ភ្នំពេញៈ កម្ពុជារកចំណូលបានជិត ៩៨០ លានដុល្លារពីការនាំចេញម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា នៅក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៣ កើនជាង ៩៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើតាមស្ថិតិពាណិជ្ជកម្មនាំចេញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តារាងទិន្នន័យឱ្យដឹងថា ចន្លោះពីខែមករា-ខែមេសា ឆ្នាំ ២០២៣ ទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំចេញជំពូកទំនិញ (HS ២ខ្ពង់) លេខកូដ ៨៥ រួមមាន ម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា ទៅទីផ្សារអន្តរជាតិ គឺ ៩៧៩,០៦ លានដុល្លារ កើនឡើង ៩៤,២ ភាគរយធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលមាន ៥០៤,០៤ លានដុល្លារ។ ចំនួនទឹកប្រាក់នេះស្មើនឹង ១៣,៥ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាដែលមានចំនួន
៧ ២៣៤,១២ លានដុល្លារ។
ផ្អែកតាមទិន្នន័យខាងលើ គឺក្នុងខែមេសា ឆ្នាំ ២០២៣ ការនាំចេញម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា មានទឹកប្រាក់ ២៤២,២៨ លានដុល្លារ កើនឡើង ៧៤,៦ ភាគរយធៀបនឹងខែមេសា ឆ្នាំ ២០២២ ដែលមានចំនួន ១៣៨,៧៦ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែឧសភាថា ការនាំចេញម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា ដែលកើនឡើងជារៀងរាល់ឆ្នាំ គឺដោយសារកម្ពុជាមានទីផ្សារប្រទេសធំៗច្រើនចាំទទួលទិញដូចជា អាមេរិក អឺរ៉ុប ជប៉ុន និងកូរ៉េ។ កំណើនទឹកប្រាក់នាំចេញទាំងអស់នេះ ព្រោះតែកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធនាំចូលទៅប្រទេសជាច្រើនផងដែរ។
លោកលើកឡើងទៀតថា ទន្ទឹមនឹងកំណើនទឹកប្រាក់នាំចេញនេះ កម្ពុជាក៏កំពុងទាក់ទាញបានរោងចក្រផលិតផលិតផលទាំងនេះឱ្យមកវិនិយោគកាន់តែច្រើន។ បន្ថែមលើនេះ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ, និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏នឹងជួយទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
លោកថ្លែងថា៖ «កត្តាច្បាប់វិនិយោគ ទីតាំងភូមិសាស្ត្រ សម្បូរកម្លាំងពលកម្ម ព្រមទាំងជម្លោះពាណិជ្ជកម្មរវាងប្រទេសធំៗបានក្លាយជាឱកាសរបស់កម្ពុជាក្នុងការទាក់ទាញគម្រោងវិនិយោគនានាឱ្យប្តូរទីតាំងមកប្រទេសកម្ពុជាដើម្បីផលិតសម្រាប់នាំចេញ»។ លោកបន្តថា៖«នៅពេលកម្ពុជាអាចផលិតផលិតផលខាងលើបានកាន់តែច្រើន វាក៏នឹងជួយទាក់ទាញក្រុមហ៊ុនផលិតរថយន្ត និងឧស្សាហកម្មធំៗឱ្យមកវិនិយោគផ្ទាល់កាន់តែច្រើន»។
លោកប្រាប់ទៀតថា ការនាំចេញនឹងមានបរិមាណកាន់តែច្រើននៅពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកដំណើរទៅមុខកាន់តែរលូន។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ការទទួលបានភាពអនុគ្រោះពន្ធពីប្រទេសធំៗបានធ្វើឱ្យចំនួនក្រុមហ៊ុនមកបណ្តាក់ទុននៅកម្ពុជាកើនឡើងជាបន្តបន្ទាប់។ អ្វីដែលគួរឱ្យកត់សម្គាល់នៅពេលនេះ គឺប្រភេទនៃការបណ្តាក់ទុនមានលក្ខណៈចម្រុះ។ ការបង្កើតភាពចម្រុះនេះ គឺមានភាពចាំបាច់ណាស់សម្រាប់ផែនការបង្កើនការនាំចេញទៅនៅទីផ្សារអន្តរជាតិ ព្រោះបើសិនផលិតផលណាមួយមានបញ្ហាក្នុងការបញ្ជាទិញ គឺកម្ពុជានៅមានផលិតផលចម្រុះជាច្រើនទៀតមកជំនួស។ នេះគឺជាការធ្វើពិពិធកម្មសម្រាប់ទំនិញនាំចេញពីកម្ពុជា។
លោកបញ្ជាក់ថា៖ «តាមរយៈកំណើននេះ ខ្ញុំរំពឹងថានឹងមានរោងចក្រផលិតផលិតផលសម្រេចជាច្រើនចូលមកបើកដំណើរការនៅកម្ពុជាតែម្តង»។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងឆ្នាំ ២០២២ កម្ពុជាប្រមូលបានប្រាក់ ១ ៩៩៨,១៩ លានដុល្លារពីការនាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែករបស់វា កើនឡើង ៨៤,៨ ភាគរយធៀបនឹងឆ្នាំ ២០២១ ដែលមាន ១ ០៨១,១ លានដុល្លារ។ ទឹកប្រាក់នាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែករបស់វា ស្មើនឹង ៨,៩ ភាគរយនៃចំនួនទឹកប្រាក់នាំចេញសរុបដែលមានចំនួន ២២ ៤៨២,៩៣៧ លានដុល្លារ៕