​ក្រុមហ៊ុន​រ៉ូយ៉ាល់ រ៉េ​ល​វេ ម​.​ក​(RRC) ដែល​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុ​ផលិតផល​ក្នុងស្រុក​ Royal Group បាន​រាយការណ៍ ប្រាក់ចំណូល​កើនឡើង​តិចតួច​នៅក្នុង​ត្រីមាស​ទី​១ ​ឆ្នាំនេះ ដោយសារ​សម្ពាធ​សេដ្ឋកិច្ច​ជារួម ​ដែល​បណ្តាលមកពី​ការអូសបន្លាយ​ពេលវេលា​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន​។​

​យោងតាម​ឯកសារ​របស់​ក្រុមហ៊ុន​ RRC ដែល​ផ្ញើ​ទៅ​ CSX ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េ​ល​វេ មាន​ចំណូល​សរុប​ចំនួន ១២,៧៣៦​ ពាន់​លាន​រៀល កើនឡើង​ចំនួន​ ១៥​ លាន​រៀល ស្មើនឹង ០,១២​ ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ និង​ប្រាក់ចំណេញ​សុទ្ធ​ក្នុង​ការិយបរិច្ឆេទ​៣​ខែ​ដែល​បានបញ្ចប់​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ សរុប​ចំនួន ២,៥៥៣ ​ពាន់​លាន​រៀល កើនឡើង​ចំនួន ៤,១០៨ ពាន់​លាន​រៀល​ស្មើនឹង ២៦៤,១២ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០២២​។

​ក្នុង​ចុង​ការិយបរិច្ឆេទ​នា​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៣​ ក្រុមហ៊ុន​រ៉ូយ៉ាល់ រ៉េ​ល​វេ ម​.​ក មានទ្រព្យ​សកម្ម​សរុប ចំនួន ១៤៨,៩៦៩ ​ពាន់​លាន​រៀល ធ្លាក់ចុះ​ចំនួន -៥.៨៦៣ លាន​រៀល ស្មើនឹង -៤​ ភាគរយ​ធៀប​នឹង​ចុង​ការិយបរិច្ឆេទ​នា​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២​។​

​លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន​ RRC​ បានឱ្យដឹង​នៅក្នុង​របាយការណ៍​ថា ការដាក់ឱ្យ​ប្រើប្រាស់​យុទ្ធសាស្ត្រ​រស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​១៩ របស់​ប្រទេស​កម្ពុជា កាលពី​ចុងឆ្នាំ​២០២១ បន្ទាប់ពី​ជោគជ័យ​នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ យ៉ាង​ឆាប់រហ័ស និង​ចំនួន​ច្រើន​នោះ សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ល្អប្រសើរ​ក្នុងអំឡុង​ពេលដែល​រាយការណ៍​នេះ​។​

​លោក​បាន​បញ្ជាក់ថា ធនាគារពិភពលោក​ព្យាករ​កំណើនសេដ្ឋកិច្ច​ចំនួន ៤,៨ ភាគរយ​ក្នុង​ឆ្នាំ ២០២២ ដោយសារ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ និង​ភាព​ធន់​នៃ​ឧស្សាហកម្ម​កាត់ដេរ សេវាកម្ម​ដឹកជញ្ជូន និង​ការនាំចេញ​ស្បែកជើង​។ ការមកដល់​របស់​ភ្ញៀវ​អន្តរជាតិ​សរុប​បាន​កើន​ឡើងជា​លំដាប់​។ ទំនុកចិត្ត​លើ​អាជីវកម្ម និង​អ្នកប្រើប្រាស់​បាន​កើនឡើង ហើយ​ការវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស​បាន​កើនឡើង​។ កំណើនសេដ្ឋកិច្ច​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង​ដល់​ ៥,២​ ភាគរយ​នៅ​ឆ្នាំ​២០២៣​។ ទោះជា​យ៉ាងណាក៏ដោយ​ក៏​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុ​ជា មាន​ភាព​ងាយ​ទទួលរង​គ្រោះជា​ពិសេស ​ដោ​យ​សារ​តែ​ការកើនឡើង​អតិផរណា កំណើនសេដ្ឋកិច្ច​ពិភព​លោក​​កាន់តែ​យឺត ការធ្លាក់ចុះ​នៃ​ការផ្គត់ផ្គង់​ថាមពល និង​អត្រា​ការប្រាក់​កាន់តែ​ខ្ពស់​។​

​លោក​លើកឡើងថា​៖ «​ចំពេល​បរិយាកាស​ធុរកិច្ច​ដ៏​លំបាក​ក្រុមហ៊ុន RRC បាន​ដើរតួនាទី​យ៉ាងសំខាន់​ ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព ​តាមរយៈ​ការបន្ត​ការចូល​រួមជាមួយ​អតិថិជន​ថ្មី​សម្រាប់​​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​ដោយមាន​តម្លៃ​សមរម្យ​បំផុត​ដើម្បី​សមស្រប​ជាមួយនឹង​ការផ្លាស់ប្តូរ​បរិយាកាស​សេដ្ឋកិច្ច​»​។​លោក​បន្តថា​៖ «​នៅក្នុង​ត្រីមាស​នេះ​ក្រុមហ៊ុន​ RRC បាន​ផ្សព្វផ្សាយ​យ៉ាងសកម្ម​នូវ​សេវា​រថភ្លើង​ដឹក​អ្នកដំណើរ ដែល​បាន​បង្កើត​ជុំវិញ​គំនិត​នៃ​ការចំណាយ​ពេលវេលា​ថ្ងៃបុណ្យ​ជាតិ ​ដោយ​ធ្វើដំណើរ​តាម​រថភ្លើង​ដែល​គួរឱ្យ​ចងចាំ​បំផុត​ទៅកាន់​ភាគ​ខាងជើង និង​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា​។​

​លោក​លើកឡើងថា​៖ «​ប្រាក់ចំណូល​សរុប​មាន​ចំនួន ​១២,៧៣៦ ពាន់​លាន​រៀល កើនឡើង​ ០,១២ ភាគរយ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​ក្នុង​ឆ្នាំ ២០២២​ ដោយសារតែ​ការកើនឡើង​នៃ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ដែក ​ទៅកាន់​ខ្សែ​ភាគ​ខាង​ជើង និង​ចំណូល​ដឹកជញ្ជូន​អ្នកដំណើរ​កើនឡើង នៅ​ត្រីមាស​ទី​១ ​ឆ្នាំនេះ​»​។​

​លោក​បាន​បន្តថា ជា​ផ្នែក​មួយ​នៃ​ការលើកទឹកចិត្ត​ក្នុងការ​ចុះបញ្ជី ក្រុមហ៊ុន​មួយ​នេះ បានដាក់​លិខិត​មួយ​ទៅ​ SERC កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២២​ដោយ​ស្នើសុំ​លើកលែង​បំណុល​ពន្ធ​ទាំង​អស់ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT)​ ។ នៅ​ថ្ងៃទី ៨​ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រុមហ៊ុន​បានទទួល​ការជូនដំណឹង​ពី​ SERC​ ថា​សំណើ​ត្រូវបាន​ដាក់ជូន ​GDT​។ នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២៣​សំណើ​លើកលែង​ពន្ធ​ត្រូវបាន​ផ្តល់ឱ្យ​ក្រុមហ៊ុន​ដោយ​ GDT​ដែលមាន​ចំនួន ​១ ៨៤២ ៩៧៣ ដុល្លារ​។ នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយទៀត​រហូតមកដល់​ពេលនេះ​។​

​កាលពី​ថ្ងៃទី​២៨​ ខែមេសា ក្រុមហ៊ុន RRC បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចំនួន​៣ ផ្សេងទៀត​ដើម្បី​អភិវឌ្ឍ​ដី​ដែល​មិនទាន់បាន​ប្រើប្រាស់​នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង​ប្រវែង​ ៣០០ គីឡូម៉ែត្រ ដោយ​ផ្តោតលើ​ថាមពល​កកើត​ឡើងវិញ (RE) និង​កសិកម្ម ដែល​ពាក់ព័ន្ធ​នឹង​ការសិក្សា​លទ្ធភាព​សម្រាប់​ការអភិវឌ្ឍ​ដី​ដែល​លាតសន្ធឹង​ពី​ក្រុង​ប៉ោយប៉ែ​តដល់​ខេត្ត​ព្រះសីហនុ​៕LA