ភ្នំពេញៈ ​វិស័យ​ឯកជន​ផ្នែក​ទេស​ចរណ៍​មួយចំ​នួន ​បាន​ស្នើសុំ​រាជរដ្ឋា​ភិបា​ល​ពិចា​រណា​ក្នុង​ការ​ផ្តល់​ការលើក​ទឹក​ចិត្ត និង​បន្ថែម​ផលិត​ផល​ទេស​ចរណ៍​មួយ​ចំនួន​ ដើម្បី​ដាក់​ទៅ​ក្នុង​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​អភិវឌ្ឍ​ន៍​ទេស​ចរណ៍​ឆ្នាំ​ ២០២៣-​២០៣៥ដែល​នឹង​ដាក់​ឆ្លង គណៈ​រដ្ឋ​មន្ដ្រី​នា​ពេល​ខាង​មុខ​។

​លោក ​ធួន ស៊ី​ណាន ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ ក្រុម​ហ៊ុន IMCT ខូ​អិ​ល​ធី​ឌី និង​ជា​ប្រធាន​សមា​គម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) បាន​ឱ្យ​ដឹង​ថា​ ​នៅក្នុង​សិក្ខាសា​លា​ពិគ្រោះ​យោបល់​លើ​​សេចក្តីព្រា​ង «​ផែនការ​យុទ្ធសា​ស្ត្រ​ជាតិ​អភិវ​ឌ្ឍន៍​ទេសច​រណ៍​ឆ្នាំ​២០២៣-​២០៣៥»​​ថ្មី​នេះ​ លោក​បាន​ស្នើ​សុំ​បន្ថែម​ផលិត​ផល​ទេសច​រ​ណ៍ចំនួន​៣ ដើម្បី​ជំរុញ​ការ​ទាក់​ទាញ​ភ្ញៀវទេ​សចរ​បន្ថែម​ទៀត​។​

«​ផលិត​ផល​ទេសច​រណ៍​ចំនួន​៣ រួម​មាន ​Spiritual Tourism ទេស​ចរណ៍​សាស​នា​,​ Art of Tourism ទេសច​រណ៍​សិល្បៈ (Films Tourism) និង​Fish​ing Tourism ទេសចរណ៍​នេសាទ​។ ​ក្រៅពី​សំណើ​ខាង​លើ ​ខ្ញុំបាទ​ក៏បាន​ស្នើ​សុំ ​ក្រសួង​ពិចារ​ណា​ប្រើ​បណ្ដាញ​ផ្សព្វ​ផ្សាយ​តាម​DiGITAl​ (website/App)តែ១ឬ​មិន​លើស​២ ​ដែលជា​តំណាង​ឱ្យ​ទេស​ចរណ៍​កម្ពុជា​ដើម្បី​ចៀស​វាង​ការ​យល់​ច្រឡំ និង​មាន​ភាព​ងាយ​ស្រួល​សម្រាប់​បរទេស​ស្វែងរក​ព័ត៌​មាន​ពី​កម្ពុជា​»​។ នេះ​បើតាម​ការ​បញ្ជាក់​បន្ថែម​ទៀតពី​លោក ​ធួន ស៊ីណាន​។​

​លោក​បាន​បន្ត​ថា លោក​បាន​ស្នើ​សុំ​គ្រប់​មន្ទីរ​ខេត្ត​ក្រុង​ធ្វើ​បច្ចុប្បន្ន​ភាព​តំបន់​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ កែច្នៃ​ សេវាក​ម្ម ឱ្យបាន​ទៀង​ទាត់​ដើម្បី​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ និង​គាំទ្រ​ព្រម​ទាំង​ស្នើសុំ​រាជរដ្ឋាភិ​បាល​ពិចារ​ណា​ក្នុង​ការ​លើកទឹ​កចិត្ត​ចំពោះ​ភ្ញៀវ​ដែល​ចូល​មក​កម្ពុជា​លើស​ពី​២​ដង ​ផង​ដែរ​។​

​ទាក់​ទង​នឹង​បញ្ហានេះ​ ​លោក ​ហូ វណ្ឌី​ ទីប្រឹក្សា​សមា​គម​ទីភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា ​បាន​បង្ហាញ​ការ​យល់ស្រប​ចំពោះ​ការស្នើសុំ​​របស់​ប្រធាន​សមា​គម​ទេស​ចរណ៍​អាស៊ី​ប៉ាស៊ី​ហ្វិក​កម្ពុជា​(PATACC)ដោយ​លោក​ថ្លែង​ថា ​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​អភិវឌ្ឍន៍​ទេសច​រណ៍​ឆ្នាំ​២០២៣-​២០៣៥ ​ពិតជា​ចាំ​បាច់​ខ្លាំង​ណាស់​ ដែល​ត្រូវ​ប្រមូល​ធាតុ​ចូល​ពី​វិស័យ​ឯក​ជន​ខាង​ទេស​ចរណ៍​ ដើម្បី​ជំរុញ​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​អភិ​វឌ្ឍន៍​ទេស​ចរណ៍​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។​

​លោក​បាន​បញ្ជាក់​ថា​៖«​យើង​ឃើញ​សមា​គម​នានា ​ដែល​ធ្វើការ​ពាក់​ព័ន្ធ​នឹង​វិស័យ​ទេស​ចរណ៍ ​បាន​ចូលរួម​លើក​ជា​យោ​បល់ និង​ផ្តល់​ជា​មតិ​ផង​ដែរ​ ដើម្បី​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ទេស​ចរណ៍​សំដៅ​ទាក់​ទាញ​ឱ្យ​បាន​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត ក៏​ដូច​ជា​ការ​ធ្វើ​ឱ្យ​កម្ពុជា​នឹង​ក្លាយ​ជា​គោល​ដៅ​ទេស​ចរណ៍​វប្ប​ធម៌ ដ៏​ទាក់​ទាញ​ខ្ពស់​សម្រាប់​ពិភព​លោក​»​។​

​ចំណែ​កលោ​ក ណេ​ប សាមុត​ រដ្ឋ​លេខាធិ​ការ​ក្រសួង​ទេស​ចរណ៍​ធ្លាប់​លើក​ឡើង​កាល​ពី​ពេលថ្មីៗ​នេះ​​ថា ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​នេះ​បាន​ដាក់​ចេញ​នូវ​គោល​ដៅ​យុទ្ធ​សាស្ត្រ​ចំនួន​​៣ រួមមាន​ ​ទី​១ ផ្ដោត​លើ​ការលើ​កក​ម្ពស់​ភាព​ប្រកួតប្រ​ជែង​ទេស​ចរណ៍​, ទី​២ គឺ​ផ្ដោត​លើ​ការ​លើក​កម្ពស់​និរន្ត​រភាព​ទេស​ចរណ៍ ​និង​ទី​៣ គឺ​ផ្ដោត​លើ​ការ​លើក​កម្ពស់​បរិ​យាប័ន្ន​ទេស​ចរណ៍​។​

​សូម​បញ្ជាក់​ដែរ​ថា ក្រសួង​ទេស​ចរណ៍​បាន​រៀប​ចំ​សេចក្តី​ព្រាង «​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​អភិ​វឌ្ឍន៍​ទេសច​រណ៍ ឆ្នាំ​២០២៣​-២០៣៥» ដោយ​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​នេះ ​មាន​ចក្ខុ​វិស័យ​ច្បាស់​លាស់ គឺ​នៅ​ឆ្នាំ​២០៣៥ ​កម្ពុជា​នឹង​ក្លាយជា​គោលដៅ​ទេស​ចរណ៍​វប្បធម៌​ និង​ធម្ម​ជាតិ​ប្រក​បដោយ​គុណ​ភាព​កម្រិត​អន្តរ​ជាតិ និង​ទាក់ទា​ញ​ខ្ពស់ ​ផ្ដល់នូ​វ​ធន​ធាន​ទេស​ចរណ៍​សម្បូរ​បែ​ប​។​

​​ក្រសួ​ង​បាន​បន្តថា​ កម្ពុជា​ក៏មាន​គោលការ​ណ៍​គ្រឹះ​ទេសច​រណ៍​ផ្សារ​ភ្ជាប់​នឹង​ទឹក​ដី មាន​ឧត្ដម​ភាព​ប្រ​កួត​ប្រជែង​ខ្ពស់​ជាង​មុន ​និង​មាន​ភ្ញៀវ​ទេស​ចរ​មក​កម្សាន្ត​ម្ដង​ហើយ​ម្ដង​ទៀត​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​ តាម​រយៈ​ការ​បង្កើត​ឱកាស​ការងារ និង​ចូលរួម​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រែក្លាយ​ការ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​កម្ពុជា​ជា​ក្បាល​ម៉ាស៊ីន​ដែល​ជួយ​រុញ​ដល់​កំណើន​នៃ​វិស័យ​សេដ្ឋ​កិច្ច​-​សង្គម​ដទៃ​៕