​ភ្នំពេញៈ ក្នុងជំនួប​ពិភាក្សា​ការងារ​ជា​​មួយ​គណៈប្រតិភូ​ក្រុង​ឈី​ចូ​វ ខេត្ត​ជឺ​ជាំ​ង ប្រទេស​ចិន កាលពី​ទី ​២៧ ខែឧសភា ឆ្នាំ​ ២០២៣ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​លើកឡើងថា ក្នុងនាម​រដ្ឋបាលខេត្ត លោក​សូម​គាំទ្រ​ទាំង​​ស្រុង និង​ស្វាគមន៍​ជានិច្ច​ចំពោះ​ដៃគូ​វិនិយោគ​មកពី​ក្រុង​ឈី​ចូ​វ ប្រទេស​ចិន ដែលមាន​ចំណាប់អារម្មណ៍​មក​បណ្តាក់​ទុន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​​សេង ក្រុង​បាវិត​។​

​លោក វិបុល បានឱ្យដឹងថា​៖ «​ខេត្តស្វាយរៀង មាន​ទីតាំង​ភូមិសាស្ត្រ ដែលមាន​សក្ដានុពល​ស​ម្រា​ប់​ការវិនិយោគ ជាពិសេស​ការបើក​រោង​ចក្រ​សហគ្រាស ដោយសារ​ខេត្ត​មាន​តំបន់​សេដ្ឋកិច្ច​ដ៏​ទាក់ទាញ​។ ការវិនិយោគ​បើក​រោងចក្រ​ថ្មីៗ​នេះ​នឹង​នាំមក​នូវ​ផលប្រយោជន៍​ជា​ច្រើន​តាមរយៈ​ការផ្តល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​»​។​

​លោក​បន្តថា នេះ​ជា​កិច្ចការ​សំខាន់​ដែល​រដ្ឋបាលខេត្ត​តែង​យកចិត្តទុកដាក់ រួមទាំង​ការរក្សាសន្តិសុខ សុវត្ថិភាព​ជូនទៅ​ដល់​ក្រុមហ៊ុន​ទាំងអស់​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ផងដែរ​។​

​យោងតាម​រដ្ឋបាលខេត្ត​ស្វាយរៀង លោកស្រី ធៀន ជីន អភិបាលរងក្រុង​ឈី​ចូ​វ ខេត្ត​ជឺ​ជាំ​ង បាន​លើកឡើងថា ក្រោយ​បាន​ពិនិត្យ​ទីតាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​រួចមក គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង ក្រុង​បាវិត ពិតជា​ទីតាំង​ដ៏​ទាក់ទាញ​សម្រាប់​ការបណ្តាក់ទុន​វិ​និ​​យោគ នៅលើ​ទឹកដី​ខេត្តស្វាយរៀង​។​

​លោកស្រី​និយាយថា​៖ «​យើង​នឹង​ទាក់ទាញ​វិនិយោគិន​ចិន​ដែលជា​ដៃគូ​វិនិយោគ​របស់​យើង​ឱ្យមក​បណ្តាក់ទុន​បន្ថែម​ទៀត ទៅលើ​វិស័យ​ឧស្សាហកម្ម​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង ក្រុង​បាវិត ខេត្តស្វាយរៀង ដែលជា​តំបន់​ដ៏​ទាក់ទាញ​»​។​

​ចំពោះ​ការវិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​អំឡុងពេល​ចុះទៅ​ជួប​សំណេះ​សំ​ណា​ល​ជាមួយ​កម្មករនិយោជិត នៅ​ខេត្ត​ព្រះសីហនុ កាលពីពេល​ថ្មីៗ​នេះ បាន​លើកឡើងថា លោក និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជានិច្ច​​កាល តែង​រួមគ្នា​ថែរក្សា អភិវឌ្ឍ និង​ពង្រឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា ឱ្យក្លាយ​ទៅជា​តំបន់​ដ៏​ទាក់ទាញ​សម្រាប់​ការវិនិយោគ​។​

​លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​នៅពេលដែល​តំបន់​សេដ្ឋកិច្ច​រឹងមាំ ហើយ​កាន់​តែមាន​សក្តានុពល នោះ​នឹង​អាច​ដោះស្រាយបាន​រឿង​ការងារ ដោះ​ស្រាយ​ការនាំ​ចេញទៅ​ក្រៅប្រទេស រាប់ទាំង​ប្រទេស​ចិន​ខ្លួនឯង​ផងដែរ​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២៨ ខែឧសភា ថា ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ពិត​ជាមាន​អត្ថប្រយោជន៍​សម្រាប់​អ្នក​វិ​និ​យោគ ដោយសារតែ​វា​មាន​លក្ខណៈ​ប្រមូលផ្តុំ ដែល​អាច​បង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​អ្នកវិនិយោគ ដែលមាន​បំណង​ចង់​មក​បើក​រោងចក្រ​សហគ្រាស ឬ​ឧស្សាហកម្ម​កែច្នៃ នៅ​កម្ពុជា​។​

​លោក​បាន​ថ្លែងថា​៖ «​ជាការ​ត្រឹមត្រូវ​ណាស់ ដែល​រដ្ឋាភិបាល​លើកទឹកចិត្ត​ដល់​ការវិនិយោគ​នៅតាម​តំបន់​សេដ្ឋកិច្ច​ពិសេស ព្រោះ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​កន្លែង​ដែលមាន​ទីតាំង​យុទ្ធសាស្ត្រ​ត្រៀម​រួចជាស្រេច​សម្រាប់​អាជីវកម្ម និង​ការវិនិយោគ​ដំណើរការ​ជាមួយនឹង​ភាព​ងាយស្រួល​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទិន្នផល​នាំចេញ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​កើនឡើង​យ៉ាង​​ខ្លាំង​។ ជាទូទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សមស្រប​បំផុត​ដើម្បី​ជួយ​ឱ្យ​អាជីវកម្ម​របស់​អ្នក​រីកចម្រើន និង​ជោគជ័យ​»៕