
ឡានដឹកទូកុងតឺន័រនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ កាលពីខែមេសា ឆ្នាំ ២០២៣។ រូបថត ហុង មិនា
ភ្នំពេញៈ ទឹកប្រាក់ដែលកម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារប្រទេសអាមេរិក និងវៀតណាមក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៣ សម្រេចបានជាង ៣,៦ ពាន់លានដុល្លារ ស្មើនឹងជាង ៥០ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាដែលមានជាង ៧,២ ពាន់លានដុល្លារ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញទំនិញក្នុងទឹកប្រាក់សរុប ៧ ២៣៤,១២ លានដុល្លារ ធ្លាក់ចុះ ៤,៩ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលមានចំនួនជាង ៧ ៦០៦ លានដុល្លារ។ នៅក្នុងចំណោមទឹកប្រាក់នាំចេញនេះ គឺការនាំចេញទៅប្រទេសអាមេរិក និងវៀតណាម មានទឹកប្រាក់ជាង ៣,៦៣១ ពាន់លានដុល្លារ ស្មើនឹង ៥០,២ ភាគរយនៃការនាំចេញសរុប។
យោងតាមទិន្នន័យដដែលការនាំចេញទំនិញទៅអាមេរិក ក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៣ មានចំនួនជាង ២,៤៥០ ពាន់លានដុល្លារ ធ្លាក់ចុះ ១៦,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ និងការនាំទំនិញទៅប្រទេសវៀតណាមមានចំនួនជាង ១,១៨១ លានដុល្លារ កើនឡើង ២០,៩ភាគរយ។ ចំនួនទឹកប្រាក់នាំចេញទៅអាមេរិក គឺស្មើនឹង ៣៣,៩ ភាគរយនៃការនាំចេញសរុប និងទៅប្រទេសវៀតណាម មានចំនួន ១៦,៣ ភាគរយ។
ដោយឡែកសម្រាប់ខែមេសា ឆ្នាំ ២០២៣ ទំនិញនាំចេញទៅប្រទេសទាំង ២ គឺមានចំនួន ៨៩៨,៥៨ លានដុល្លារ ធ្លាក់ចុះ ៩,៣៦ ភាគរយពីចំនួន ៩៩២ លានដុល្លារកាលពីខែមេសា ឆ្នាំ ២០២២។ ទឹកប្រាក់នាំទំនិញទៅប្រទេសទាំង ២ ស្មើនឹង ៤៨,៧ ភាគរយនៃការនាំចេញសរុបក្នុងខែមេសា ឆ្នាំ២០២៣ ដែលមានចំនួនជាង ១,៨ ពាន់លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងនៅថ្ងៃទី ២៥ ខែឧសភាថា អាមេរិក និងវៀតណាមបានដើរតួនាទីយ៉ាងសំខាន់យូរមកហើយក្នុងនាមជាប្រទេសគោលដៅនៃការនាំចេញទំនិញរបស់កម្ពុជា ដោយអាមេរិកគឺទីផ្សារធំជាងគេដែលទទួលទិញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ និងវៀតណាមជាប្រទេសទទួលទិញកសិផល និងផលិតផលមិនទាន់កែច្នៃមួយចំនួនពីកម្ពុជា។ លោកបានបន្តថា ទីផ្សារទាំង ២ នេះបានចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកើនឡើងជាបន្តបន្ទាប់។
លោកបានថ្លែងថា៖ «ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក អាមេរិកគឺជាទីផ្សារដ៏សំខាន់សម្រាប់ផលិតផលវាយនភណ្ឌកម្ពុជាតាំងពីយូរមកហើយ ការនាំចេញទៅទីនោះបានកើនឡើងស្ទើរគ្រប់ ពេល ដោយលើកលែងក្នុងរយៈពេលជិត ១ ឆ្នាំមុននេះ។ ចំណែកវៀតណាមដោយសារតែមានព្រំដែនជាប់ប្រទេសកម្ពុជា និងមានរោងចក្រឧស្សាហកម្មកែច្នៃ (ពិសេសរោងចក្រកែច្នៃផលិតផលកសិកម្ម) ច្រើននោះ គឺតែងតែប្រមូលទិញកសិផលយ៉ាងច្រើនពីកម្ពុជាជារៀងរាល់ឆ្នាំ»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានមានប្រសាសន៍ថា អាមេរិក និងវៀតណាម គឺជាទីផ្សារសំខាន់របស់កម្ពុជាទាំងការនាំចូល និងនាំចេញទំនិញ។ លោកបន្តថា សម្រាប់អាមេរិក ដែលជាទីផ្សារនាំចេញទំនិញពីកម្ពុជាច្រើន គឺដោយសារតែកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធសម្រាប់នាំចេញផលិតផលមួយចំនួនទៅទីនោះ ខណៈវៀតណាម គឺជាប្រទេសជិតខាងដែលមានការផ្លាស់ប្តូរទំនិញ (ពិសេសកសិផល) ជាហូរហែយូរមកហើយ។ លោកបន្តថា សម្ទុះនៃការនាំចេញ នាំចូលទំនិញរវាងប្រទេសទាំង ២ នឹងមានបរិមាណកាន់តែច្រើននៅពេលស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកល្អប្រសើរជាងពេលនេះ។
លោកប្រាប់ថា៖ «អាមេរិក និងវៀតណាមគឺជាទីផ្សារគោលដៅនាំចេញដ៏សំខាន់របស់កម្ពុជា និន្នាការនេះនឹងកាន់តែប្រសើរនៅពេល កំណើន សេដ្ឋកិច្ចពិភពលោកដំណើរការល្អ»។
ទោះយ៉ាងណា លោកលើកឡើងថា កម្ពុជាក៏ត្រូវតែខិតខំពង្រឹង និងពង្រីកសមត្ថភាពក្នុងការផលិត និងកែច្នៃផលិតផលរបស់ខ្លួនឱ្យបានកាន់ច្រើន និងត្រូវស្វែងរកទីផ្សារគោលដៅនាំចេញឱ្យបានកាន់តែច្រើនថែមទៀត។
ក្រៅពីជាទីផ្សារនាំមុខគេក្នុងការទទួលទិញទំនិញពីកម្ពុជា ប្រទេសទាំង ២ ក៏បាននាំទំនិញមកកម្ពុជាច្រើនផង ដែរ ពិសេសវៀតណាមដែលជាប្រទេសជិតខាង។ នេះបើយោង តាមលោក លឹម ហេង។
ផ្អែកតាមតារាងរបស់អគ្គនាយកដ្ឋានគយដដែល ក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៣ កម្ពុជាបាននាំចូលទំនិញពីប្រទេសទាំង ២ ក្នុងតម្លៃសរុប ១,៣២៤ ពាន់លានដុល្លារ ធ្លាក់ចុះ ៧,៣៩ ភាគរយពីចំនួន ១,៤២៧ ពាន់លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ ២០២២។
ក្នុងទឹកប្រាក់នេះ គឺទំនិញនាំមកពីប្រទេសវៀតណាម មានទឹកប្រាក់ ១,២៤៩ ពាន់លានដុល្លារ ថយចុះ ៥,៨ ភាគរយ និងអាមេរិក មានចំនួន ៧៥លានដុល្លារ ថយចុះ ២៨ ភាគរយ៕