​ព្រះសីហនុៈ ​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ជាង ២​ ម៉ឺន​នាក់ និង​ទស្សនា​សមិទ្ធផល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុ ព្រមទាំង​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត​នៅ​ថ្ងៃទី​ ២២ ខែឧសភា ឆ្នាំ ​២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រ​កាស​ដាក់​ខេត្ត​ចំនួន​ ៤ ជា​ប៉ូល​សេដ្ឋកិច្ច​ទី៤ នៃ​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​។​

​លោក​មានប្រសាសន៍ថា​៖ «​ខ្ញុំ និង​ឯកឧត្តម​ ស៊ី ជីន​ភីង បាន​ឯកភាពគ្នា គឺ​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ដែលមាន​គោលដៅ​កិច្ច​សហប្រតិបត្តិការ​នយោបាយ គុណភាព និង​សមត្ថភាព ផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​អភិវឌ្ឍន៍​របៀង​ឧស្សាហកម្ម និង​បច្ចេក​វិ​ទ្យា​កម្ពុជា​»​។ លោក​បាន​បន្តថា​៖ «​កន្លែង​យើង​ជា​កន្លែង​អភិវឌ្ឍន៍​ឧស្សាហកម្ម និង​បច្ចេកវិទ្យា គឺ​នៅ​ចំ​គោលដៅ​កន្លែង​ហ្នឹង​តែម្តង​ (​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​) ប៉ុន្តែ​នៅ​ច្រករបៀង​មួយទៀត គឺ​មច្ឆា និង​អង្ករ ដែល​ខ្ញុំ​នឹងដាក់​ខេត្ត​ ៤ គឺមាន​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ទៅជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤»​។​

​បើតាម​ការពន្យល់​រប​ស់លោក ហ៊ុន សែន មាន​លក្ខខណ្ឌ​ចំនួន​ ៣ ដែលនាំឱ្យ​កម្ពុជា​ក្លាយជា​សមាជិក​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» របស់​ចិន រួមមាន​៖ ការរក្សាបាន​សន្តិភាព និង​ការអភិវឌ្ឍ​, មិន​ប្រឆាំង​ប្រទេស​ដទៃ និង​គោរព​ម​ជ្ឈ​ភាព​របស់​អាស៊ាន​។ បន្ថែម​ពីលើ​នោះ គំនិត​ផ្តួចផ្តើម​នេះ បានផ្តល់​ផល​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។

​លោក​បន្តថា គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» នាំឱ្យ​កើតមាន​សមិទ្ធផល​ជាច្រើន មានដូចជា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​, ផ្លូវ​ល្បឿន​លឿន​, ការតភ្ជាប់​ខ្សែ​អ៊ីន​ធឺ​ណិ​ត​កប់​ក្រោម​បាតសមុទ្រ និង​ផ្លូវ ស្ពាន​ជាច្រើន​ខ្សែ​។ នា​ពិធី​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ដែរ​ថា លោក​បាន​ឆ្លើយ​ទៅកាន់​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង រួចហើយ​ថា លោក​នឹងចូលរួម​កិច្ចប្រជុំ​លើក​ទី ​៣ អំពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​នៅ​ខែតុលា នៅ​ប្រទេស​ចិន ដែល​នៅពេលនោះ​ការចូលរួម​របស់លោក គឺអាច​ក្នុងនាម​ក្របខ័ណ្ឌ​រាជរដ្ឋាភិបាល​ថ្មី ព្រោះ​ក្រោយ​បោះឆ្នោត​នីតិកាល​ទី៧​។​

​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​នេះដែរ លោក ​វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​សាធារណ​​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជាបាន​ថ្លែងថា ឆ្នាំនេះ​ជា​ឆ្នាំ​មិត្តភាព​ចិន​កម្ពុជា នៅពេល​លោក ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ចិន នា​ខែកុម្ភៈ ឆ្នាំនេះ លោក ហ៊ុន សែន និង​លោក​ស៊ី ជីន​ភីង បានរួម​គ្នា បើក​សករាជ​ថ្មី នៃ​ការកសាង​សហគមន៍​វាសនា​រួម ចិន និង​កម្ពុជា និង​បាន​ឯកភាព​បង្កើត​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ដោយមាន​វិស័យ​អាទិភាព​ចំនួន ​៦​។​

​វិស័យ​អាទិភាព​ទាំងនោះ រួមមាន​៖ កិច្ច​សហប្រតិបត្តិការ​នយោបាយ​, គុណភាព និង​សមត្ថភាព​, ផលិតកម្ម​កសិកម្ម​, ថាមពល​, សន្តិសុខ និង​ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជា​​ជន​។ លោក វ៉ាង វិ​ន​ធាន បាន​បន្តថា តំបន់​​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ជា​គម្រោង​គំរូ សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ខ្សែក្រវាត់​ ១ និង​ផ្លូវ ១ រវាង​ចិន និង​កម្ពុជា បន្ទាប់ពី​ការខិតខំ​ប្រឹងប្រែង និង​ការ​ទទួល​ផ្លែផ្កា ក្នុង​រយៈពេល​ ១០​ ឆ្នាំ​។ តំបន់​​សេដ្ឋកិច្ច​ពិសេស​នេះ បាន​ក្លាយជា​ក្បាល​​ម៉ាស៊ីន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត​ព្រះ​​សីហនុ និង​ជា​ចានបាយ​មាស​សម្រាប់​អ្នកស្រុក​នៅទីនេះ​ធ្វើការ ដើម្បី​ក្លាយជា​អ្នកមាន​។​

​លោក​បាន​បញ្ជាក់ថា​៖ «​សង្ឃឹមថា ក្រុម​ហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស អាច​ចាប់យក​ឱកាស​នៃ​ការកសាង​សហគមន៍​ជោគវាសនា​រួម ចិន និង​កម្ពុជា ក្នុង​យុគសម័យ​ថ្មី​នេះ ហើយ​ខិតខំ​បង្កើត​ទម្រង់​ ២.០ នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បី​រួមគ្នា​បង្កើត​សន្តិភាព​ថ្មី ក្នុង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជ​​កម្ម​រវាង​ចិន និង​កម្ពុជា​»៕