ភ្នំពេញ​: ប្រទេស​កម្ពុជា នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍ តំបន់​អាស៊ី​​ប៉ាស៊ីហ្វិក (ADFIAP) លើក​ទី​៤៧ ដែល​អនុញ្ញាតឱ្យ​ប្រទេស​នានា​ទាក់ទាញ សមាជិក​ប្រហែល ៤០ ​ប្រទេស របស់ ADFIAP ដើម្បី​ផ្លាស់ប្តូរ​ចំណេះដឹង និង​បទ​ពិសោធន៍​លើ​ការអនុវត្ត និង​ការ​​ប្រមូលផ្ដុំ​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​តំបន់​ទាំង​ ២​។​

​លោក កៅ ថាច អគ្គនាយក​ធនាគារ​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ ​(ARDB)​ ដែល​ទើបតែ​ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ ADFIAP​ ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់ ADFIAP លើក​ទី​៤៦ នៅ​ថ្ងៃទី​ ១៦ ខែឧសភា ឆ្នាំ​ ២០២៣ នា​ថ្ងៃទី​ ១៦ ខែឧសភា ឆ្នាំ​ ២០២៣ ក្នុង​ទីក្រុង​អាល់​​ម៉ា​ទី កា​ហ្សា​ក់​ស្ថាន​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២៤ ខែឧសភា ថា ARDB ត្រូវបាន​ជ្រើសរើស​ដោយ​ក្រុមប្រឹក្សា​នៃ ADFIAP ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ប្រចាំឆ្នាំ ADFIAP លើក​ទី​៤៧ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ១៤, ១៥ និង ១៦ ខែឧសភា ឆ្នាំ ​២០២៤​។​

​លោក​ថ្លែងថា​៖ «​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ នឹង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​ភាពជា​ដៃគូ រវាង​ស្ថាប័ន​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​។ នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ក្នុងការ​ចែករំលែក​ប​ទ​ពិសោធន៍ និង​ទស្សនទាន លើ​ការអនុវត្ត​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រាជ​រដ្ឋា​​ភិ​បាល ដល់​ស្ថាប័ន​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​»​។​

​លោក​បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​នឹង​ផ្ដល់ឱកាស​សម្រាប់​ប្រទេស​កម្ពុជា ទទួលបាន​ចំណេះដឹង​ថ្មីៗ ពី​ស្ថាប័ន​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ព្រមទាំង​ផ្ដល់​ដល់​ប្រទេស​កម្ពុជា ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ដែលជា​សមាជិក ADFIAP ដែលមាន​ប្រមាណ​ជាង ៤០ ប្រទេស​។​

​លោក កៅ ថាច បញ្ជាក់ថា​៖ «​យើង​ក៏មាន​ឱកាស​ដើម្បី​បង្ហាញ​ពី​វិស័យ​សក្តានុពល​ក្នុងប្រទេស​កម្ពុជា ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​ប្រទេស​ទាំងនោះ​»​។​

ADFIAP ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៧៦ ទម្រង់​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មានមុខ​ងារ​ផ្តល់​ប្រឹក្សា​ជូន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​នៃ​អង្គការសហប្រជាជាតិ ដែលមាន​លេខាធិការដ្ឋាន​អចិ​ន្រៃ្ត​យ៍​ស្ថិតនៅ​ក្រុង​ម៉ា​កា​ទី រដ្ឋធានី​ម៉ានីល ប្រទេស​​ហ្វីលីពីន​។ បេសកកម្ម​របស់ ADFIAP គឺ​ដើម្បី​ភាព​រីកចម្រើន​ប្រកបដោយ​ការអភិវឌ្ឍ​ដោយ​ចីរភាព តាមរយៈ​ការពង្រឹង​ស្ថាប័ន និង​មុខងារ​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​, លើកកម្ពស់​សមត្ថ​ភាព​របស់​សមាជិក​, និង​ការតស៊ូ​មតិ​លើ​នវានុវត្តន៍​ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍ​។ បច្ចុប្បន្ន ADFIAP មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​ជា​សមាជិក​ចំនួន ៩០​គ្រឹះស្ថាន មកពី​បណ្តា​ប្រទេស​ចំនួន ៤០ ក្នុង​តំបន់​អាស៊ី​។​

​ទន្ទឹមនឹងនេះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍ (Development Financial Institution) ឬ​ធនាគារ​អភិវឌ្ឍន៍ ​(Development Bank) ជា​អន្តរការី​ហិរញ្ញវត្ថុ​ដែលមាន​គោលដៅ​ផ្តល់​ហិរញ្ញប្បទាន​លើ​គម្រោង​អភិវឌ្ឍន៍​អាទិភាព​នានា​របស់​ប្រទេស ឬ​តំបន់ តាមរយៈ​ការ​កៀរគរ​មូលនិធិ​ដើម្បី​គាំទ្រ​វិស័យ​ដែលមាន​ឱនភាព​ដែល​ត្រូវការ​ហិរញ្ញប្បទាន​គាំទ្រ​ការអភិវឌ្ឍ​។​

​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍ ឬ​ធនាគារ​អភិវឌ្ឍន៍ ជា​ស្ថាប័ន​បម្រើឱ្យ​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​មួយ ឬ​តំបន់​ដែលមាន​តួនាទី​សំខាន់​ណាស់​គឺ​ដើម្បី​បំពេញ​កង្វះ​ចន្លោះ​ផ្នែក​ហិរញ្ញវត្ថុ ដែល​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​​ឯកជន​មិនអាច​បំពេញបាន និង​ដើរតួនាទី​ជា អ្នក​ផ្តួច​ផ្តើមគំនិត (Initiator), ស្ថាបនិក (Institution Builder), កាតាលីករ (Catalyst), និង​ជា​ស្ថាប័ន​ដែល​ផ្តល់ជំនួយ​ចុងក្រោយ​បំផុត (Bank of Last Resort) ក្នុង​វិស័យ​ដែល​ត្រូវ​អភិវឌ្ឍ​ទាំងនោះ​។​

​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​ចូល​ជា​សមាជិក ADFIAP ចាប់​តាំងពី​ឆ្នាំ​ ២០០៥​។ ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ​ ARDB​ បាន​ចូលរួម​យ៉ាងសំខាន់​នៅក្នុង​ព្រឹត្តិការណ៍​ភាគ​ច្រើន​ដែល​រៀបចំ​ដោយ សមាគម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ អភិវឌ្ឍន៍ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (ADFIAP)​ និង​ចែករំលែក​យ៉ាងសកម្ម​នូវ​បទពិសោធន៍​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ដល់​សមាជិក​។ ធនាគារ​នេះ បានរៀបចំ​ដំណើរ​ទស្សនកិច្ច​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ចំណេះដឹង និង​កិច្ច​សហប្រតិបត្តិការ​ទៅកាន់​ប្រទេស​ហ្វីលីពីន (២០២២)៕