តាមរយៈ​ការសិក្សា​ជាមួយ​សិក្ខាកាម​ដែលបាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​បដិសណ្ឋារកិច្ច ហូកា (Hoka) បានបង្ហាញ​ថា មុនពេល​បណ្តុះបណ្តាល​សិក្ខាកាម​ទទួលបាន​ប្រាក់​ចំណូលជាមធ្យម​ប្រចាំ​ខែចំនួន ១៨៦ ដុល្លារ ហើយនៅ​ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល សិក្ខាកាម​ទទួលបាន​ប្រាក់ចំណូល​ជាមធ្យម​ប្រចាំខែ​ចំនួន ២២៣ ដុល្លារ មានការកើន​ឡើងប្រមាណ ២០% ស្មើនឹង​ប្រាក់កើន​ជាមធ្យម​ចំនួន ៣៦ ដុល្លារ។

យោងតាម​ការផ្សព្វផ្សាយ​លើទំព័រហ្វេសប៊ុក​ដែលមាន​ឈ្មោះថា «កម្មវិធី​ហូកា នៃ​គម្រោង អភិវឌ្ឍន៍​ជំនាញ» នៅថ្ងៃ​ទី២៧ ខែឧសភា​នេះ បញ្ជាក់​ថា កម្មវិធី​បណ្តុះបណ្តាល​បដិសណ្ឋារកិច្ច ហូកា ស្ថិតក្រោម​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​ទេសចរណ៍ និងអង្គការ ស៊្វីស​ខន់ថាក់ ដើម្បី​ជំរុញ​ការបណ្តុះបណ្តាល​បដិសណ្ឋារកិច្ច​ដល់​យុវជន​ងាយរងគ្រោះ បុគ្គលិកជំនាញ​ទាប អ្នកគ្រប់គ្រង និងម្ចាស់​អាជីវកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​គោលដៅ​ចំនួន ១០ ទូទាំង​ប្រទេស។

លោក ជួប រតនា ប្រធាន​នាយកដ្ឋាន​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍ និងជា​ប្រធានលេខាធិការដ្ឋាន គ.គ.ហ. ប្រាប់ឱ្យដឹង​ថា ជាទូទៅ​នៅពេល​ដែល​សិក្ខាកាម បានឆ្លងកាត់​វគ្គបណ្តុះបណ្តាល​បដិសណ្ឋារកិច្ច ហូកា ទទួលបាន​នូវសេវាកម្ម​ល្អ​ប្រសើរ​ជាងមុន។

លោកបន្ត​ថា សិក្ខាកាម​ខ្លះទៀត បានទទួល​នូវ​តំណែង ឬឋានៈ​នៅកន្លែង​ដែលពួកគេ​ធ្វើ​ការ ក្រោយពី​ទទួល​បាន​វគ្គបណ្តុះបណ្តាល​នេះ។

លោកថ្លែង​ថា៖« វគ្គបណ្តុះបណ្តាល​របស់​យើង មិនមែន​មានន័យ​ថា​ចប់​ភ្លាម យើង​ធ្វើ Survey ទេ។ បី ឬ បួនខែក្រោយ​នៃការចប់​វគ្គបណ្តុះបណ្តាល បានយើង​ធ្វើ Survey នៅក្រោយ​វគ្គ»។

កម្មវិធី​បណ្តុះបណ្តាល​បដិសណ្ឋារកិច្ច ហូកា (HoKa) ជាសមាសធាតុ​គោលមួយ​របស់​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ (Skills Development Programme) របស់​អង្គការ Swisscontact ដោយទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ពីទីភ្នាក់ងារស៊្វីស​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ និងការអភិវឌ្ឍន៍ (SDC) សម្រាប់​រយៈពេល ១២ ឆ្នាំ ចាប់ពី​ឆ្នាំ២០១៦ ដល់២០២៨។

រហូត​មកដល់​បច្ចុប្បន្ន ក្រោមកិច្ចសហការ​ដ៏ល្អ​ជាមួយ​ភាគី​ពាក់ព័ន្ធ គណៈ​កម្មការគ្រប់គ្រង​គម្រោង ហូកា បានធ្វើ​ការបណ្តុះបណ្តាល​យុវជន យុវនារី​កម្ពុជា អ្នកគ្រប់គ្រង​និង​ម្ចាស់អាជីវកម្ម​ទេសចរណ៍​បានជាង ៣ ០០០ នាក់ នៅតាម​ខេត្ត​គោលដៅ​គម្រោង​ចំនួន ១០ រួមមាន ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងបន្ទាយមានជ័យ។ ការបណ្តុះបណ្តាល​នោះ លើ​ជំនាញ​សេវាកម្ម​ម្ហូបអាហារ​និងភេសជ្ជៈ ការិយាល័យ​ជួរមុខ គេហកិច្ច ចុងភៅ មគ្គុទ្ទេសក៏​ទេសចរណ៍ សហគមន៍ និងជំនាញ​ឆុងកាហ្វេ​ជាដើម៕