​ត្រឹមតែ​ផ្តល់ទុន​ឱ្យដល់ SMEs ប៉ុណ្ណោះ​ទេ គឺ​ខ្លួន​បានផ្តល់​ទាំង​បច្ចេកទេស​តាម​ប្រភេទ​អាជីវ​កម្ម និង​ការវិភាគ និង​ការសិក្សា​ស៊ីជម្រៅ​លម្អិត​សម្រាប់​ជួយ​ទៅដល់​វិស័យ SMEs ដូច្នេះ​ខ្ញុំ​យល់ឃើញថា នេះ​គឺជា​ប្រភព​ទុន​ដ៏​សំខាន់​សម្រាប់ SMEs យើង​កាន់តែ​រីកចម្រើន​ប្រសើរ​ជាង​មុន​បន្ថែមទៀត​»​។​

​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ​វិស័យ​ទេសចរណ៍​នេះ ត្រូវបាន​រដ្ឋាភិបាល​ដាក់ឱ្យអនុវត្ត​តាមរយៈ​ធនាគារ SME ចាប់ពី​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ ​២០២២​។ ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យនេះ អាច​ស្នើសុំ​ឥណទាន​ពី​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ​ចូលរួម ដែលជា​ដៃគូ​របស់​ធនាគារ SME រហូតដល់ ទឹកប្រាក់ ៤០​ ម៉ឺន​ដុល្លារ ក្នុង​អត្រា​ការប្រាក់ ៦,៥​ ភាគរយ និង​មាន​រយៈពេល​ដល់ ៧​ឆ្នាំ​។​

​សម្រាប់​ឆ្នាំ​ ២០២៣ ធនាគារ SME មាន​ផែនការ​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​ទាំង​ដោយផ្ទាល់ ប្រហែល​ជាង ២២០ ​លាន​ដុ​ល្លារ ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​ផ្តោតជាសំខាន់​ទៅលើ​វិស័យ​អាទិភាព​របស់​រដ្ឋាភិបាល ពិសេស​កម្ម​ន្ត​សាល ឬ​ផលិតកម្ម ការកែច្នៃ ក​សិ​-​ឧស្សាហកម្ម ព្រមទាំង​សហគ្រិន​ជា​ស្ត្រី​ផងដែរ​។​

​ក្រសួងទេសចរណ៍​ឱ្យដឹងថា កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​សរុប ៨៣៧ ៤៤៦​ នាក់​នៅក្នុង​រយៈពេល ២ ​ខែ​ដំបូង​នៃ​ឆ្នាំនេះ កើន ៧៧៨,៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២២ ​ប៉ុន្តែ​ថយចុះ ៣២,៧២ ​ភាគ​រយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៩​។​

​នៅ​ឆ្នាំ ​២០២២ កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ ២,២៧​ លាន​នាក់ កើន​ជាង ១ ​ពាន់​ភាគរយ បើ​ធៀប​ឆ្នាំ ​២០២១ ដែលមាន​ជាង ១៩​ ម៉ឺន​នាក់ ប៉ុន្តែ​នៅតែ​ធ្លាក់ចុះ ៦៥,៥៦​ ភាគរយ​បើ​ធៀប​នឹង​ចំនួន ៦,៦១​ លាន​នាក់​ក្នុង​ឆ្នាំ ​២០១៩៕