​ភ្នំពេញៈ ផ្នែក​ឯកជន មាន​សុទិដ្ឋិនិយម​ថា នៅពេល​ច្បាប់​ស្តីពី​វិធាន​ដើមកំណើត​ទំនិញ​ចូល​ជា​ធរមាន វា​នឹង​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នកប្រើប្រាស់ កំណើន​ការនាំចេញ​ផលិតផល ក៏​ដូច​​ជា​ជួយ​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​មក​កម្ពុជា ព្រមទាំង​ជួយ​ឱ្យ​កំណើន​សេដ្ឋកិច្ចជាតិ​កាន់​​តែ​រឹងមាំ​ផងដែរ​។​

​រដ្ឋាភិបាល​កម្ពុជា កាលពី​ចុង​​សប្តាហ៍​មុន​បានអនុម័ត​សេចក្តី​​ព្រាង​ច្បាប់​ស្ដីពី​វិធាន​ដើម​កំ​​ណើ​ត​ទំនិញ ដែល​សេចក្តីព្រាងច្បាប់​នេះ​មានបំណង​សំខាន់ៗ​ដូចជា ១.​ការកំណត់​អំពី​គោល​​ការណ៍ និង​វិធាន​ស្តីពី​ដើម​កំ​ណើ​តនៃ​ទំនិញ​នាំចេញ និង​នាំចូល​, ២. ជំរុញ និង​សម្រួល​ពា​​ណិ​ជ្ជ​កម្ម​ដែល​ទទួលបាន​ប្រ​យោជន៍​ពី​ការអនុគ្រោះ​ពា​ណិ​​ជ្ជ​កម្ម និង​ការអនុវត្ត​ប្រព័ន្ធ​អនុ​គ្រោះ​ពាណិជ្ជកម្ម និង ៣. ចូល​​រួម​ទប់ស្កាត់​ការ​ក្លែងបន្លំ​ដើម​កំ​ណើ​ត​ទំនិញ​។ សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​រៀបចំ​ជា ៩ ជំពូក និង ៣៥ ​មាត្រា​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ចុង​សប្តាហ៍​មុន​បានសរសេរថា សេចក្តីព្រាងច្បាប់​នេះ​នឹង​ក្លាយ​​ជា​កម្លាំងចលករ​ក្នុងការ​ជំរុញ​លំហូរ​ពាណិជ្ជកម្ម​តាមរយៈ​ការ​ផ្តល់​ជា​មូលដ្ឋាន​ច្បាប់​ដល់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ទទួលបន្ទុក​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ និង​ការទទួល​សំអាង​ដើមកំណើត​ទំនិញ​, ជួយ​ជំរុញ និង​សម្រួល​ការនាំចេញ​ទំនិញ​កម្ពុជា​, ជួយ​ឱ្យ​កម្ពុជា​អាចបំពេញ​បាន​នូវ​ការសន្យា​របស់ខ្លួន​ក្រោម​ក្របខ័ណ្ឌ​អង្គ​​ការ​ពាណិជ្ជកម្ម​ពិភពលោក​, ធានាបាន​ដើមកំណើត​ទំនិញ​កម្ពុជា ព្រមទាំង​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​ក្លែងបន្លំ​ដើមកំណើត​ទំនិញ​, រក្សា​ផល​ប្រ​​យោជន៍​សេដ្ឋកិច្ច រួមទាំង​ជួយ​កៀរគរ​ចំណូល​ថវិកាជាតិ​, និង​រួមចំណែក​លើកកម្ពស់​សុ​ខុ​មាល​ភាព​សង្គម​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​សេចក្តីព្រាងច្បាប់​ស្ដីពី​វិធាន​ដើមកំណើត​ទំនិញ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​នៃ​ការអភិវឌ្ឍ​បទដ្ឋាន​គតិយុត្ត​របស់​វិស័យសេដ្ឋកិច្ច និង​ពា​ណិ​ជ្ជ​កម្ម ហើយក៏​ជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់​នៃ​ប្រព័ន្ធ​ច្បាប់​លើ​ពិភពលោក ដោយ​ដើរ​ទន្ទឹមគ្នា​ជាមួយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី តំបន់ និង​ពហុភាគី ដែលមាន​ដូចជា កិច្ចព្រមព្រៀង​ស្ដីពី​វិធាន​ដើម​កំណើត​ទំនិញ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​​ជ្រោយ​តំបន់​, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កម្ពុជា​-​កូរ៉េ ជាដើម​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៣ ខែឧសភា​ថា ច្បាប់​ស្តីពី​វិធាន​ដើមកំណើត​ទំនិញ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ព្រោះ​ច្បាប់​នេះ​នឹង​ជួយ​ទប់ស្កាត់ ឬ​លុបបំបាត់​ការលក់ទំនិញ​ដែល​មិនមាន​ប្រភព​ច្បាស់លាស់​។ ច្បាប់​នេះ​ក៏​ជួយ​ពង្រឹង​ទំនុក​ចិត្ត​វិនិយោគិន​ឱ្យមក​បណ្តាក់​ទុន​កាន់តែច្រើន​នៅ​កម្ពុជា​។

​លោក​បញ្ជាក់ថា​៖ «​នៅពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន វា​នឹង​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​កាន់តែច្រើន ហើយក៏​នឹង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​ផងដែរ ទាំង​ការផលិត​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​និង​នាំចេញ​»​។ លោក​ប្រាប់ទៀតថា​៖«​តាមរយៈ​ច្បាប់​នេះ ក៏​នឹង​ជួយ​ឱ្យ​អ្នកប្រើប្រាស់​ទទួលបាន​នូវ​ទំនិញ​ដែលមាន​គុណភាព និង​ស្តង់ដា​ច្បាស់​លាស់​ផងដែរ​»​។​

​ប្រធាន​ក្រុមប្រឹក្សា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី លោកស្រី កែវ មុំ បាន​និយាយថា ច្បាប់​ស្ដីពី​វិធាន​ដើមកំណើត​ទំនិញ​ដែល​នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​នាពេល​ខាងមុខ គឺ​ពិត​ជាមាន​ផល​​ប្រយោជន៍​ច្រើន​ចំពោះ​ផលិត​ផល​ក្នុងស្រុក​ដូចជា ១.​បញ្ជាក់​នូវ​វត្ថុធាតុដើម​ដែលជា​ដើម​កំ​ណើ​ត​ពិតប្រាកដ​របស់​កម្ពុ​ជា​, ២. ពិភពលោក​នឹង​ចាប់ផ្ដើម​ស្គាល់​នូវ​គុណភាព​ផលិតផល របស់​ខ្មែរ និង​ងាក​មកប្រើប្រាស់​កាន់តែច្រើន​, ៣.​អាច​នាំចេញ​ផលិតផល និង​កសិផល​របស់​ខ្មែរ​កាន់តែច្រើន​, និង​ទី​៤ ទាក់​ទាញ​អ្នកវិនិយោគ​ឱ្យមក​បើក​រោងចក្រ​កែច្នៃ​ផលិតផល​ខ្មែរ​សម្រាប់​នាំចេញ​។​

​លោកស្រី​ប្រាប់ថា​៖ «​យើង​មាន​មោទនភាព​ដែល​ប្រទេស​កម្ពុជា​ផលិត​បាន​នូវ​ផលិតផល និង​កសិផល​របស់ខ្លួន​ដែលមាន​គុណភាព គួបផ្សំ​នឹង​ការ​បញ្ជាក់​នូវ​វិធាន​ដើមកំណើត​ទំនិញ​ទៀត​នោះ គឺ​ធ្វើឱ្យ​កម្ពុជា​ពិតជា​លេចធ្លោ​ឡើង​នៅ​ថ្នាក់​អន្តរជាតិ​។ ច្បាប់​នេះ​គឺ​ពិតជា​អាចជួយ​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ឱ្យ​បណ្តាក់​​ទុន​ផ្ទាល់​នៅ​កម្ពុជា​កាន់តែច្រើន ដោយសារ​មានការ​បញ្ជាក់​ត្រឹមត្រូវ​ពី​វិធាន​ដើម​នៃ​ផលិតផល​ធ្វើឱ្យ​ទីផ្សារ​អន្តរជាតិ​មាន​ទំនុក​​ចិត្ត​កាន់តែខ្លាំង​»៕