​ភ្នំពេញ​: ការប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​នៅតែ​បន្ត​មាន​និន្នាការ​កើនឡើង​គួរឱ្យ​កត់​​សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយ​អតិថិជន​បាន​ផ្លាស់ប្តូរ​ឥរិយាបថ​ពី​ការ​​ទូទាត់​ជា​សាច់ប្រាក់​មកជា​ការ​​ទូទាត់​បែប​ឌីជីថល ក្នុងនោះ​ចំនួន​អតិថិជន​ដែល​បាន​ចុះ​ឈ្មោះ​បង្កើត​គណនី​អី​វ៉ា​ឡេ​ត​សរុប​កើន​ឡើងដល់ ​១៩,៥ លាន​គណនី និង​ចំនួន​ប្រតិបត្តិ​​ការ​របស់​សេវា​ទូទាត់​សង​ប្រាក់​បាន​កើនឡើង​ពី ៧០៨ ​លាន​ប្រតិបត្តិការ ដល់ ១​ ពាន់​លាន​ប្រតិបត្តិការ ហើយ​ទំហំ​ទឹកប្រាក់​ក៏បាន​កើនឡើង​ដល់ ២៧២,៨ ពាន់​លាន​ដុល្លារ​អាមេរិក (​កើន​ឡើង ​៣៤​ ភាគរយ​) ប្រមាណ​ជាង ៩​ ដង​នៃ​ផលិតផល​ក្នុង ស្រុក​សរុប (GDP)​។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំ ឆ្នាំ​ ២០២២ របស់​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC)​។​

​បើ​យោងតាម​របាយការណ៍​ដ​ដែល គិត​ត្រឹម​ចុងឆ្នាំ​ ២០២២ ​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ​(PSIs) ចំនួន​ ៣៥ បានទទួល​អាជ្ញាប័ណ្ណ ហើយ​គ្រឹះ​ស្ថាន​ធនាគារ​ហើយ​គ្រឹះស្ថាន​ធនាគារ​និង ហិរញ្ញវត្ថុ​ចំនួន ២ បានទទួល​លិខិតអនុញ្ញាត​ធ្វើ​ប្រតិបត្តិ​ការទូទាត់​សង​ប្រាក់​។ ជាទូទៅ ផលិតផល និង​សេវា​របស់​គ្រឹះស្ថាន​ទាំងនេះ​មាន​លក្ខណៈ​ជាការ​ទូទាត់​បែប​ឌីជីថល ដែល​អាច​ធ្វើឡើង​តាមរយៈ កម្មវិធី​ទូទាត់​ចល័ត ឬ​នៅតាម​បញ្ជរ​ភ្នាក់ងារ និង​បណ្តាញ​ទូទាត់​ជាច្រើន​។

«​ការប្រើប្រាស់​បច្ចេកវិទ្យា ហិរញ្ញវត្ថុ​ក្នុង​ការផ្តល់សេវា​ទូទាត់ ជា​កត្តា​មួយ​ក្នុងការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ជំរុញ​ការប្រកួតប្រជែង បង្កើន​នវានុវត្តន៍​និង​បង្កើន​ទំនុកចិត្ត​ដល់​សាធារណជន​ក្នុងការ​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​»​។ នេះ​បើ​យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC)​។

NBC បន្តថា​៖ «​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បានផ្ដល់​សេវា​ធនាគារ​តាម​អ៊ី​ន​ធឺ​ណិ​ត សេវា​ធនាគារ​ចល័ត និង​បានចេញ​ផ្សាយ​បណ្ណ​ទូទាត់​សរុប​មាន​ចំនួន ១២៣ លាន​បណ្ណ​។​ការគ្រប់គ្រង​មូលនិធិ​របស់​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ និង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ផ្តល់​សេវា​ទូទាត់ សង​ប្រាក់ មាន​ភាពល្អប្រសើរ ដោយ​គ្រឹះស្ថាន​រក្សាបាន​នូវ​សមតុល្យ​ក្នុង​គណនី​អាណត្តិ​ព្យាបាល​បាន​ខ្ពស់ជាង​សមតុល្យ​រូបិយវត្ថុ​អេឡិចត្រូនិក​សរុប​ដែល​បានចេញ​ផ្សាយ​។​

​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ក្នុង​របាយការណ៍​ថា ធនាគារជាតិ​នៃ​កម្ពុជា​កំពុងធ្វើការ​ផ្សព្វផ្សាយ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ​(Fintech)​ ដើម្បី​ធ្វើ​ទំនើបកម្ម​ការទូទាត់​តាម​ឌីជីថល​នៅក្នុង​ប្រទេស ដើម្បី​ឆ្លើយតប​នឹង​ការអភិវឌ្ឍ​នាពេល​បច្ចុប្បន្ន​។​

​លោក​ថ្លែងថា​៖ «​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បន្តធ្វើ​ទំនើបកម្ម និង​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ទូទាត់​ដោយ​ដាក់ឱ្យ​ដំណើរការ​ KHQR Code កម្រិតស្តង់ដា ដើម្បី​ព​ន្លឿ​ន​ប្រតិបត្តិ​ការទូទាត់​តាមរយៈ QR Code​។ លើសពីនេះទៅទៀត ការទូទាត់​ឆ្លងកាត់​ព្រំដែន​ក៏ត្រូវ​បាន​ពង្រឹង​បន្ថែម​ជាមួយ​ប្រទេសជិតខាង​ផងដែរ ដើម្បី​ធ្វើឱ្យ​ការទូទាត់​កាន់តែ​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព ក៏ដូចជា​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ផងដែរ​។​

​លោក ​តូច ចៅ​ចេក​ អគ្គនាយក​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ភីអិលស៊ី (CPBank) បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា និន្នាការ​នៃ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​មានការ​កើន​ឡើងជា​លំដាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ដោយសារ​ប្រជាជន​កំពុង​ផ្លាស់ប្តូរ​ទម្លាប់​ក្នុង​ការបញ្ជាទិញ​អាហារ ទំនិញ និង​សេវាកម្ម​អន​ឡាញ​។​

​លោក​ថ្លែងថា​៖ «​យើង​បាន​កត់​​សម្គាល់​ឃើញថា ចាប់តាំងពី​ការរីក​​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ចំនួន​នៃ​ការ​ទូទាត់​តាម​ឌីជីថល​កាន់តែ​មាន​ប្រជា​ប្រិយភាព​នៅពេលនេះ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​ខណៈពេលដែល​ស្ថាប័នហិរញ្ញវត្ថុ​ជាច្រើន​កំពុង​កែលម្អ​ការទូទាត់​តាម​ឌីជីថល​របស់​ពួកគេ​ផងដែរ​»​។

លោក​បន្តថា រហូតមកដល់​ពេលនេះ ធនាគារ ​CPBank​ មាន​គណនី អ៊ី​វ៉ា​ឡេ​ត​ច្រើនជាង ២០០ ០០០​ ហើយ​បន្ត​កើនឡើង​ពីមួយ​ខែ​ទៅមួយ​ខែ​។​

​លោក​បាន​លើកឡើងថា​៖ «​ការណ៍​នេះ​ក៏បាន​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ចំណេះ​ដឹង និង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​»​។

​លោក​បាន​គូសបញ្ជាក់​បន្ថែមទៀតថា គណនី អ៊ីវ៉ា​ឡេ​ត​នៅ​ធនាគារ​ CPBank បាន​លើសពី​សញ្ញា​កត់សម្គាល់​ចំនួន ២០០ ០០០០ ​និង​កំពុង​កើនឡើង​គួរឱ្យកត់សម្គាល់​ជា​រៀងរាល់ឆ្នាំ​។​

​បើ​យោងតាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​របស់ NBC បច្ចុប្បន្ន​ការទូទាត់​ប្រាក់​ឆ្លង​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​បាន​កើនឡើង​កាន់​តែ​ច្រើន​ផងដែរ​។ បន្ទាប់ពី​មាន​កិច្ច​សហប្រតិបត្តិ​ការប្រកប​ដោយ​ជោគ​​ជ័យ​ជាមួយនឹង​ធនាគារកណ្ដាល​ថៃ ធនាគារជាតិ​នៃ​កម្ពុជា កំពុងធ្វើការ​ជាមួយ​ធនាគារកណ្ដាល​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ និង​ធនាគារកណ្ដាល​រដ្ឋ​វៀតណាម ដើម្បី​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ទូទាត់​នៃ​ប្រទេស​នានា ក្នុង​គោល​បំណង​ធ្វើឱ្យ​ការទូទាត់​ឆ្លងកាត់​ព្រំដែន​កាន់​តែមាន​ភាពងាយស្រួល​កាន់តែ​លឿន​កាន់​តែមាន​សុវត្ថិភាព និង​ប្រកបដោយ​បរិ​យា​ប័ន្ន​៕