​ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​គម្រោង​ភាពជា​ដៃគូ​រយៈពេល ៥​ ឆ្នាំ​សម្រាប់​សកម្មភាព​លើ​សេដ្ឋកិច្ច​បៃតង​ (PAGE)​ នៅ​កម្ពុជា​ដើម្បី​ពង្រឹង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​រក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។​

​បើ​យោងតាម UN Environment, 2011 សេដ្ឋកិច្ច​បៃតង គឺជា​សេដ្ឋកិច្ច​មួយ​ដែលនាំឱ្យ​ប្រសើរឡើង​សុខុមាល​ភាព​របស់​មនុស្ស និង​សមធម៌​សង្គម និង​កាត់បន្ថយ​ហានិភ័យ​បរិស្ថាន និង​កង្វះ​អេកូឡូស៊ី ការធ្វើឱ្យមាន​កាបូន​ទាប ធនធាន​មាន​ប្រសិទ្ធភាព និង​បរិ​យា​ប័ន្ន​សង្គម​។​

​កម្មវិធី PAGE ដែលមាន​រយៈពេល ៥​ ឆ្នាំ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី​ ១២ ខែឧសភា តាមរយៈ​ក្រសួង​បរិ​ស្ថាន​ដោយមាន​ការគាំទ្រ​ពី​ដៃគូ​អភិ​វឌ្ឍន៍ រួមទាំង​សហភាព​អឺរ៉ុប​ (EU)​ ស្វ៊ី​ស អាល្លឺម៉ង់ ស៊ុយអែត ហ្វាំ​ង​ឡង់ ន័​រ​វែ​ស និង​កូរ៉េ​។ គម្រោង​នេះ​មាន​រយៈ​ពេល ៥​ ឆ្នាំ រួមទាំង​ដំណាក់កាល​ចាប់​​ផ្តើម​រយៈពេល ១​ ឆ្នាំ​ដែល​នឹងត្រូវ​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២៣​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​អង្គការសហប្រជាជាតិ ​(UNIDO)​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្តថា​៖ «​ដើម្បី​ធានាថា ​ការគាំទ្រ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា មាន​ភាពស្របគ្នា​យ៉ាង​ពេញលេញ​ជាមួយ​យុទ្ធសាស្ត្រ និង​កម្មវិធី​ដែលមាន​ស្រាប់ PAGE បានធ្វើការ​ជាមួយ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ​(CDRI)​ ក្នុងការ​សិក្សា​ទៅលើ​វិសាលភាព​ (Scoping Study)​។ ការសិក្សា​នេះ គឺ​ដើម្បី​កំណត់​ពី​ឱកាស និង​ជម្រើស​សម្រាប់​កំណែទម្រង់​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​តាម​វិស័យ រួមទាំង​វិស័យ​ដែលមាន​សក្តានុពល​ខ្ពស់​ដូចជា វិស័យ​កាត់ដេរ ទេសចរណ៍ ក​សិ​​កម្ម និង​ហិរញ្ញវត្ថុ ដែល​អាចធ្វើឱ្យ​មានការ​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច​បៃតង​»​។​

​អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក ជួប ប៉ារីស៍ បាន​ថ្លែង​ក្នុងអំឡុងពេល​ដាក់ឱ្យ​ដំណើរការ​គម្រោង​នេះ​ថា កម្ពុជា​បានបង្ហាញ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​គោលការណ៍​សេដ្ឋកិច្ច​បៃ​តង​តាមរយៈ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​កំណើន​បៃតង ២០១៣-២០៣០ និង​ការ​ដាក់ជូន​នូវ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង​សម្រាប់​អព្យាក្រឹតភាព​កាបូន (LTSCN)​ ទៅកាន់​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ (UNFCCC)​ ក្នុង​ឆ្នាំ​ ២០២១​។​

​លោក​ថ្លែងថា​៖ «​ការចូលរួម​ភាពជា​ដៃគូ​ពិភពលោក​នេះ​នឹង​បង្កើន​កិច្ច​ខិត​ខំប្រឹងប្រែង​របស់​ប្រទេស​នៅក្នុង​ការ​ប្រមូល​ការគាំទ្រ​បន្ថែម​ទាក់ទង​ទៅនឹង​ចំណេះដឹង​ថ្មីៗ និង​ទាន់សម័យ និង​ហិរញ្ញវត្ថុ​ដើម្បី​ព​ន្លឿ​ន​ការផ្លាស់ប្ដូរ​ឆ្ពោះទៅរក​សេដ្ឋកិច្ច​បៃតង​ប្រកបដោយ​បរិ​យា​ប័ន្ន​»​។​

​លោក Asad Naqvi ប្រធាន​លេ​​ខា​ធិ​ការដ្ឋាន PAGE បានឱ្យដឹង​លម្អិត​ពី​ភាពខ្លាំង​នៃ​កម្មវិធី PAGE ថា​វា​មាន​សមត្ថភាព​ក្នុងការ​សិក្សា​ជា​បន្ត​បន្ទាប់ពី​ភាពជាក់ស្ដែង​នៅ​មូលដ្ឋាន និង​ពិនិត្យ​កែសម្រួល និង​ធ្វើ​ឡើងវិញ​នូវ​ប្រធាន​បទ​អាទិភាព ផ្ដល់​ការគាំទ្រ និង​នីតិវិធី​ប្រតិបត្តិ​ការដែល​សមស្រប​បំផុត​ដើម្បី​ជំរុញ​ការផ្លាស់ប្ដូរ​សេដ្ឋកិច្ច​បៃតង​ក្នុងប្រទេស​ដែល​ជួយ​ដល់​ការសម្រេចបាន​នូវ​គោលដៅ​ចីរភាព​ជាស​កល​។​

​លោក​និយាយថា​៖ «​ពួកយើង​ទន្ទឹងរង់ចាំ​ចែករំលែក​បទពិសោធន៍ និង​ជំ​នា​ញ​របស់​យើង​ជាមួយ​ប្រទេស​កម្ពុជា ប៉ុន្តែ​ក៏​រៀនសូត្រ​ពី​កម្ពុជា​ពី​របៀប​ដែល​កម្មវិធី PAGE អាច​គាំទ្រ​ប្រទេស​នានា​ឱ្យសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ និង​វិបុលភាព​តាមរយៈ​ការវិនិយោគ​ទៅលើ​ដំណោះស្រាយ​សម្រាប់​បញ្ហា​ប្រឈម​ទៅនឹង​ចីរភាព​នាពេល​បច្ចុប្បន្ននេះ​ផងដែរ​»​។​

​លោក សុខ ណា​វីន តំណាង​ប្រចាំ​ប្រទេស​របស់​អង្គការ UNIDO ឱ្យដឹងថា​៖ «​នេះ​ជាការ​ប្តេជ្ញាចិត្ត​រួម​របស់​អង្គ​​ការ​សហប្រជាជាតិ​ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា​ដើម្បី​ធានាថា PAGE Cambodia ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​បៃតង ប្រកបដោយ​បរិ​យា​ប័ន្ន​នៅក្នុង​កម្ពុជា​»​។​

​កាលពី​ថ្ងៃទី​ ១ ខែមីនា ឆ្នាំ​ ២០១៣ រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​គោល​​នយោបាយ​ជាតិ និង​ផែនការ​យុទ្ធ​សា​ស្ត្រ​សម្រាប់​កំណើន​បៃតង​ក្នុងអំឡុង​ឆ្នាំ ២០១៣-២០៣០ ក្នុង​គោល​បំ​ណង​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​គិតគូរ​ដល់​និរន្តរភាព​បរិស្ថាន និង​ធនធាន​ធម្មជាតិ​។​

​កម្ពុជា​ប្តេជ្ញា​ចូលរួមចំណែក​ក្នុងការ​​ដោះស្រាយ​វិបត្តិ​បម្រែបម្រួល​អាកាស​ធាតុ​ពិភពលោក ដោយ​កម្ពុជា​បានកំណត់​គោលដៅ​កាត់បន្ថយ​ការ​​បំ​ភាយ​ឧស្ម័ន​ឱ្យបាន ៤២​ ភាគរយ​ត្រឹម​ឆ្នាំ​ ២០៣០៕