កណ្តាលៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ចូលរួម​ក្នុង​ពិធី​បើកសម្ពោធ​ការដាក់ឱ្យ​ដំណើរការ​រោងចក្រ​ដំឡើង​ម៉ូតូ​អគ្គិសនី​របស់​ក្រុមហ៊ុន Verywords ក្នុង​ខេត្តកណ្ដាល ដើម្បី​ជំរុញឱ្យមាន​ការប្រើប្រាស់​យានយន្ត​អគ្គិ​ស​នី​ក្នុងប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ ដែលជា​ផ្នែក​មួយ​នៃ​ការ​កាត់​បន្ថយ​ការបំពុល​បរិស្ថាន​។​

​លោក​ ស៊ុយ សែម បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដែល​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២៦ ខែឧសភា ដោយ​លោក​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន ដែល​បាន​សហការ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល ក្នុងការ​អនុវត្ត​គម្រោង​ស្តីពី​ការបង្កើត​ប្រព័ន្ធ​នៃ​ការប្រើ​ប្រាស់​យានយន្ត​អគ្គិសនី ដោយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​កម្ពុជា និង​គម្រោង​កសាង​សមត្ថភាព​ដែលមាន​រយៈពេល ៥​ ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ ​២០២៥​។

​លោក​ក៏បាន​វាយតម្លៃ​ខ្ពស់ ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការចូលរួមចំណែក​រប​ស់​ក្រុមហ៊ុន ដើម្បី​អភិវឌ្ឍ និង​លើកស្ទួយ​សេដ្ឋកិច្ចកម្ពុជា​ដែល​ស្របតាម​គោ​លន​យោ​​បាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ២០១៥-២០២៥ និង​គោលនយោបាយ​ជាតិ​ស្ដីពី​ប្រសិទ្ធភាព​ថាមពល ២០២២-២០៣០ តាមរយៈ​ការបង្កើត​អាជីវកម្ម​ម៉ូតូ​អគ្គិសនី​នេះ​។

តាមរយៈ​ក្រសួង​រ៉ែ និង​ថាមពល លោក ​ស៊ុយ សែម ថ្លែងថា​៖ «​យើង​សង្ឃឹមថា ក្រុមហ៊ុន​នឹង​បន្ត​កិច្ច​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​បន្ថែមទៀត​ជាមួយ​ក្រសួង និង​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​លើក​​កម្ពស់​ការប្រើប្រាស់​យាន​យន្ត​អគ្គិសនី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​កាន់​​តែ​ទូលំទូលាយ​»​។​

​តាមរយៈ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ លោក​បាន​បន្ថែមថា ក្រុមហ៊ុន Verywords បានផ្តល់​ជា​គម្រោង​អភិវឌ្ឍន៍​ធនធានមនុស្ស និង​បានផ្តល់​ម៉ូតូ​អគ្គិសនី​សរុប​ចំនួន ១៦​ គ្រឿង​, ស្ថានីយ​សាក​អា​​គុយ​ចំនួន ៣​ ទីតាំង ដែល ១​ កន្លែង​នៅ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តសៀមរាប និង​ ២​ កន្លែង​នៅ​ទីស្តីការក្រសួង​រ៉ែ និង​ថាមពល​។

​ជុំវិញ​រឿងនេះ លោក នូវ​ប៉េង ច័ន្ទ​តារា អភិបាលរង​ខេត្តកណ្ដាល បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២៨​ ឧសភា​ថា ក្នុងនាម​អាជ្ញាធរ​​មូលដ្ឋាន លោក​សម្ដែង​ការ​សាទរ និង​រីក​រាយ​ជាខ្លាំង​ដែល​ខេត្តកណ្ដាល​មាន​រោង​​ចក្រ​ដំឡើង​ម៉ូតូ​អគ្គិសនី ពីព្រោះ​ការ​ដំណើរ​ការ​រោងចក្រ​នេះ នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មានឱកាស​ការ​ងារ​ធ្វើ​ច្រើន​។

​លោក​ ច័ន្ទ​តារា បញ្ជាក់ថា៖ «​ក្នុងនាម​យើង​ជា​អាជ្ញាធរខេត្ត​យើង​តែងតែ​សាទរ គ្រប់​វិនិយោគិន​ទាំងអស់​ដើម្បី​ជំរុញ​សេដ្ឋ​កិច្ច និង​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ដែល​យើង​ត្រូវការ​ការវិនិយោគ​បែប​ហ្នឹង​ខ្លាំងណាស់​សម្រាប់​ខេត្តកណ្ដាល​»​។​

​លោក​បន្តថា មួយវិញទៀត ការផលិត​ម៉ូតូ​អគ្គិសនី និង​ការប្រើប្រាស់​ម៉ូតូ​អគ្គិសនី​នេះដែរ​វា​នឹង​ជួយ​កាត់បន្ថយ​ការបំពុល​បរិស្ថាន ដែល​ទាំងនេះ វា​នឹង​ចំណេញ​ទាំង​ក្របខ័ណ្ឌ​ខេត្ត​ទាំង​ក្របខ័ណ្ឌ​ក្នុងប្រទេស និង​ក៏ដូចជា​ចូលរួម​ជួយ​ការពារ​បរិស្ថាន​ផងដែរ​៕