
វិភាគដោយ៖ លោក Naoto Arase ប្រធានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុនៃក្រុមហ៊ុន PP Link Securities

កាលពីសប្តាហ៍មុន USD/JPY បានកើនឡើងដោយសារតែការកើនឡើងហានិភ័យ និងការលក់ប្រាក់យ៉េន ដែលដំបូងឡើយត្រូវបានជំរុញដោយការកើនឡើងតម្លៃភាគហ៊ុនរបស់ជប៉ុន។ ទោះបីជាមានការធ្លាក់ចុះខ្លះ នៅពាក់កណ្តាលសប្តាហ៍នេះ ប្រាក់ដុល្លារបានកើនឡើង ដោយសារមានការលើកឡើងពីមន្ត្រីធនាគារកណ្តាល សហរដ្ឋអាមេរិក ដែលបង្ហាញពីជំហរដំឡើងអត្រាការប្រាក់ ដែល នាំឱ្យទិន្នផលសញ្ញាបណ្ណរតនាគារអាមេរិកកើនឡើងខ្ពស់។
សូចនាករសេដ្ឋកិច្ចផ្អែកលើការងារសំខាន់ៗ នៅសហរដ្ឋអាមេរិក ជាមួយនឹងការប្រកាសឱកាសការងារ នៅថ្ងៃព្រហស្បតិ៍នេះ ក៏ដូចជាទិន្នន័យអ្នកមានការងារធ្វើនៅថ្ងៃសុក្រ នឹងអាចជះឥទ្ធិពលដល់ធនាគារកណ្តាល ថាតើនឹងដំឡើងអត្រាការប្រាក់ក្នុងខែ មិថុនា ឬយ៉ាងណា។ បច្ចុប្បន្ននេះ លទ្ធភាពនៃការដំឡើងអត្រាការប្រាក់ (0,២៥%) មានរហូតដល់ ៦៩%។
ជុំវិញបញ្ហានេះ ទីផ្សារមានការប្រុងប្រយ័ត្ន ចំពោះការអន្តរាគមន៍ ដោយប្រទេសជប៉ុន ដើម្បីទិញប្រាក់យ៉េន ដែលបណ្តាល ឱ្យ USD/JPY ធ្លាក់ចុះដល់ ១៣៩,៦០ ក្នុងអំឡុងពេលចាប់ផ្ដើមនៃម៉ោងជួញដូរនៅញូវយ៉ក។ ក្រោយមក USD/JPY បានស្ទុះងើបឡើងវិញដល់តម្លៃ ១៤០,១២ នៅម៉ោង ១០ ព្រឹក ខណៈដែលទិន្នផលសញ្ញាបណ្ណរយៈពេល ១០ ឆ្នាំ បានកើនឡើង។
មានភាពមិនច្បាស់លាស់មួយចំនួន អំពីការអនុម័តកិច្ចព្រមព្រៀងពិតានបំណុល នៅក្នុងសភាតំណាងរាស្ត្រ ក៏ដូចជាការប្រុងប្រយ័ត្នអំពីអន្តរាគមន៍របស់ជប៉ុន នៅក្នុងទីផ្សារប្តូរប្រាក់បរទេស ប្រសិនបើគូនេះឡើងថ្លៃលើសពី ១៤០ យ៉េន។
សម្រាប់ការវិភាគជួញដូរក្នុងសប្តាហ៍នេះ គូជួញដូរ USD/JPY អាចប្រែប្រួលក្នុងចន្លោះពី ១៣៨,០០ ទៅ ១៤១,០០ យ៉េន៕
