ភ្នំពេញៈ ទេសាភិបាលរង​​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) លោកស្រី ជា សិរី បាន​អំពាវ​នាវ​ឱ្យ​អ្នកវិនិយោគ​ជប៉ុន​ស្វែងរក​សក្តានុពល​វិនិយោគ​វិស័យ​ហិរញ្ញវត្ថុ ឬ​ប្រព័ន្ធ​បច្ចេកវិទ្យា​កសិកម្ម ​(AgriTech) នៅក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​វិស័យ​ទាំង ​២ ​កំពុងមាន​កំណើន​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ការអំពាវនាវ​របស់​លោកស្រី ជា សិរី ធ្វើឡើង​ក្នុងពេល​ផ្តល់​បទសម្ភាសន៍​ឱ្យ​សារព័ត៌មាន​ជប៉ុន Japan Up Close កាល​​ពីថ្ងៃ​ទី​ ២៨ ខែមេសា​ កន្លងមក ដោយ​លោកស្រី​បានលើកឡើង​ពី​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​របស់​ជប៉ុន Soramitsu ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ ​«​បាគង​» ដែលជា​ប្លាត​ហ្វ​ម​ទូទាត់​នៅតាម​ទូរស័ព្ទ​អន្តរ​ធនាគារ​ដល់ NBC​។​

​លោកស្រី​បានលើកឡើង​ថា​៖ «​ប្រទេស​ជប៉ុន​ ដូច​អ្នកដឹង​រួចហើយ គឺមាន​ភាពជឿនលឿន​ខ្លាំង​វិស័យ​បច្ចេកវិទ្យា​។ យើង​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ យើង​ចង់បាន​បច្ចេកវិទ្យា​ថ្មីៗ​ដើម្បីឱ្យ​យើង​ស្ទុះ​ហក់​ឡើង​មួយកម្រិត​ទៀត​។ ពិតណាស់​ខ្ញុំ​មើលឃើញថា កិច្ចសហប្រតិបត្តិការ​កាន់តែច្រើន​អាច​កើតឡើង​រវាង​ប្រទេស​ទាំង ​២​ លើ​វិស័យ​នានា មិន​ថា​ផ្នែក​ហិរញ្ញវត្ថុ ឬ AgriTech​។ ខ្ញុំ​មើលឃើញថា ជា​ឱកាស​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន​ជប៉ុន​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​»​។​

​យ៉ាងណាក៏ដោយ លោកស្រី​ពន្យល់ថា ចំណុច​សំខាន់​មួយទៀត​ដែល​ត្រូវ​រំលេច​ផងដែរ​នោះ​គឺ ប្រទេស​កម្ពុជា ​នៅពេលនេះ គឺ​ដូចជា​ក្រដាស​ទទេ​មួយ ហើយ​បច្ចេកវិទ្យា​ថ្មីៗ​អាច​ត្រូវបាន​សាកល្បង​នៅទីនេះ ដោយសារ​គ្មាន​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទាំងនោះ​។

លោកស្រី​ថ្លែងថា​៖ «​វា​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំងណាស់​សម្រាប់​ក្រុមហ៊ុន​ជប៉ុន​ដែល​មក​បណ្តាក់ទុន​ក្នុងប្រទេស​កម្ពុជា ព្រោះ​យើង​គ្មានអ្វី​ទេ​ (​បច្ចេកវិទ្យា​ទំនើប​) ហើយ​សេ​​ណា​រី​យោ​ដែល​ល្អ​បំផុត​គឺ​អ្នក​មក​សាក​ល្បង​ដោយសារតែ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា​របស់​យើង​មានកំណត់​ដែល​អាច​ល្អ ឬ​អាក្រក់ ប៉ុន្តែ​អ្នក​ត្រូវ​មើល​។ ផ្នែក​វិជ្ជមាន​ដែល​វា​នឹង​ផ្តល់ឱកាស​ជាច្រើន​ដើម្បី​ស្វែងរក​»​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖ «​វិធីសាស្ត្រ​របស់​យើង​គឺ​ចង់ឃើញ​អ្វីដែល​កើតឡើង ហើយ​បន្ទាប់មក​យើង​គ្រប់គ្រង ជាជាង​ព្យាយាម​ធ្វើឱ្យ​ល្អឥតខ្ចោះ​នៅពេល​ចាប់​ផ្តើម ដោយ​ដាក់​កម្រិត​លើ​គំនិត​ច្នៃ​ប្រ​​ឌិ​ត​ដែល​ចូលមក​។ ខ្ញុំ​សង្ឃឹមថា នេះ​គឺជា​អ្វីដែល​រដ្ឋាភិបាល​ជប៉ុន និង​ក្រុមហ៊ុន​​ជប៉ុន​ពិចារណា​នៅក្នុង​ការសម្រេចចិត្តរ​បស់​ពួកគេ ដើម្បី​ស្វែងរក​ទិសដៅ​ដែល​ត្រូវ​ទៅ​។ ជា​ចុងក្រោយ​ខ្ញុំ​ចង់​និយាយថា​ដោយសារតែ​ការបើក​ដំណើរការ​ប្រព័ន្ធ​បាគង​ទទួលបាន​ជោគជ័យ ដូច្នេះ​ក្រុម​ហ៊ុន Soramitsu ក៏​ទទួលបាន​ឱកាស​បែបនេះ​នៅ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ និង​តំបន់​ប៉ាស៊ីហ្វិក​ផងដែរ​។ ដូច្នេះ​យើង​ត្រូវ​ទាមទារ​ថា សមិទ្ធផល​នេះ​គឺ​កើតចេញពី​កម្ពុជា​»​។​

​លោក សុខ ចិន្តា​សោភា អគ្គលេខា​ធិ​ការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានលើកឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​២៥ នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន ដែល​បានរៀបចំ​នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ ថា វិនិយោគិន​ជប៉ុន​ជានិច្ចកាល​តែងតែ​ផ្ដល់​ទំនុកចិត្ត​ខ្ពស់​មកលើ​រាជរដ្ឋាភិបាល​​កម្ពុជា និង​បាន​ស្នើឱ្យ​ពួកគេ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។​

​លោក​ថ្លែងថា​៖ «​វិនិយោគិន​ជប៉ុន​តែង​​តែ​ផ្ដល់​ទំនុកចិត្ត​ខ្ពស់​មកលើ​រាជ​រដ្ឋា​ភិ​​បាល​កម្ពុជា ក្នុងការ​ធានា​នូវ​សុខ​សន្តិ​ភាព ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច ដែលជា​បុ​រេ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការសម្រេចចិត្ត​វិនិយោគ​»​។​

​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គិត​ត្រឹម​ដំណាច់​ខែមករា ឆ្នាំ​ ២០២៣ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត គម្រោង​វិនិយោគ​ជប៉ុន​ចំនួន ១៥០ ក្នុង​ទុនវិនិយោគ​ប្រមាណ ២,៩​ ពាន់​លាន​ដុល្លារ ក្នុងនោះ​មានដូចជា គម្រោង​វិ​និ​យោគ​ផ្សារ​ទំនើប​, រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត​, រោងចក្រ​ផលិត​ម៉ូ​ទ័​រ​ខ្នាតតូច​, រោងចក្រ​ផលិត​ឧបករណ៍​អគ្គិសនី និង​គម្រោង​សាងសង់ជាដើម​៕