ភ្នំពេញៈ ការនាំចេញ នាំចូល​ទំនិញ​រវាង​កម្ពុជា​ជាមួយ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៤ ​ខែ ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​សរុប​ជាង ១៥​ ពាន់​លាន​ដុល្លារ​ ធ្លាក់​​ចុះ​ជាង ១៤ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ក្នុងនោះ​ចំនួន​ទឹកប្រាក់​នាំចូល​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ​រហូតដល់​ជាង​ ១/៥​។ នេះ​បើតាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​តារាង​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ បានឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ពី​ខែមករា​-​ខែមេសា ឆ្នាំ​ ២០២៣ មាន​ចំនួន​សរុប ១៥ ១៦១,០៤​ លាន​ដុល្លារ ធ្លាក់ចុះ ១៤,១ ​ភាគរយ​នារ​យៈ​​ពេល​ដូចគ្នា​ឆ្នាំ ​២០២២​។ ក្នុងចំណោម​នោះ​ គឺ​ការនាំចេញ​របស់​កម្ពុជា​មាន​ចំនួន ៧ ២៣៤,១២​ លាន​ដុល្លារ ធ្លាក់ចុះ ៤,៩​ ភាគរយ និង​ការនាំ​ចូល​ពី​ក្រៅប្រទេស មាន​ចំនួន ៧ ៩២៦,៩២ ​លាន​ដុល្លារ ធ្លាក់ចុះ ២១,១​ ភាគរយ​។​

​ដោយឡែក​សម្រាប់​ពាណិជ្ជកម្ម​អន្តរ​​ជាតិ​ក្នុង​ខែមេសា ឆ្នាំ​ ២០២៣ គឺ​ចំនួន ៣ ៩០៨,៩​ លាន​ដុល្លារ ធ្លាក់ចុះ ១២,៨៨​ ភាគរយ​ធៀប​ខែមេសា ឆ្នាំ ២០២២ ដោយ​ការនាំចេញ​របស់​កម្ពុជា មាន​ទឹកប្រាក់ ១ ៨៤២,១១​ លាន​ដុល្លារ ធ្លាក់ចុះ ២,៥ ​ភាគរយ និង​ទំនិញ​នាំ​​ចូលមក​វិញ ២ ០៦៦,៧៩ ​លាន​ដុល្លារ ធ្លាក់ចុះ ២០,៤​ ភាគរយ​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បានឱ្យ ​ភ្នំពេញ​ ប៉ុស្តិ៍​ ដឹង​នៅ​ថ្ងៃទី​ ១៤ ខែឧសភា​ថា ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុ​ជានារ​យៈ​ពេល​ប៉ុន្មាន​ខែ​មកនេះ គឺ​ដោយសារតែ​តម្រូវការ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ ពិសេស​ការបញ្ជាទិញ​ពី​ទីផ្សារ​ធំៗ​ដូចជា អាមេរិក កាណាដា និង​អឺរ៉ុប​។ ការធ្លាក់ចុះ​សកម្មភាព​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​អន្តរជាតិ គឺ​កើតឡើង​នៅ​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក ពិសេស​បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។

​លោក​បន្តថា នៅពេល​សេដ្ឋកិច្ច និង​នយោបាយ​ពិភព​លោក​ល្អប្រសើរ សម្ទុះ​នៃ​ការនាំចេញ​-​នាំចូល​ទំនិញ ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា​ប្រាកដជា​ហក់​ឡើង​លឿន ព្រោះ​បច្ចុប្បន្ន​ក្រៅពី​ទទួលបាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នាំចូល​ទំនិញ​ទៅ​ប្រទេស​ធំៗ កម្ពុជា​ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជាច្រើន​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​អ្វីដែល​គួរឱ្យ​កត់​សម្គាល់​ក្នុងអំឡុង​ពេលដែល​ពាណិជ្ជ​​កម្ម​អន្តរជាតិ​កម្ពុជា​ធ្លាក់ចុះ​នោះ គឺ​ការ​ខិត​កាន់តែ​កៀក​គ្នា​នៃ​ចំនួន​ទឹកប្រាក់​នាំ​ចេញ និង​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​ទីផ្សារ​អន្តរជាតិ ខណៈ​កន្លងមក​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា គឺមាន​ចំនួន​តិច​តួច​បើ​ធៀប​នឹង​ការនាំ​ចូល​ដ៏​ច្រើន​ក្នុង ​១ ​ខែៗ​។ នេះ​បញ្ជាក់​ពី​ភាព​រីកចម្រើន និង​ភាពរឹងមាំ​របស់​ផលិតកម្ម​ក្នុងស្រុក និង​ការនាំចេញ​របស់​កម្ពុជា​»​។​

​លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​និយាយថា វិបត្តិ​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​ជួបនឹង​បញ្ហា​ជា​ច្រើន​ដូចជា ការធ្លាក់ចុះ​នៃ​តម្រូវ​ការប្រើ​​ប្រាស់ កង្វះ​វត្ថុធាតុដើម និង​ការកើនឡើង​អតិផរណា ជាដើម​។ ក្នុងដំណាក់កាល​នេះ គឺ ប្រជាជន និង​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​បាន​កាត់បន្ថយ​ការចំណាយ​។ និន្នាការ​នេះ​នឹង​អូស​បន្លាយពេល​បន្ថែមទៀត​ប្រសិនបើ​អន្តរជាតិ​មិនអាច​បិទ​​បញ្ចប់​ជម្លោះ​នានា​ឱ្យបាន​ឆាប់​។​

​លោក​បន្ថែមថា​៖ «​សម្រាប់​ប្រទេស​កម្ពុជា​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​ ២០២២ គឺ​មិនសូវ​បង្ហាញ​សញ្ញា​វិជ្ជមាន​ឡើយ​»​។​

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​ទឹកប្រាក់​សរុប ៥២ ៤២៤,៥៣៩ ​លាន​ដុល្លារ កើន ៩,២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០២១​។ ក្នុងនោះ​កម្ពុជា​នាំចេញ​ទំនិញ ២២ ៤៨២,៩៣៧​ លាន​ដុល្លារ កើន ១៦,៤​ ភាគរយ និង​ទំនិញ​ដែល​កម្ពុជា​នាំចូល​មាន​ចំនួន ២៩ ៩៤១,៦០២​ លាន​ដុល្លារ កើន ៤,៣​ ភាគរយ​៕