ភ្នំពេញៈ កម្ពុជា​ប្រកាស​ឱ្យប្រើ​ច្បាប់​សារពើពន្ធ​ថ្មី ដែល​ជាការ​កំណែទម្រង់​ឆ្ពោះទៅរក​ការបង្កើត​ប្រាក់ចំណូល ឱ្យ​កាន់​តែមាន​តម្លាភាព ប្រសិទ្ធភាព និង​គណនេយ្យភាព ខណៈ​ច្បាប់​នេះ​នឹង​បម្រើ​ជាយា​ន​ថ្មី​មួយ​ដែល​ត្រូវបាន​តាក់តែងឡើង​ស្របតាម​ស្តង់ដា​អន្តរ​ជាតិ និង​បរិយាកាស​សេដ្ឋកិច្ច​បច្ចុប្បន្ន ក្នុងការ​ទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន​មក​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ច្បាប់​ស្តីពី​សារពើពន្ធ​ថ្មី​ដែល​ជំនួស​ច្បាប់​ចាស់​កាលពី​ឆ្នាំ ​១៩៩៧ ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី ​២២ ខែឧសភា​។ ការប្រកាស​ឱ្យប្រើ​ដោយ​ព្រះ​មហាក្សត្រ​បានធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋ​​សភា​បានអនុម័ត​កាលពី​ថ្ងៃទី ​១៩ ខែមេសា និង​ដោយ​ព្រឹទ្ធសភា​នៅ​ថ្ងៃទី ២ ឧសភា កន្លងមក​។​

​សំណើ​ច្បាប់​នេះ​មាន​ ២០ ​ជំពូក និង ​២៥៥ មាត្រា ត្រូវបាន​ពិភាក្សា​យ៉ាង​​ទូលំទូលាយ​ដោយ​ផ្អែកលើ​ធាតុ​ចូល​ដែល​ផ្តល់​ដោយ​ក្រុម​អ្នកឯកទេស​មកពី​ស្ថាប័នរដ្ឋ និង​ឯកជន ហើយ​ត្រូវ​បានអនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​កាល​​ពីថ្ងៃ​ទី​ ៣១ ខែមីនា​។​

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រ​​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានការ​​ពារ​សេចក្តីព្រាងច្បាប់​នេះ​នៅ​រដ្ឋសភា នៅ​ថ្ងៃទី​ ១៩ ខែមេសា ដោយ​លើកឡើងថា ច្បាប់​នេះ​ផ្តល់នូវ​បទ​ប្បញ្ញត្តិ​ផ្លូវច្បាប់​ដ៏​ទូលំទូលាយ ក្នុង​គោលបំណង​ចូល​​រួមចំណែក​ក្នុងការ​ធ្វើកំណែទម្រង់រ​បស់​រដ្ឋាភិបាល​។​

​លោក​ថ្លែងថា​៖ «​លើសពីនោះ ច្បាប់​នេះ​នឹង​ធានា​និរន្តរភាព​នៃ​កំណើន​សេដ្ឋ​កិច្ច ប្រាក់ចំណូល​រដ្ឋ ការប្រកួតប្រជែង​ដោយ​ស្មើភាព និង​យុត្តិធម៌ និង​ការ​ការ​​ពារ​សង្គម ទន្ទឹមនឹង​ការបង្កើន​ការ​អភិ​​វ​ឌ្ឍ​ឧស្សាហកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម ​(SME) និង​ការទាក់ទាញ​ការវិនិយោគ ដើម្បី​អាចឱ្យ​ប្រទេស​កម្ពុជា​សម្រេចបាន​នូវ​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ ២០៣០​ និង​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៥០»​។​

​លោក គង់ វិបុល អគ្គនាយក GDT ដែល​ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​បាន​កាលពី​ថ្ងៃទី​ ២៣ ខែឧសភា ធ្លាប់​លើក​​ឡើង​ថា ច្បាប់​នេះ​ត្រូវបាន​ព្រាង​ដោយ​ក្រុមបច្ចេកទេស​របស់លោក​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ ដើម្បី​ឆ្លើយតប​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​និន្នាការ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ថា ច្បាប់​វិនិយោគ​ក៏​ផ្តល់នូវ​រូបភាព​ច្បាស់លាស់​នៃ​ឧស្សាហកម្ម​ដែល​នឹង​ទទួល​បានការ​​លើកទឹកចិត្ត​ដែរ ដូច្នេះហើយ​យើង​ចាំ​​បាច់​ត្រូវ​កែសម្រួល​ច្បាប់​ពន្ធ​របស់​យើង​ឱ្យស្រប​នឹង​ច្បាប់​វិនិយោគ​ដើម្បី​ធានាថា​ច្បាប់​ទាំង​ ២​ នេះ​មាន​ភាពស្របគ្នា​»​។​

​លោក​បញ្ជាក់ថា​៖ «​យើង​ចាំបាច់​ត្រូវ​ធានាថា មាន​បទ​ប្បញ្ញត្តិ​ច្បាស់លាស់​ដើម្បី​ផ្តល់​ភាពច្បាស់លាស់​ក្នុងការ​ទាក់​ទាញ​ការវិនិយោគ​ថ្មីៗ​។ ច្បាប់​ពន្ធ​ថ្មី​នេះ នឹង​ផ្តល់​ភាពច្បាស់លាស់​ដល់​វិ​និ​យោ​​គិ​ន ដែលមាន​សក្តានុពល​ម​ក​បណ្តាក់​ទុន​នៅ​កម្ពុជា ជា​មូល​ហេតុដែល​យើង​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​វា​»​។​

​លោក Anthony Galliano អគ្គ​នា​​យក​ក្រុមហ៊ុន Cambodian Investment Management បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៣ ខែឧសភា​ថា​ច្បាប់​ថ្មី​នេះ​សម្រេចបាន​នូវ​ការបញ្ចូល​គ្នា​នៃ​ប្រភេទ​ពន្ធ​ទាំង​ ១៥ ទៅជា​ច្បាប់​តែមួយ និង​ត្រូវ​គ្នា​នឹង​ច្បាប់​សំខាន់ៗ​ផ្សេងទៀត​របស់​កម្ពុជា ដូចជា​ច្បាប់​ស្តីពី​ការវិនិយោគ ច្បាប់​សហគ្រាស​ពាណិជ្ជ​កម្ម និង​ច្បាប់​ការងារ​ជាដើម​។​

​លោក​លើកឡើងថា​៖ «​ច្បាប់​ថ្មី​នេះ​ក៏​ស្វែងរក​ការដកចេញ​នូវ​ភាព​ចន្លោះ​ប្រ​​ហោង​មួយចំនួន​ដែលមាន​នៅក្នុង​ច្បាប់​មុនៗ ស្របតាម​ស្តង់ដា​អន្តរជាតិ ដើម្បី​កែលម្អ និង​បង្កើន​ការប្រមូល​ចំណូល​ពន្ធ និង​ការគ្រប់គ្រង​»​។​

​លោក​បញ្ជាក់ថា​៖ «​ការធ្វើឱ្យ​ស្របគ្នា​នឹង​ស្តង់ដា​អន្តរជាតិ ការរួមបញ្ចូល និង​ការបញ្ជាក់​ជាមួយ​ច្បាប់​ពាក់ព័ន្ធ​ផ្សេងៗ និង​ការបិទ​ចន្លោះប្រហោង គឺជា​ការ​​អភិវឌ្ឍ​វិជ្ជមាន ហើយនឹង​បង្កើត​វេទិកា​ដ៏​គួរឱ្យ​ទាក់ទាញ​បន្ថែមទៀត​សម្រាប់​ការវិនិយោគ និង​ការដាក់​ប្រទេស​កម្ពុជា​ជាទី​តាំង​កាន់តែ​ប្រសើរឡើង ការជួយ​សម្រួល​ដល់​ការធ្វើ​អាជីវកម្ម​។ ខ្ញុំ​សូម​សរសើរ​រាជរដ្ឋាភិបាល ពិសេស GDT និង​ក្រសួងយុត្តិធម៌ ដែល​បាន​បំពេញការងារ​បានល្អ​»៕