
វឌ្ឍនភាពនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារអន្តរជាតិស្ទឹងបត់សម្រេចបានជាង៨៥%ហើយ។ រូបភាព៖ក្រសួងសាធារណការ និងដឹកជញ្ជូន
បន្ទាយមានជ័យ: ការដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារអន្តរជាតិស្ទឹងបត់ជាប់ព្រំដែនថៃសម្រេចបានប្រមាណជាង ៨៥% ហើយ បើគិតមដល់ពេលបច្ចុប្បន្ននេះ ខណៈកម្ពុជានិងថៃគ្រោងដាក់ដំណើរការបណ្តោះអាសន្នច្រកអន្តរជាតិនេះនាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមគណ:ប្រតិភូនៃក្រសួងសាធារណការនិងស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានចុះទៅពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ នាថ្ងៃទី ១៦ ខែឧសភានេះ។
លោកនូ វឌ្ឍន:អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់-បាណងអៀនបានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះមានគោលបំណងស្វែងយល់នូវការចែករំលែកព័ត៌មានគម្រោងវឌ្ឍនភាពគម្រោងនិងការចុះពិនិត្យផ្ទាល់ដល់ទីតាំងគោលដៅមួយចំនួនដូចជាអគារច្រកត្រួតពិនិត្យ(Terminal Building) ប៉ុស្តិ៍ត្រួតពិនិត្យចេញ-ចូល(Arrival & Departure Booth Check) និងទីតាំងស្ពានមិត្តភាពកម្ពុជា-ថៃជាដើម។
លោកបានបន្តថា ក្រោយបានទស្សនកិច្ចរួចមកឃើញថា វឌ្ឍនភាពនៃការសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ គម្រោងនេះសម្រេចវឌ្ឍនភាពការងារបាន៨៥,០៤%ហើយគិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ។ គម្រោងសាងសង់ច្រកអន្តរជាតិស្ទឹងបត់និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥បានដំណើរការសាងសង់ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២០។
លោកនូ វឌ្ឍន:បានបញ្ជាក់ថា៖«គម្រោងច្រកទ្វារអន្តរជាតិស្ទឹងបត់នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្ម និងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២តាមរយៈការសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន»។
លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីចុងខែមីនាកន្លងទៅធ្លាប់លើកឡើងដែរថាក្រសួងនឹងពិភាក្សាជាមួយភាគីថៃដើម្បីជំរុញពិនិត្យនីតិវិធីក្នុងការទម្លាក់ថវិកាឱ្យក្រុមហ៊ុនសាងសង់ឱ្យបានលឿនដើម្បីអាចបញ្ចប់គម្រោងនេះឱ្យទាន់តាមផែនការ ដែលនឹងត្រូវបញ្ចប់ក្នុងខែឧសភានេះ បន្ទាប់ពីគម្រោងនេះត្រូវបានពន្យារពេល២លើករួចមកហើយ។
លោកស៊ុន ចាន់ថុលក៏បានអះអាងដែរថាគោលដៅធំនៃការសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន គឺដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ដឹកទំនិញតាមច្រកទ្វារព្រំដែនប៉ោយប៉ែតដែលជាលំហូរច្រកដឹកទំនិញទៅ-មកដ៏ធំនិងសំខាន់បំផុតរវាងប្រទេកម្ពុជា-ថៃផងដែរ។
គម្រោងសាងសង់ច្រកអន្តរជាតិស្ទឹងបត់នេះកំពុងសាងសង់ដោយចំណាយថវិកាប្រមាណ២៤លានដុល្លារ ក្រោមឥណទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង(NEDA)។ គម្រោងច្រកទ្វារនេះរួមមានការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឃ្លាំង និងទីលានកុងតឺន័រ និងអគាររដ្ឋបាលជាដើម។
ថ្មីៗនេះភាគីថៃនិងកម្ពុជាក៏បានគ្រោងនឹងបំពាក់គ្រឿងម៉ាស៊ីនត្រួតពិនិត្យកាំរស្មីអ៊ិចលើទំនិញដែលឆ្លងកាត់ច្រកទ្វារព្រំដែននេះ ដើម្បីធ្វើទំនើបកម្មនិងពន្លឿននីតិវិធីត្រួតពិនិត្យទំនិញឆ្លងកាត់ព្រំដែនឱ្យកាន់តែទំនើបថែមទៀត៕