
តើអ្វីទៅជាគម្រោង Ponzi?
គម្រោង Ponzi គឺជាគម្រោងវិនិយោគបោកប្រាស់ដែលសន្យាថានឹងផ្តល់ប្រាក់ចំណេញខ្ពស់ជាមួយនឹងហានិភ័យយ៉ាងទាបបំផុតទៅឱ្យអ្នកដាក់ប្រាក់ ឬអ្នកវិនិយោគ។ ជាទូទៅ គម្រោង Ponzi គ្មានការវិនិយោគពិតប្រាកដឡើយ ដោយអ្នកគ្រប់គ្រងគម្រោងប្រមូលប្រាក់ពីអ្នកវិនិយោគថ្មី ដើម្បីបែងចែកឱ្យអ្នកវិនិយោគមុនៗ ហើយគម្រោងនេះនឹងដួលរលំនៅពេល ដែលពុំមានអ្នកដាក់ប្រាក់ថ្មីបន្តទៀត។ គម្រោង Ponzi ត្រូវបានដាក់ឈ្មោះតាមលោក Charles Ponzi ជាអ្នកជំនួញជនជាតិអ៊ីតាលី ដែលបានបង្កើតគម្រោងឆបោកនេះឡើងក្នុងឆ្នាំ ១៩២០។
រាល់ការវិនិយោគសុទ្ធតែមានហានិភ័យ ប៉ុន្តែស្ថិតក្នុងកម្រិតផ្សេងៗគ្នា និងលក្ខណៈសម្គាល់នៃគម្រោង Ponzi រួមមាន៖
- ធានាផ្តល់ប្រាក់ចំណេញដ៏ខ្ពស់ និងឆាប់រហ័ស។
- ហានិភ័យទាប ឬគ្មានហានិភ័យ ដែលផ្ទុយស្រឡះពីទ្រឹស្តីវិនិយោគដែលបានកំណត់ថា «ប្រាក់ចំណេញកាន់តែ ច្រើន ហានិភ័យកាន់តែខ្ពស់»។
- ជាគម្រោងមិនបានចុះបញ្ជីត្រឹមត្រូវ ឬមិនមានអាជ្ញាបណ្ណពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ដែលនិយាយក្នុងន័យសាមញ្ញថាជា «គម្រោងខ្យល់»។
- មិនមានឯកសារ ឬរបាយការណ៍ច្បាស់លាស់។
- យុទ្ធសាស្ត្រវិនិយោគស្មុគស្មាញ។ ពិបាកយល់ពីប្រភពប្រាក់ចំណេញដែលអ្នកចូលជាសមាជិកម្នាក់ៗទទួលបាន ឬតើគម្រោងនេះទទួលបានចំណូលដោយរបៀបណា ដែលការណ៍នេះអាចឱ្យយើងសន្និដ្ឋានបានថាជាគម្រោងបោកប្រាស់តែប៉ុណ្ណោះ។
តើអ្វីទៅជាគម្រោងពីរ៉ាមីត (Pyramid Scheme)?
គម្រោងពីរ៉ាមីត គឺជាប្រព័ន្ធអាជីវកម្មរកលុយបែបក្លែងបន្លំមួយ ដោយពឹងផ្អែកទាំងស្រុងទៅលើការជ្រើសរើសសមាជិកមកចូលរួមវិនិយោគនៅក្នុងគម្រោងការអាជីវកម្ម ជាជាងសកម្មភាពលក់ផលិតផល ឬផ្ដល់សេវាកម្មពិតប្រាកដ ឬមានផលិតផលដែរ តែជាផលិតផលគ្មានគុណភាព និងពិបាកលក់ចេញ។

ដើម្បីក្លាយខ្លួនជាសមាជិកនៅក្នុងអាជីវកម្មនេះបាន អ្នកវិនិយោគត្រូវបង់ប្រាក់តាមចំនួនកំណត់មួយ ជាថ្នូរទទួលបានផលចំណេញយ៉ាងច្រើនលើសលុបតាមរយៈការស្វែងរកសមាជិកមកបន្ថែម។ គម្រោងនេះធ្វើឱ្យអ្នកដាក់ប្រាក់មុនអាចទទួលបានប្រាក់មកវិញ ឬអាចចំណេញខ្លះ ដោយសារពួកគេទទួលបានកម្រៃជើងសា នៅ ពេលមានអ្នកចូលជាសមាជិកថ្មីជាបន្តបន្ទាប់ ចំណែកឯអ្នកដាក់ប្រាក់ក្រោយៗដែលនៅបាតនៃពីរ៉ាមីតនឹងត្រូវប្រឈមបាត់បង់ប្រាក់របស់ខ្លួនទាំងស្រុង។ គេដាក់ឈ្មោះគម្រោងបែបនេះថាគម្រោងពីរ៉ាមីត គឺដោយសារការបែងចែកប្រាក់កម្រៃជើងសាតាមទម្រង់ប្រាសាទពីរ៉ាមីត។
លក្ខណៈសម្គាល់នៃគម្រោងពីរ៉ាមីត រួមមាន៖
- ផ្តោតសំខាន់ក្នុងការស្វែងរកសមាជិកថ្មីជាបន្តបន្ទាប់ ប៉ុន្តែគ្មានផលិតផល,ផ្ដល់សេវាកម្មពិតប្រាកដ ឬមានផលិត-ផលដែរ តែជាផលិតផលគ្មានគុណភាព និងពិបាកលក់ចេញ។
- ធានាផ្តល់ប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លី។
- ចំណូលអកម្ម ដែលជាទូទៅអ្នកចូលជាសមាជិកមិនមានតម្រូវឱ្យធ្វើការងារពិតប្រាកដណាមួយ ក្រៅពីរកសមាជិកថ្មីនោះទេ។
- មិនមានឯកសារច្បាស់លាស់ ដូច នឹងគម្រោង Ponzi ដែរ ជាពិសេសមិនមានរបាយការណ៍ហិរញ្ញវត្ថុដែលត្រួតពិនិត្យដោយសវនករឯករាជ្យឡើយ។
- ពិបាកយល់ពីប្រភពប្រាក់ចំណេញដែលអ្នកចូលជាសមាជិកម្នាក់ៗទទួល បាន ឬតើគម្រោងនេះទទួលបានចំណូល ដោយរបៀបណា ដូច្នេះមិនសមហេតុផលដែលនាំឱ្យគម្រោងនេះមានប្រាក់ចំណេញពិតប្រាកដ ដើម្បីបែងចែកទៅឱ្យសមាជិកនោះទេ។
ការការពារខ្លួនពីគម្រោងខុសច្បាប់
ដើម្បីការពារខ្លួនពីគម្រោងខុសច្បាប់ទាំងនោះ សាធារណជនគប្បីសិក្សាស្វែងយល់ពីគម្រោងឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគដូចខាងក្រោម៖
- ត្រូវមានការប្រុងប្រយ័ត្នពីគម្រោងវិនិយោគដែលមានការធានាក្នុងការ ផ្តល់ប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លី។
- ព្យាយាមសាកសួរព័ត៌មានឱ្យបានលម្អិតពីក្រុមហ៊ុន ដូចជាផែនការ អាជីវកម្ម ឬផែនការវិនិយោគ
- មានការអនុញ្ញាត ឬទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធ ឬទេ?
- តើការប្រមូលប្រាក់ពីសាធារណជនមានការអនុញ្ញាតជាមុនពីនិយ័តករមូលបត្រកម្ពុជាឬទេ?
- បង្កើនចំណេះដឹងតាមរយៈការចូលរួមកម្មវិធីផ្សេងៗដូចជាសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលជាដើម។

សូមបញ្ជាក់ផងដែរថា ករណីប្រមូល ប្រាក់ពីសាធារណជន ដើម្បីយកទៅវិនិយោគលើគម្រោងវិនិយោគជាក់លាក់ណាមួយ និងយកប្រាក់ចំណេញដែលទទួលបានមកបែងចែកដល់អ្នកដាក់ប្រាក់វិនិយោគនោះ គឺជាគម្រោងវិនិយោគរួមដែលជាប្រភេទមួយនៃមូលបត្រ ដោយត្រូវតែទទួលបានអាជ្ញាបណ្ណជាមុនពីនិយ័តករមូលបត្រកម្ពុជា ដែលទីផ្សារថ្មីនេះនឹងត្រូវដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២៣ នេះ៕
យោង៖ ដកស្រង់ពីគេហទំព័រ
https://www.investopedia.com/ask/answers/09/ponzi-vs-pyramid.asp
រៀបចំដោយ៖ និយ័តករមូលបត្រកម្ពុជានាយកដ្ឋានកិច្ចការគតិយុត្ត
អ៊ីមែល៖ investigation@serc.gov.kh
ទូរស័ព្ទ៖ ០២៣ ៨៨៥ ៦១១