
GDT បានធ្វើទំនើបកម្មផ្នែកបច្ចេកវិទ្យាព័ត៌មាន និងធនធានមនុស្សជាបន្តបន្ទាប់ ដើម្បីពង្រឹងប្រសិទ្ធភាព និងតម្លាភាពក្នុងការប្រមូលចំណូល។ រូបថត អគ្គនាយកដ្ឋានពន្ធដារ
ភ្នំពេញៈអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លោក លីម ដឺលុច បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ (GDT)បានព្យាយាមធ្វើទំនើបកម្មលើផ្នែកបច្ចេកវិទ្យាព័ត៌មានជាច្រើន និងពង្រឹងការផ្តល់ចំណេះដឹងដល់ភ្នាក់ងារសេវាកម្មពន្ធដារ ក្នុងន័យដើម្បីពង្រឹងអនុលោមភាពពន្ធដារ ធានាបានប្រសិទ្ធភាព និងតម្លាភាពក្នុងការប្រមូលចំណូលពន្ធដារ។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដារ ជំនាន់ទី១៧ នៅសាលាជាតិពន្ធដារ កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាលាជាតិពន្ធដារ មន្ត្រីរាជការពន្ធដារ គ្រូឧទ្ទេសនាមនៃសាលាជាតិពន្ធដារ និងសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ២៣០ នាក់។
លោក លីម ដឺលុច បាននិយាយថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារបានព្យាយាមធ្វើទំនើបកម្មលើផ្នែកបច្ចេកវិទ្យាព័ត៌មានជាច្រើន និងពង្រឹងការផ្តល់ចំណេះដឹងដល់ភ្នាក់ងារសេវាកម្មពន្ធដារ រួមទាំងសិក្ខាកាមដែលបានចូលរួមកន្លងមក ដើម្បីពង្រឹងអនុលោមភាពពន្ធដារ ធានាបានប្រសិទ្ធភាព តម្លាភាពក្នុងការប្រមូលចំណូលពន្ធដារ។
លោកអះអាងថា៖«ការពង្រឹងគុណភាពលើការបណ្តុះបណ្តាល និងធ្វើបច្ចុប្បន្នភាពចំណេះដឹងថ្មីៗ ឱ្យបានឆាប់រហ័សដល់សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវពន្ធដារ គឺដើម្បីធានាបានថា សិក្ខាកាម ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ក្លាយជាភ្នាក់ងារ សេវាកម្មពន្ធដារ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្សព្វផ្សាយ ពង្រឹងវប្បធម៌បង់ពន្ធឱ្យបានល្អ កាត់បន្ថយការគេចវេះពន្ធ ផ្តល់សេវាពន្ធដារ និងណែនាំអ្នកជាប់ពន្ធប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ ហើយសិក្ខាកាមត្រូវព្យាយាមតាមដាននូវការធ្វើបច្ចុប្បន្នភាពនៃច្បាប់ និងបទប្បញ្ញត្តិថ្មី ជាពិសេសការធ្វើបច្ចុប្បន្នភាពលើបច្ចេកវិទ្យាព័ត៌មានថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីធានាដល់ការផ្តល់សេវាផ្នែកពន្ធដារដល់អ្នកជាប់ពន្ធឱ្យបានត្រឹមត្រូវ និងច្បាស់លាស់»។
បន្ថែមពីនេះ លោក ដឺលុច ក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ចូលរួមប្រើប្រាស់កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) លើទូរស័ព្ទដៃ ដែលអគ្គនាយកដ្ឋានពន្ធដារបានដាក់ឱ្យប្រើប្រាស់នា ពេលកន្លងមក ព្រមទាំងកម្មវិធីលើទូរស័ព្ទដៃនានា របស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីចូលរួមជាមួយអគ្គនាយកដ្ឋានពន្ធដារក្នុងការផ្តល់សេវាដល់អ្នកជាប់ពន្ធប្រកបដោយប្រសិទ្ធភាព ធានាបាននូវការប្រមូលចំណូលពន្ធដារដោយចីរភាព។
អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធអាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួន ៦ ៤៤២,៥៤ ពាន់លានរៀល ឬប្រមាណ ១ ៥៩០,៧៥ លានដុល្លារ ស្មើនឹង ៤៤,៥៤ ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣៕