ភ្នំពេញៈ ផ្នែក​ឯកជន​អះអាងថា ការដាក់ឱ្យ​អនុវត្ត​កម្មវិធី​ប្រ​តិ​ប​ត្តិ​ករ​សេដ្ឋកិច្ច​បានទទួល​ការ​អនុញ្ញាត ​(Authorized Economic Operator Programme-AEO) ​របស់​រដ្ឋាភិបាល​កម្ពុជា គិត​ចាប់ពី​ដើមខែ​ឧសភា​តទៅ គឺ​បង្ក​នូវ​ភាពងាយស្រួល​បន្ថែមទៀត​សម្រាប់​វិនិយោគិន ហើយក៏​ជា​យុទ្ធសាស្ត្រ​ល្អ​មួយ​ក្នុង​ការជួយ​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​ផងដែរ​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា កាលពី​ចុងខែ​មេសា បានចេញ​សេចក្តីប្រកាស​ព័​ត៌​មាន​មួយ​ស្តីពី ​«​ការអនុវត្ត​កម្មវិធី​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច​បានទទួល​ការអនុញ្ញាត​» ដោយបាន​លើកឡើងថា ដើម្បី​ចូលរួម​អនុវត្ត​កា​ត​ព្វ​កិច្ច​របស់​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​របស់​អង្គ​ការពា​ណិ​ជ្ជ​កម្ម​ពិភពលោក ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ដើម្បី​លើកទឹកចិត្ត​ដល់​ធុរជន​មាន​អនុ​​លោម​ភាព​ខ្ពស់ ស្របតាម​គោល​នយោបាយ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ឧ​ត្ត​មា​នុ​វត្ត​អន្តរជាតិ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រេច​ដាក់ឱ្យអនុវត្ ត​«​កម្មវិធី​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច​បានទទួល​ការ​អនុ​ញ្ញាត​»​ ចាប់ពី​ថ្ងៃទី ​១ ខែឧសភា ឆ្នាំ​ ២០២៣ តទៅ​។​

​លិខិត​បន្តថា កម្មវិធី​ប្រតិបត្តិ​​ករ​សេដ្ឋកិច្ច​បានទទួល​ការ​អនុ​ញ្ញាត​គឺជា​កម្មវិធី​មួយ​នៃ​ភាពជា​ដៃគូ​រវាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ផ្នែក​ឯក​ជន ដើម្បី​សម្រួល​ពាណិជ្ជកម្ម និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សន្តិ​សុខ និង​សុវត្ថិភាព​នៃ​ខ្សែចង្វាក់​ផ្គត់ផ្គង់​សកល​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​តាមរយៈ​កម្មវិធី​នេះ ​[​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច​បានទទួល​ការអនុញ្ញាត​]​ នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ និង​ការលើកទឹកចិត្ត​ជាច្រើន​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅក្នុង​ការអនុវត្ត​នី​តិ​វិធី​គយ ឬ​ការបំពេញ​បែបបទ​គយ រួមទាំង​អត្ថប្រយោជន៍​ពី​ការចុះ​កិច្ចព្រមព្រៀង​ទទួលស្គាល់​ប្រ​​តិ​ប​ត្តិ​ករ​សេដ្ឋកិច្ច​បានទទួល​ការ​​អនុញ្ញាត​ទៅវិញទៅមក ​(Mutual Recognition Agreements MRA) ជាមួយ​បណ្តា​ប្រទេស​ដៃគូ​នានា​នៅលើ​ពិភព​លោក​ផងដែរ​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៧ ឧសភា​ថា ការធ្វើ​បច្ចុប្បន្ន​ភាពជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​ទៅលើ​នីតិវិធី ប្រព័ន្ធ និង​ម​ធ្យោ​បាយ​បង់ពន្ធ និង​ការនាំចេញ​-​នាំចូល​ទំនិញ​ជាមួយ​បណ្តា​ប្រ​ទេស​ដៃគូ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺជា​យុទ្ធ​​សាស្ត្រ​ចម្បង​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ក្នុងស្រុក និង​បរ​ទេស​ឱ្យ​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។ លោក​បន្ថែមថា ពេល​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ចពិភពលោក​ល្អប្រសើរ ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ប្រាកដជា​នឹង​ហក់​ឡើង​ខ្ពស់​។​

​លោក​ថ្លែងថា​៖ «​ការដាក់ឱ្យ​អនុវត្ត​កម្មវិធី​នេះ គឺជា​អ្វីដែល​ផ្នែក​ឯកជន​ចង់​បានជា​យូរ​មកហើយ​ព្រោះ​កម្មវិធី​នេះ​ដើរ​ស្រប​នឹង​ការវិវឌ្ឍ​របស់​ពិភពលោក​ទាក់ទង​ទៅនឹង​ការបង់​ពន្ធគយ និង​ចរាចរណ៍​ទំនិញ​អន្តរជាតិ​។ នៅពេល​នីតិវិធី​ទំនិញ​ឆ្លងកាត់​ព្រំដែន​កាន់តែ​ងាយ​សកម្មភាព​ពាណិជ្ជក​ម្ម​អន្តរជាតិ​ក៏មាន​ទំហំ​កាន់តែ​ធំ​ដែរ​»៕