ភ្នំពេញៈ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​សភាពាណិជ្ជកម្ម​កម្ពុជា ​(CCC) បានឱ្យដឹងថា ស្ថាប័ន​ពាណិជ្ជ​​កម្ម​កំពូល​របស់​កម្ពុ​ជាមួយ​នេះ កំពុង​សម្លឹងមើល​ការពង្រីក​កា​រិ​យា​ល័យ​តំណាង​របស់ខ្លួន​នៅ​ទីក្រុង​កេ​ប៊ិក ប្រទេស​កាណាដា និង​ទីក្រុង​បាងកក ប្រទេស​ថៃ នា​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ បន្ទាប់ពី​លទ្ធផល​វិជ្ជមាន​នៃ​ការ​បើក​ការិយាល័យ​តំណាង​មួយចំនួន​រួចមក​។​

​លោក ងួន ម៉េង​តិច អគ្គនាយក CCC បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣១ ​ឧសភា​ថា CCC គ្រោង ពង្រីក​ការិយាល័យ​តំណាង​នៅ​ទីក្រុង​កេ​បិ​ច (Quebec)​ បន្ទាប់ពី​ការ​បើក​នៅ​ក្រុង​តូ​រ៉ុ​ន​តូ​ (Toronto) កាលពី​ខែឧសភា ឆ្នាំ ​២០២២ ខណៈ​ការបើក​នោះបាន​ទទួល​ការចាប់អារម្មណ៍​ច្រើន​ពី​វិ​និ​យោគិន និង​ពាណិជ្ជករ​។​

​លោក​ថ្លែងថា​៖ «​យើង​សង្កេតឃើញថា ចាប់តាំងពី​បើក​នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ យើង​បានផ្ដល់ និង​ផ្សព្វផ្សាយ​អំពី​បរិយាកាស​វិនិយោគ វិស័យ​សក្តានុពល និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ​ក្នុងប្រទេស​យើង​ដល់​វិនិយោគិន​។ មកដល់ពេលនេះ យើង​ក៏​មើលឃើញ​មានការ​ចូលរួម​មួយចំនួន​ជា​មួយ​ពួកគេ​ផងដែរ​»​។​

​លោក​បន្ថែមថា​៖ «​ពេលនេះ​យើង​គ្រោង​នឹង​បើក​ការិយាល័យ​តំណាង​ ១​ ទៀត​នៅក្នុង​ទីក្រុង​កេ​បិ​ច ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​។ ទន្ទឹមនេះ​យើង​ក៏មាន​គម្រោង​បើក​ការិយាល័យ​តំ​ណា​ង​នៅ​ទីក្រុង​បាងកក​ផងដែរ ដោយសារតែ​យើង​មើលឃើញថា​លំហូរ​នៃ​ការផ្លាស់ប្តូ​រពា​ណិ​ជ្ជ​កម្ម និង​ការវិនិយោគ​រវាង​ប្រទេស​យើង​បាន​កើនឡើង​ពី​ ១ ​ឆ្នាំទៅ​ ១​ ឆ្នាំ​»​។​

​តាំងពី​ខែឧសភា ឆ្នាំ ​២០២២ ​មក CCC បាន​បើក​ដំណើរការ​ដំបូង​នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ ប្រទេស​កាណាដា បន្ទាប់មក​នៅ​តំបន់​សេន​ដាយ ប្រទេស​ជប៉ុន និង​ ២ ​ទៀត​នៅ​ទីក្រុង​មែ​ល​ប៊​ន និង​ស៊ីដនី ប្រទេស​អូស្ត្រាលី​។​

​លោក គី សេរី​វឌ្ឍន៍ អ្នក​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​និយាយថា ការិយាល័យ​តំណាង​ពាណិជ្ជ​​កម្ម​របស់​កម្ពុជា​នៅក្រៅ​ប្រទេស​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់ព័ត៌មាន​ស្តី​ពីបទ​ប្បញ្ញត្តិ​វិនិយោគ គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល ក៏ដូចជា​វិស័យ​សក្តានុពល​ដល់​វិនិយោគិន​មុន​ពួកគេ​ដាក់​ការវិនិយោគ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​គាំទ្រ​ឱ្យមាន​ការិយាល័យ​ពាណិជ្ជកម្ម​បន្ថែមទៀត​នៅ​បរទេស ព្រោះ​យើង​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​។ យើង​អាចមាន​ការចូល​​រួម​ដោយផ្ទាល់​ជាមួយ​ក្រុមហ៊ុន និង​វិនិយោគិន ហើយ​យើង​ក៏​យល់ដឹង​អំពី​តម្រូវការ បញ្ហា​ប្រ​​ឈម និង​ផែនការអាជីវកម្ម​រប​ស់​ពួកគេ​ផងដែរ​»​។​

​ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា និង​កាណាដា ក្នុង​ឆ្នាំ ​២០២២ មានតម្លៃ ១,១៥ ​ពាន់​លាន​ដុល្លារ កើន ១៦,០៦ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២១​។ ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាណាដា មាន​ចំនួន ១,១២​ ពាន់​លាន​ដុល្លារ កើន ​១៧,៣៦ ​ភាគរយ និង​ការ​នាំចូល​ពី​កាណាដា មាន​ចំនួន ៣៣,៨៧៧​ លាន​ដុល្លារ ធ្លាក់​ចុះ ១៥,០៧ ​ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕