កំពង់ស្ពឺៈ ស្ករត្នោត​កំពង់ស្ពឺ​បាន​ក្លាយជា​ផលិតផល​សម្គាល់​អត្តសញ្ញាណ​ជាតិខ្មែរ ហើយ​ដោយសារតែ​គុណភាព និង​រសជាតិ​ឆ្ងុយឆ្ងាញ់​ផលិតផល​នេះ​ត្រូវបាន​នាំចេញ​រហូតដល់​ប្រ​ទេស​បារាំង អាមេរិក ឥណ្ឌា ចិន និង​សហភាព​អឺរ៉ុប​ទៀតផង​។​

​ដោយមាន​តម្រូវការ​ទីផ្សារ​បរទេស​ខ្ពស់​បែបនេះ ប្រជាពលរដ្ឋ​ម្នាក់ៗ​ដែលជា​អ្នក​ឡើងត្នោត​អាច​រកចំណូលបាន​ពី​ ៤ ​ទៅជិត ​៦ ពាន់​ដុល្លារ តែត្រឹម​រយៈពេល​ជាង ​៥​ ខែ ប៉ុណ្ណោះ ​(១​រដូវ​)​។​ «​បើ​គេ​ឮ​ពាក្យ​ថា ឡើងត្នោត​ប្រហែលជា​គេ​ពោលថា ខ្ជិល​មុន​បាត់ទៅហើយ មិនបាច់​ដល់​ទៅ​ឡើង​ផ្ទាល់​ទេ​។​ប៉ុន្តែ​របរ​មួយ​នេះ​វា​សាមញ្ញ​ទៅហើយ​សម្រាប់​ខ្ញុំ​និង​ប្តី​ខ្ញុំ ហើយ​របរ​នេះ​ក៏​ជួយ​ជីវភាព​ខ្ញុំ​បាន​ប្រសើរ​ដែរ​»​។​នេះ​ជាស​ម្តី​របស់​អ្នកស្រី គង់ ណាប អាយុ​ ៤៨ ​ឆ្នាំមាន​លំនៅ​ភូមិ​ត្រពាំង​រពាក់​ឃុំ យុទ្ធ​សាមគ្គី ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​អ្នកស្រី គង់ ណាប បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា អ្នកស្រី​មានកូន​ ៣ ​នាក់ ​(​ប្រុស ​២ ​នាក់​ស្រី​ម្នាក់​) តែ​កូនប្រុស​ស្រី​ ២​ នាក់​មាន​ប្តី​ប្រពន្ធ​អស់ហើយ ដោយ​កូនស្រី​មាន​ប្តី ឈ្មោះ​តុ​ប វិត អាយុ​ ៤៧ ​ឆ្នាំ មាន​របរ​ឡើងត្នោត និង​ធ្វើស្រែ​។​អ្នកស្រី​មាន​ដើមត្នោត​ចំនួន ២៥​ ដើម​និង​មាន​ដីស្រែ ​២ ​ហិកតា ហើយ​ប្តី​របស់​អ្នកស្រី​ប្រក​បរបរ​ឡើងត្នោត​អស់​រយៈ​ពេល​ជាង​ ២០ ​ឆ្នាំ​មកហើយ​ដែល​បច្ចុប្បន្ន​ក៏​ជា​សមាជិក​អ្នក​ផលិត​ស្ករត្នោត​នៃ​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​ម្នាក់​ដែរ​។​

​អ្នកស្រី​បានឱ្យដឹងថា កាលពី​មិនទាន់​ចូល​ជា​សមាជិក​សមា​គម​គឺ​អ្នកស្រី​ជួប​ការលំបាក​ខ្លាំងណាស់​លើ​បញ្ហា​ផលិត​ស្ករ​បាន​ហើយ តែ​នៅ​ពិបាក​ក្នុង​ការរក​ទីផ្សារ ហើយ​បើ​លក់បាន​ក៏​ក្នុងតម្លៃ​ថោក​ដែរ​ដោយ​ក្នុង​ ១​ គីឡូ​​ក្រាម​លក់​បានតែ​ ៤ ​ពាន់​ទៅ​ ៥ ​ពាន់​រៀល​ប៉ុណ្ណោះ​។​

​ស្ត្រី​រូបនេះ​បន្តទៀតថា បន្ទាប់ពី​អ្នកស្រី​បាន​ចូល​ជា​សមាជិក​របស់​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​មក​គឺ​អ្នកស្រី​លែង​ព្រួយបារម្ភ​ពី​រឿង​លក់​ស្ករត្នោត​ទៀតហើយ ពីព្រោះ​ខាង​សមា​គម​ស្ករត្នោត​កំពង់ស្ពឺ​ជា​អ្នកទទួល​ទិញ​ទាំងអស់​។ ក្នុង​ដើមត្នោត​ទាំង ​២៥​ ដើម​នេះ​គឺ​ស្វាមី​អ្នកស្រី​គាប​យក​ទឹកត្នោត​ទាំង​ ២៥ ដើម និង​រម្ងាស់​ជា​ប្រភេទ​ស្ករ​បាន​ ២០​ គីឡូក្រាម​។​

​អ្នកស្រី​ គង់ ណាប បាន​បញ្ជាក់ថា​៖ «​ឥឡូវ​ខ្ញុំ​អត់​ភ័យ​ទេ ខ្ញុំ​រកតែ​ស្ករ​លក់​ទៅឱ្យ​សមាគម​សឹងតែ​មិនបាន​ផង​។​យើង​ផលិត​ស្ករ​បាន​ប៉ុន្មាន​ក៏​សមាគម​ទិញយក​ទាំងអស់​ហ្នឹង​។ ខ្ញុំ​ថា ធ្វើ​ត្នោត​គ្រាន់បើ​ជាង​ចំណាកស្រុក​ទៅធ្វើ​ការ​ក្រៅ​ស្រុក​ឬ​ធ្វើ​កម្មករ​កាត់ដេរ​ហើយ​ខ្ញុំ​ធ្វើ​ត្នោត​តែ​រដូវប្រាំង​ទេ​ចូលដល់​រដូវវស្សា​ខ្ញុំ​ធ្វើស្រែ​ម្តង​»​។​

​បើតាម​អ្នកស្រី​ គង់ ណាប ការធ្វើ​ស្ករត្នោត​នេះ​ខុសពី​ការធ្វើ​មុនៗ​ដោយ​ពី​មុនគេ​ធ្វើ​ស្ករ​តាម​ទម្លាប់​ដូចជា​រយៈពេល​ត្រង់​ទឹកត្នោត​មិន​កំណត់ពេល ការ​ជីករណ្តៅ​ធ្វើ​គុក​សម្រាប់​រម្ងាស់​ទឹកត្នោត និង​មិន​កំណត់ពេល​រម្ងាស់​ជាដើម​។ ប៉ុន្តែ​ក្រោយពី​អ្នកស្រី​ចូល​ជា​សមាជិក​ក្នុង​សមាគម​មក គឺ​ខាង​សមាគម​រៀបចំ​ជា​ចង្ក្រាន​អនាម័យ​ដែលមាន​ជា​បំពង់ផ្សែង​មិន​ឱ្យមាន​ផ្សែង​ចេញ​តាម​កៀន​ខ្ទះ​ដូច​មុន​ទៀត​ទេ​។​

​ពាក់ព័ន្ធ​នឹង​ស្ករត្នោត​នេះដែរ លោក​ សំ សារឿន ប្រធាន​សមា​គម​លើកកម្ពស់​ស្ករត្នោត​ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា សមា​​គម​លោក​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៨ ហើយ​សមាគម​មាន​កាត​ព្វ​កិច្ច​ត្រួតពិនិត្យ​ផលិត​ផល និង​ចេញ​វិញ្ញាបនបត្រ​ផលិតផល​ម៉ាក​សម្គាល់​ភូមិ​សាស្ត្រ​។​ដោយឡែក​មាន​សហ​គម​ន៍​កសិកម្ម​មួយទៀត​ជា​អ្នកទិញ​ស្ករត្នោត​ពី​កសិករ ហើយ​យកទៅលក់​ឱ្យ​ក្រុមហ៊ុន តែ​ទាំង​ក្រុមហ៊ុន​និង​សហគមន៍​កសិកម្ម​ត្រូវតែ​បង់​សេវាកម្ម​ជូន​សមាគម ព្រោះ​សមាគម​ជា​អ្នកចេញ​វិញ្ញាបនបត្រ​ផលិតផល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ដើម្បី​នាំ​ផលិតផល​ស្ករត្នោត​ចេញទៅ​បរទេស​។​

​លោក​បន្តថា បច្ចុប្បន្ន​សមា​​គម​មាន​សមាជិក​ជាក​សិ​ករ​ឡើងត្នោត​ចំនួន​ ១៥៦ ​នាក់ នៅក្នុង​ស្រុក​អង្គស្នួល ស្រុក​សំរោង​ទង ស្រុក​សាមគ្គី​មុនី​ជ័យ និង​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ដែល​សរុប​ដើមត្នោត​ទាំងអស់​មាន​ ៣០ ​ម៉ឺន​ដើម តែ​ក្នុងនោះ​មានតែ​ ៣ ​ពាន់​ដើម​ប៉ុណ្ណោះ​ដែល​កំពុង​ទាញយក​ផលិតផល​។ មូល​​ហេតុដែល​ដើមត្នោត​នៅសល់​នេះ​ដោយសារតែ​ខ្វះ​កម្លាំង​ពលកម្ម​ឡើងត្នោត ខណៈពេល ដែល​អ្នក​ឡើង​ត្នោត​មាន​វ័យ​កាន់តែ​ចាស់ៗ​ទៅហើយ​។​

​លោក​ប្រាប់ថា​៖ «​សមាជិក​យើង​ឡើង​អត់​គ្រប់គ្រាន់ ពី​ដើម​គាត់​ឡើងដល់​ ៤០​ ដើម​ ៥០ ​ដើម​ដល់ពេល​កម្លាំង​គាត់​កាន់តែ​ចាស់​ទ្រុឌទ្រោម​គាត់​ទៅជា​ថយចុះ​។​ពេល​កម្លាំង​គាត់​ថយចុះទៅ​គាត់​ឡើង​បានតែ​ ៥​ ដើម​ ១០ ​ទៅ ២០​ ដើម​ហ្នឹង​»​។​

​លោក​បន្តទៀតថា ចំពោះ​ដើមត្នោត​ដែល​អាច​គាប​យក​ទឹកត្នោត​ផលិត​ជា​ស្ករ​បាន លុះត្រាតែ​ដើមត្នោត​នោះ​គិតពី​គល់​ដល់​ក្រោម​ដី​៨​តឹក មាន​ដីខ្សាច់ ហើយ​នៅក្រោម​ដីខ្សាច់​ប្រវែង​ ៨ ​តឹក​ទៀត មាន​ដី​ក្រួស​ក្រហម​ទើប​កំណត់ថា​ដើមត្នោត​នោះ​ស្ថិតក្នុង​តំបន់​ម៉ាក​សម្គាល់​ភូមិ​សាស្ត្រ​ទំនិញ ​[GI]​។ តែបើ​ដើមត្នោត​ណា​ដែល​គិតពី​គល់​ដល់​ក្រោម​ដី​៨​តឹក មាន​ដីខ្សាច់ និង​នៅក្រោម​ដីខ្សាច់​មាន​ដីឥដ្ឋ​គឺ​សមា​គម​មិន​យក​ទេ​។ ចំពោះ​ការ​កំណត់ពេល​វិញ​គឺ​តម្រូវ​គិត​ចាប់ពី​ត្រងទឹក​រហូតដល់​ចាក់​រម្ងាស់​មិនឱ្យ​លើសពី​ ១៥ ម៉ោង​ទេ​។​

​លោក​បញ្ជាក់ថា​៖ «​ដើមត្នោត​ដែលមាន​ដីខ្សាច់​នៅ​ខាងក្រោម​គឺ​វា​ចម្រោះ​ទឹកបាន​លឿន​ហើយ​ភាព​ឈ្ងុយ​នៃ​ស្ករ​ឡើង​ខ្ពស់ជាង​។​យើង​កំណត់​ក្នុង​សៀវភៅ​បន្ទុក​ថា មាន​ដីខ្សាច់​ជម្រៅ​ ៨ ​តឹក គឺ​ពេល​ភ្លៀង​ធ្លាក់​មកវា​ងាយ​បន្សុទ្ធ​ទឹក​បាន​ខ្លាំង ហើយ​ទឹកត្នោត​ដែល​ស្រូប​ពី​សារជាតិ​នេះ​វា​មាន​ក្លិន​ឈ្ងុយ​មាន​រសជាតិ​ល្អ​ច្រើនជាង​ខាងក្រោម​មាន​ដីឥដ្ឋ​»​។

​បើតាម​លោក សារឿន ក្នុង​រង្វង់​ដើមត្នោត​ ៣​ ពាន់​ដើម​នេះ ចំពោះ​បរិ​មាណនៃ​ការផលិត​ស្ករ​បាន​ពី ​២០០ ​ទៅ​ ២៥០​ តោន​ក្នុង ​១ រដូវ​។​សម្រាប់​រដូវ​ធ្វើ​ត្នោត​វិញ​មាន​ចាប់ពី​ខែធ្នូ ឆ្នាំ​ចាស់ ដល់​ថ្ងៃទី​ ៣០ ខែឧសភា​ឆ្នាំ​ថ្មី ឬ​ឆ្នាំ​បន្ទាប់ តែបើ​ហួស​ពី​ចន្លោះ​ពេលនេះ កសិករ​មិនអាច​ផលិត​ស្ករត្នោត​បានទេ ព្រោះ​ទឹកត្នោត​មិន​សុទ្ធ ដោយសារ​ជា​រដូវ​ធ្លាក់ភ្លៀង​។​ម្យ៉ាង​នៅពេល​ចូលដល់​រដូវ​នេះ ប្រជាកសិករ​គាត់​ក៏​មិន​ផលិត​ស្ករ​ដែរ គឺ​ពួកគាត់​ចាប់​ផ្តើមធ្វើ​ស្រែ​ហើយ ពីព្រោះ​ឈ្មោះថា [GI]​ នេះ គឺជា​ផលិតផល​គ្មាន​ឱ្យ​សារធាតុ​អី​ចូល​លាយ​ឡំ​នឹង​ទឹកត្នោត​ទេ​ពោលគឺ​ដោយ​ធម្មជាតិ​ពិតៗ ហើយ​ប្រើ​រុក្ខជាតិ​ពពួក​ពពេល​សម្រាប់​ទប់​ស្កាត់​កុំឱ្យ​ទឹកត្នោតជូរ​ឡើង​មេ​។

​ប្រសិនបើ​កសិករ​ណា​លួច​ធ្វើ​មាន​សារធាតុ​លាយ គឺ​សមាគម​ត្រូវ​ណែនាំ​គាត់ តែបើ​លើក​ទី​២ ​ទី​៣ ​មិន​អនុវត្ត​គឺ​សមាគម​ឈប់​ទទួលស្គាល់​គាត់​តែម្តង​។​លោក​បាន​ឱ្យដឹងទៀតថា ស្ករត្នោត​កំពង់ស្ពឺ ត្រូវបាន​ក្រុមហ៊ុននាំចេញ​ទៅ​លក់​នៅ​ប្រទេស​បារាំង អង់គ្លេស អាមេរិក ចិន ឥណ្ឌា កូរ៉េខាងត្បូង រួម​នឹង​ប្រទេស​អាស៊ាន​មួយចំនួនទៀត​។​បច្ចុប្បន្ន​ស្ករត្នោត​ដែល​នាំ​ចេញទៅ​បរទេស​ជា​ប្រភេទ​ស្ករត្នោត​ម្សៅ ​(​ដូច​ស្ករស តែ​ពណ៌​ល្ពៅ​)​។​

​ចំណែកឯ​ស្ករ​ខ្សាច់ ​(​ស្ករ​ធម្មតា​) និង​ស្ករផែន មាន​លក់​នៅក្នុង​ប្រទេស​ដែលមាន​តម្លៃ​ចន្លោះ​ពី​៨​ពាន់​ទៅ​ ១ ​ម៉ឺន​រៀល​ក្នុង​ ១ គីឡូក្រាម ហើយក៏​មាន​លក់​នៅតាម​ផ្សារ​ទំនើប​ផងដែរ​ដោយមាន​ស្លាក​សម្គាល់ថា ស្ករត្នោត​កំពង់ស្ពឺ​។​

​ជុំវិញ​បញ្ហា​ខ្វះ​កម្លាំង​ពល​កម្ម​ឡើងត្នោត​នេះ លោក សំ​សារឿន ក៏មាន​ការព្រួយបារម្ភ​ដែរ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​តម្រូវ​ការ​ទីផ្សារ​បរទេស​។​ដូច្នេះហើយ​ទើប​លោក​តែងតែ​ផ្សព្វផ្សាយ​ពី​ការទាញយក​ប្រយោជន៍​ពី​ដើមត្នោត​នេះ ព្រោះ​បច្ចុប្បន្ន​កសិករ​ធ្វើ​ត្នោត​អាច​រកចំណូលបាន​ចន្លោះ​ពី​ ៤ ​ពាន់ ទៅជិត​ ៦​ ពាន់​ដុល្លារ​ក្នុង​ ១ ​រដូវ ហើយ​កាលពី​ខែមេសា​ឆ្នាំ ​២០២៣ សមា​គម​ក៏​ត្រូវបាន​ក្រសួង​ពាណិជ្ជ​កម្ម​ផ្តល់​ពានរង្វាន់​ ១ ​ផងដែរ​នៅក្នុង​ទិវា​កម្មសិទ្ធិបញ្ញា​ពិភព​លោក​កន្លងមកនេះ​៕